ក្រុម​«បន្ទប់​ស្ថានការណ៍»​ ​បដិសេធ​ថា​ខ្លួន​មិន​មាន​មហិច្ឆតា​ធ្វើ​បដិវត្តន៍​ពណ៌​ទេ

ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​នាថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ បាន​វាយតម្លៃ​ចុងក្រោយ​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅមិន​ទាន់​សេរី​ និត​យុត្តិធម៌​ពេញ​លេញ។ (ហ៊ុល​ រស្មី/VOA)

លោក​ យឿង សុធារ៉ា​ មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​មាន​ចិត្ត​ធំ ចង់​ផ្តុំ​គ្នា​បង្កើត​បដិវត្តន៍​ពណ៌​ ​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​ដែល​ជា​សមិទ្ធផល​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​នោះ​ឡើយ។

ដោយ​មិន​ពេញចិត្ត​ការ​វាយតម្លៃ​ពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​របស់​បន្ទប់​ស្ថានការណ៍​ដែល​ថា​ មិន​ទាន់​មាន​សេរីភាព​ និង​យុត្តិធម៌​ពេញលេញ​ក្នុង​ការ​បោះឆ្នោត​នោះ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ហ៊ុន សែន​ ​បាន​ដាក់​ការ​សង្ស័យ​ថា​ បន្ទប់​ស្ថានការណ៍​ជា​ទី​តាំង​នៃ​ការ​អនុវត្តន៍​គោលការណ៍​បដិវត្តន៍។​ ​ប៉ុន្តែអ្នក​ប្រតិបត្តិការ​បន្ទប់​ស្ថានការណ៍​ដែល​ចាត់​ចែង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​ ៤០​ និយាយ​ថា​ ​លោក​ ​ហ៊ុន សែន​ មាន​ការ​យល់​ច្រឡំ​ ហើយ​ពួក​គេ​ថា​ ពួក​គេ​មិន​មាន​មហិច្ឆតា​ធ្វើ​បដិវត្តន៍​ ​បំផ្លាញ​សុខ​សនិ្តភាព​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ក្រុម​អ្នក​ចាត់ចែង​បន្ទប់​ស្ថានការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ច្រានចោល​ការ​ចោទប្រកាន់​នានា​ ​ពី​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក ​ហ៊ុន សែន​ ​ដែល​បាន​ថ្លែង​ថា​ ​បន្ទប់​ស្ថានការណ៍​ អាច​ជា​មូលដ្ឋាន​នៃ​ការ​បញ្ជា​គោលការណ៍​របស់​ចលនា​បដិវត្តន៍​ពណ៌។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ពួក​គេ​បាន​ច្រានចោល​ផង​ដែរ​ ​នូវពាក្យ​ចចាមអារ៉ាម​ ដែល​ថា​ ពួកគេ​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​លោក ​ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ។

​ថ្លែង​បាន​ប្រាប់​ VOA​ តាម​រយៈ​ទូរស័ព្ទ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក (Messenger) ​ពី​ប្រទេស​អូស្ត្រាលី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ (Central) ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ​ចូលរួម​ក្នុង​បន្ទប់​ស្ថានការណ៍​ និយាយ​ថា​ លោក​ ហ៊ុន​ សែន​ ​យល់​ខុស​ពី​គោលបំណង​របស់​បន្ទប់​ស្ថានការណ៍​ទាំងស្រុង។​

