ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ចាប់​ពី​ថ្ងៃ​ទី​១ ខែមេសា

រូបឯកសារ៖ បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង​ក្នុង​មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ​(Sinovac)​ របស់​ក្រុម​ហ៊ុនចិន ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមេសា​ ឆ្នាំ​២០​២១​នេះ​ត​ទៅ។

វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេសចិន ឈ្មោះ​ស៊ីណូវ៉ាក់ ចំនួន​១លាន​៥សែន​ដូស ដែល​កម្ពុជា​បាន​ទិញ​ក្នុង​តម្លៃ​សរុប​១៥​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា។ វ៉ាក់​សាំង​នេះ​អាច​ចាក់​មនុស្ស​បាន​៧៥​ម៉ឺន​នាក់ ដោយ​សារ​មនុស្ស​ម្នាក់​ត្រូវ​ការ​ចំនួន ២​ដូស ក្នុង​ចន្លោះ​១៤​ថ្ងៃ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ពល​រដ្ឋ​ដែល​ស្ថិត​ក្នុង​ក្រុម​អាទិភាព​ត្រៀម​ខ្លួន​ចាក់​វ៉ាក់​សាំង​នេះ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ត​ទៅ។ ក្រុម​អាទិភាព​នេះ ក្រសួង​សុខាភិបាល​សំដៅ​លើ​ក្រុម​គ្រូពេទ្យ បុគ្គលិក​និង​មន្រ្តី​សុខាភិបាល​ជួរ​មុខ អ្នក​ធ្វើ​ការ​នៅ​ស្ថាប័ន​ដូច​ជា​រដ្ឋសភា ​ព្រឹទ្ធសភា អ្នក​សារព័ត៌មាន កម្លាំង​និង​មន្រ្តី​មូលដ្ឋាន មន្រ្តី​រាជការ​ស៊ីវិល មន្រ្តី​និង​បុគ្គលិក​បម្រើការងារ​នៃ​អគ្គិសនី​កម្ពុជា គណៈ​មេធាវី​សាលា​ក្តី​ខ្មែរក្រហម និង​កម្មករ​រោង​ចក្រ​មួយ​ចំនួន​ទៅ​តាម​វេន​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា៖ «វ៉ាក់សាំង​កូវីដ​១៩ ជា​ឧបករណ៍​ថ្មី​មួយ​បន្ថែម​លើ​វិធាន​ការ​សុខាភិបាល​ដែល​មាន​ស្រាប់​សម្រាប់​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩និង​សង្រ្គោះ​ជីវិត​មនុស្ស ដោយ​ជួយ​បុគ្គល​មិន​ឲ្យ​ឈឺ​ធ្ងន់​ធ្ងរ​នៅ​ពេល​ឆ្លង​ជំងឺ​កូវីដ​១៩និង​កាត់​បន្ថយ​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​»។

ក្រសួងក៏​បាន​ការពារ​វ៉ាក់សាំង​ដែល​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ថា​«ជា​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ពី​សុវត្ថិ​ភាព​និង​ប្រសិទ្ធភាព​ម៉ត់ចត់​និង​កំពុង​ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​និង​ក្នុង​ពិភព​លោក ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​និង​កំពុង​តែ​ដំណើរ​ការ​ចាក់​បាន​រាប់​សិប​លាន​នាក់​រួច​ទៅ​ហើយ​ដែរ»។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក​ស្រី យក់ សម្បត្តិ មាន​ប្រសាសន៍​កាល​ពី​សប្តាហ៍​មុន​ថា​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នេះ​មាន​ប្រសិ​ទ្ធភាព​ដូច​គ្នា​នឹង​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែរ ប៉ុន្តែ​ថា​វ៉ាក់សាំង​នេះ​អាច​ចាក់​បាន​មនុស្ស​អាយុលើស​៦០​ឆ្នាំ​បាន មិន​ដូច​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​រដ្ឋាភិបាល​បាន​កំណត់​ចាក់​សម្រាប់​អ្នក​មាន​អាយុ​ក្រោម​៦០​ឆ្នាំ។

ចាប់​តាំង​ពី​ខែ​កុម្ភៈ កម្ពុជា​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​(Sinopharm)​ដែល​ផលិត​ដោយ​រដ្ឋ​ចិន​ចំនួន​៦០​ម៉ឺន​ដូស ដែល​ជា​ជំនួយ​ពី​រដ្ឋាភិបាល​ចិន។ បើ​មិន​មាន​ការ​ផ្លាស់​ប្តូរ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ចំនួន​៧០​ម៉ឺន​ដូស​ទៀត ត្រូវបញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ លើកឡើង​ថា​ជា​រឿង​ត្រឹមត្រូវ​ដែល​កម្មករ​ត្រូវ​ស្ថិត​នៅ​ក្រុម​អាទិភាព​នៃ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ជំងឺ​នេះ។ យ៉ាង​ណាក្តី​ អ្នកស្រី​ថាការ​ទទួល​បាន​ព័ត៌មាន​ចំពោះ​វ៉ាក់សាំង​ពី​សំណាក់​កម្មករ​នៅ​មាន​កម្រិត​នៅ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​កម្មករ​មួយ​ចំនួន​មាន​មន្ទិល​និង​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ទៅ​ចាក់​វ៉ាក់​សាំង។

«ខ្ញុំ​គិត​ថា​បងប្អូនកម្មករ​ហាក់​ដូចជាទទួល​បាន​ព័ត៌​មាន​ហ្នឹង​ បាន​នៅ​មាន​កម្រិត​។ អញ្ចឹង​វា​ធ្វើ​ឲ្យ​គាត់​ហ្នឹង​វា​អាច​ថាយល់​ច្រឡំ​ យល់​អី​អញ្ចឹង​ទៅ​ ហើយ​អ្នក​ខ្លះ​យល់ឃើញ​ថាអញ្ចេះ​ទៅ​ អ្នកខ្លះ​យល់​ឃើញ​ថាអញ្ចោះ​អញ្ចឹង​ទៅ​។ ហើយ​ខ្ញុំ​មើល​ទៅ​ហាក់ដូចជាព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ គាត់​ទទួល​យក​ព័ត៌មាន​ហ្នឹង​អត់​បាន។ អញ្ចឹង​វា