លោក​ ​មឿន តុលា ថ្លែង​ថា៖

«ខ្ញុំ​ថា​ជា​ការ​គិត​របស់​នាយក​រដ្ឋមន្រ្តី​ គ្រាន់​តែ​ជា​អារម្មណ៍​របស់​គាត់​ទេ​ ក៏ប៉ុន្តែ​ដូច​ជា​អត់​ពិត​អញ្ចឹង​ទេ។​ វា​អត់​មាន​មូលដ្ឋាន​អី​ដែល​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះឆ្នោត​ វា​ទៅ​ជា​បណ្តុំ​បដិវត្តន៍​ពណ៌​ វា​អត់​ត្រូវ។ ហើយ​យើង​បក​ បក​ប្រែ​បដិវត្តន៍​របៀប​ម៉េច​ អាហ្នឹង​វា​អត់​ត្រូវ​ទេ។ ហើយ​បើ​សិន​ជា​អញ្ចឹង​ បដិវត្តន៍​ពណ៌​ដដែល​ អង្គការ​ផ្សេងៗ​ ដែល​ឃ្លាំ​មើល​ ឬ​ក៏​អង្កេត​ការណ៍​នៃ​ការ​បោះឆ្នោត​ហ្នឹង​ ទៅ​ជា​ខុសច្បាប់​អស់​ហើយ​ អញ្ចឹង​នោះ។ ហើយ​នៅ​ប្រទេស​ណា​ ក៏​គេ​មាន​ការ​ឃ្លាំមើល​ពី​ គេ​ហៅ​អ្នក​អង្កេត​ការណ៍​ឯករាជ្យ​អញ្ចឹង​ដែរ»។

​ស្រប​គ្នា​នោះ​ដែរ​ ​លោក​ យឿង សុធារ៉ា​ មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​មាន​ចិត្ត​ធំ ចង់​ផ្តុំ​គ្នា​បង្កើត​បដិវត្តន៍​ពណ៌​ ​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​ដែល​ជា​សមិទ្ធផល​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​នោះ​ឡើយ។

លោក​ យឿង សុធារ៉ា បញ្ជាក់​ប្រាប់ VOA ថា៖

«មិន មិន​អាច​ទេ​ យើង​មិន​ថ្លើម​ធំ​ដល់​ប៉ុណ្ណោះ​ទេ​ យើង​មិន​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នោះ​ទេ​ នោះ​ជា​សកម្មភាព​ដែល​ល្មើស​ច្បាប់​ ហើយ​ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​ យើង​មិន​អាច​ទៅ​បំផ្លាញ​សន្តិភាព​ដែល​បាន​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រួម​ជាមួយ​នឹង​ប្រជាជន​កម្ពុជា​ រាប់​ទសវស្សរ៍​មក​ទេ យើង​មិន​ហ៊ាន​ថ្លើម​ធំ​ដល់​ប៉ុណ្ណោះ​ទេ។ យើង​ទាំង​អស់​គ្នា​ធ្វើ​ដើម្បី​សន្តិភាព​ ដើម្បី​ស្ថិរភាព​ ដើម្បី​ការ​អភិវឌ្ឍ​សម្រាប់​សង្គម​កម្ពុជា​ទាំង​មូល»។

រូបឯកសារ៖ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

​«បន្ទប់​ស្ថានការណ៍‍»​ ដែល​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៤០​ ចូលរួម​ឃ្លាំ​មើល​ការ​បោះឆ្នោត ឃុំ​សង្កាត់​កន្លង​ទៅ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ លើ​បញ្ហា​មួយ​ចំនួន​ ​ដែល​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះ​ឆ្នោត​ ដូច​ជា​បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ វិសមភាព​ហិរញ្ញវត្ថុ​ឃោសនា​បោះឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ និង​តម្លាភាព​ ​ទីលាន​ប្រជែង​នយោបាយ​ខ្វះ​សមភាព​ និង​ភាព​ចម្រូងចម្រាស​នៃ​បទបញ្ញត្តិ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​បោះឆ្នោត ​និង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។ ​

ជាង​នេះ​ទៀត​ ​កង្វះ​ឯករាជ្យភាព​របស់​មន្ត្រី​តុលាការ​ ​និង​ការ​លម្អៀង​នយោបាយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដែល​ដាក់​សម្ពាធ​ដល់​សេរីភាព​បញ្ចេញ​មតិ​ ​និង​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង​ ​និង​សមាគម​ ​សហជីព​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គឺ​ជា​មូលហេតុ​នាំឲ្យ​បរិយាកាស​សម្រាប់​ដំណើរការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព​ និង​ខ្វះ​យុត្តិធម៌​ពេញ​លេញ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​ក្រុម​អង្គការ​ទាំង​នោះ​ លោក​ ហ៊ុន​ សែន​ ​ដែល​កាន់អំណាច​ជាង​បី​ទសវត្សរ៍​ ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ក្រុម​បន្ទប់​ស្ថានការណ៍។​ ក្នុង​ពិធី​រំលឹក​ខួប​ទី​៦៦​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ពុធ​ ​លោក​បាន​ដាក់​ការ​សង្ស័យ​លើ​បន្ទប់​ស្ថានការណ៍​ថា​ ​អាច​ជា​បណ្តាញ​នៃ​បដិវត្តន៍​ពណ៌​ ដែល​លោក​បាន​លើក​ឡើង​ជា​រឿយៗ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក។​ នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ ​បាន​បញ្ជា​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ ពិនិត្យ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​ប្រតិបត្តិការ​បន្ទប់​ស្ថានការណ៍​នេះ។

រូបឯកសារ៖ លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central) ប្រាប់​ វីអូួអេ​ នៅ​ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ អំពីភាពមិនប្រក្រតី​មួយចំនួន​តូចដែលកើត​មាន​នៅថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

យ៉ាងណា​ក៏​ដោយ​ ​លោក​ មឿន តុលា​ ​មានប្រសាសន៍​ប្រាប់​ VOA ​បន្ថែម​ថា​ ​បន្ទប់​ស្ថានការណ៍​ត្រូវ​បាន​រៀបចំ​ និង​ចាត់​ចែង​ដោយ​បណ្តុំ​អង្គការ​ក្រៅរដ្ឋាភិបាល​ ​ដែល​សុទ្ធតែ​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ​ ​ដូច្នេះ​លោក​ ​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្នុង​ការ​រៀបចំ​បន្ទប់​នេះ​ ដើម្បី​អង្កេត​ស្ថានភាព​បោះឆ្នោត​កន្លង​មក​ ​មិន​មាន​ការ​ព្រួយបារម្ភ​ពី​ការ​វាយបក​ខាង​ច្បាប់​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នោះ​ទេ។

«បន្ទប់​ស្ថានការណ៍​ហ្នឹង​ វា​មិន​មែន​ជា​ស្ថាប័ន​ទេ​ វា​គ្រាន់​តែ​ជា​គម្រោង​ ហើយ​បើ​ជា​គម្រោង​ អ្នក​ដែល​អនុវត្ត​ គម្រោង​ហ្នឹង​បាន​មាន​ច្បាប់​អនុញ្ញាត​ ពី​ក្រសួង​មហាផ្ទៃ​រួច​ហើយ​ អញ្ចឹង​បើ​សិន​ជា​បន្ទប់​ស្ថានការណ៍​ហ្នឹង​ វា​ជា​ស្ថាប័ន​ អាហ្នឹង​បាន​ត្រូវ​សុំ​ច្បាប់​ ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ប៉ុន្តែ​បន្ទប់​ស្ថានការណ៍​ហ្នឹង​ ​វា​គ្រាន់​តែ​ជា​គម្រោង​មួយ​ដែល​វា​កើត​ក្នុង​រយៈពេល​ខ្លី​ហើយ​ វា​រលាយ​ទៅវិញ អញ្ចឹង​មាន​អី​ត្រូវ​ចុះបញ្ជី​អាហ្នឹង»។

លោក​ មឿន តុលា​ បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ​បាន​ចាក​ចេញ​ពី​ប្រទេស​ ដោយ​បារម្ភ​ពី​ការ​គំរាម​កំហែង​នានា​ក្រោយ​ការ​បោះឆ្នោត​ពី​រដ្ឋាភិបាល។​ លោក​ថា​ លោក​បាន​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​ មួយ​សប្តាហ៍​មុន​ការ​ប្រតិកម្ម​របស់​លោក ​ហ៊ុន សែន​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ ​លោក​បញ្ជាក់​ថា ក្រៅ​ពី​រូប​លោក​ ក៏​មាន​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ បាន​ចេញ​ពី​ប្រទេស​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នានា​ជាមួយ​ប្រទេស​ដែល​ជា​ដៃគូ​ក្នុង​ការ​អនុវត្ត​គម្រោង​នានា។

«បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​មក​គឺ​ ​យើង​មាន​បេសកកម្ម​មួយ​ចំនួន​ចេញ​មក​ក្រៅ​ប្រទេស​ គ្រាន់​ថា​ ការ​ចេញ​ហ្នឹង​ វា​មិនមែន​រឿង​មួយ​ដោយសារ​តែ​នាយក​រដ្ឋមន្ត្រី​គំរាម​អី​កាល​ពី​ម្សិលមិញ​ហ្នឹង​ទេ​ ដោយ​សារ​ពួកគាត់​ហ្នឹង​ចេញ​មក​តាំង​ពី​មុន​ ​ប្រហែល​ជា​ដូច​រូប​ខ្ញុំ​ហ្នឹង​ ចេញ​មួយ​អាទិត្យ​មុន​ អ្នក​ខ្លះ​ចេញ​មុន​ហ្នឹង​បី​ បួន​ថ្ងៃ​មក​ហើយ​អញ្ចឹង​ណ៎ា»។

លោក​ យឿង សុធារ៉ា​ មន្ត្រី​ផ្នែក​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ។​ លោក​ថា​ ប្រធាន​របស់​លោក​ គឺ​លោក​ គល់ បញ្ញា​ កំពុង​បំពេញ​បេសកកម្ម​ការងារ​នៅ​តំបន់​អឺរ៉ុប​ ក្រោយ​ការ​ចេញ​របាយការណ៍​របស់​បន្ទប់​ស្ថានការណ៍​ស្តី​ពី​បរិយាកាស​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។ ​មន្ត្រី​ផ្នែក​ច្បាប់​រូប​នេះ​ ក៏បាន​ការពារ​ភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថានការណ៍​ផង​ដែរ។​

«កិច្ចការ​របស់​យើង​ធ្វើ​សុទ្ធ​តែ​ស្រប​ច្បាប់​ ហើយ​យើង​ក៏​គ្មាន​ទំនាក់​ទំនង​អី​ប្រយោល​ ឬ​ក៏​ផ្ទាល់​ជា​មួយ​នឹង​បរទេស​ណាមួយ​ ឬក៏​ជាមួយ​នឹង​គណបក្ស​នយោបាយ​ណាមួយ​ ដូច្នេះ​ហើយ​យើង​អត់​មាន​រឿង​អី ត្រូវ​មាន​ចោទ​បញ្ហា​ច្បាប់​ទេ​ ​ពីព្រោះ​យើង​ធ្វើ​កិច្ចការ​សុទ្ធ​តែ​ស្រប​ច្បាប់​ទាំងអស់​សំខាន់​ គឺ​សកម្មភាព​របស់​យើង​ សកម្មភាព​របស់​យើង​គឺ​ ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ ហើយ​ប្រមូល​លទ្ធផល​ ដោយ​ការ​សង្កេតការណ៍​ បញ្ចេញ​ជា​របាយការណ៍​ សំដៅ​វាយតម្លៃ​ទៅលើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ ចប់​ប៉ុណ្ណឹង​ យើង​អត់​មាន​ធ្វើ​សកម្មភាព​អី​ដែល​ វា​ផ្ទុយ​នឹង​ច្បាប់​ទេ​ បើ​សិន​ជា​សកម្មភាព​របស់​យើង​ វា​ផ្ទុយ​នឹង​ច្បាប់។ អា​នោះ​បាន​អាច​មាន​ចោទ​នឹង​បញ្ហា​ផ្លូវ​ច្បាប់»។

​នាយ​ឧត្តម​សេនីយ៍ ​ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រសួង​កំពុង​ពិនិត្យ​លើ​វិធានការ​ច្បាប់​នានា​ និង​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​ ដែល​បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​ ហើយ​អាច​បង្ក​ភាព​វឹកវរ​ក្នុង​ប្រទេស។​ ក៏ប៉ុន្តែ​ពេល​ VOA ​សុំ​ការ​អធិប្បាយ​ពី​លោក ខៀវ​ សុភ័គ​ បន្ថែម​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​អំពី​វិធានការ​ច្បាប់​ ដែល​អាច​នឹង​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​បន្ទប់​ស្ថានការណ៍​ នាយ​ឧត្តមសេនីយ៍​រូប​នេះ​ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ទៀត​ទេ​ ដោយ​ហេតុ​ថា​ ​មន្ត្រី​ជំនាញ​កំពុង​សិក្សា​លើ​ករណី​នេះ។

លោក ​ខៀវ​ សុភ័គ​ បញ្ជាក់​ប្រាប់ VOA ថា៖​

«ព្រោះ​ម្ខាង​គាត់​ចេះ​តែ​ថា​ គាត់​ខុស ឬ​ត្រូវ​តាម​តែ​គាត់​ទៅ​ ហើយ​ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់​គឺ​ គេ​មាន​សិទ្ធិ​របស់​គេ​ដែល​ច្បាប់​កំណត់​ដើម្បី​ធ្វើ​ការ​តាម​ច្បាប់​ ហើយ​គាត់​ដែល​អ្នកដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ គេ​ថា​ គេ​មិន​ខុស​ អា​ហ្នឹង​ជា​រឿង​របស់​គេ»។

ក្រៅ​ពី​ការ​ស្នើ​ឲ្យ​ពិនិត្យ​ភាព​ស្រប​ច្បាប់​នៃ​បន្ទប់​ស្ថានការណ៍​ ​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ​នេះ​ ក៏​បាន​ប្រកាស​ថា​ បក្ស​កាន់​អំណាច​របស់​លោក​ ​មិន​អាច​ចាញ់​ការ​បោះឆ្នោត​បាន​ទេ​ ព្រោះ​អ្នក​ឈ្នះ​នឹង​សរសេរ​ប្រវត្កិសាស្ត្រ​ថ្មី​មួយ​ ដែល​អាច​បក​ស្រាយ​រឿងរ៉ាវ​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

​លោក ​ហ៊ុន សែន​ បាន​និយាយ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖

«បើ​សិន​ទុក​ឲ្យ​អ្នក​ដទៃ​ទទួល​ជោគជ័យ​នេះ​ ច្បាស់​ជា​ អា​ជន​ក្បត់ជាតិ​ សម សារី​ សឺន​ ងុកថាញ់​ ស៊ីម​ វ៉ា​ វា​នឹង​ក្លាយ​ជា​រដ្ឋបុរស​ ជា​វីរបុរស​ជាតិ ហើយ​សម្តេច​ព្រះ​នរោត្តម ​សីហនុ​ ដែល​ជា​ព្រះ​បិតា​ជាតិ​របស់​យើង​ទាំង​អស់​គ្នា​នឹង​ក្លាយ​ទៅ​ជន​ក្បត់​ជាតិ​សាជាថ្មី​ម្តង​ទៀត»។

ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​ ​២០១៧​នេះ​ បាន​ទទួល​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​ ​ដូច​ជា​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​ជា​ដើម។

លោក​ William Heidt ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ជួបពិភាក្សា​ជាមួយ​លោក​ ហ៊ុន សែន ​នៅ​គេហដ្ឋាន​លោក​ ហ៊ុន សែន​ ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់។ ​លោក​ឯកអគ្គរដ្ឋ​ទូត​បាន​ «សរសើរ​លោក​នាយករដ្ឋមន្រ្តី ​ចំពោះ​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​ថ្មីៗ​នេះ‍។​ ​លោក​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​អាមេរិក​ ​និង​កម្ពុជា​ អាទិភាព​នៃ​ការ​អភិវឌ្ឍន៍​ ​សិទ្ធិមនុស្ស​ ​និង​បញ្ហា​ដទៃ​ទៀត​ដែល​មាន​សារៈសំខាន់​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​អាមេរិក‍»។​ នេះ​បើ​យោង​តាម​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មិថុនា។​

លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​ជា​ផ្លូវការ​ ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បង្ហាញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ​ទទួល​បាន​ការ​គាំទ្រ​ចំនួន​ជាង​៣,៥​លាន​សំឡេង​ គឺ​ស្មើ​នឹង​៥០,៧៦​ភាគរយ​ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ចំនួន​ជាង​៣​លាន​សំឡេង​ គឺ​ស្មើ​នឹង៤៣,៨៣​ភាគរយ នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​សុរប​ជាង​៧​លាន​នាក់។​ តួលេខ​នេះ​បង្ហាញ​ថា​ ​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង​៣០ឆ្នាំ​ ​មាន​ចំនួន​ច្រើន​ជាង​គណបក្ស​ប្រឆាំង​តែ​ជាង​៥​សែន​សំឡេង​ ​ឬ​ស្មើ​នឹង​ជាង​៦​ភាគរយ​តែ​ប៉ុណ្ណោះ៕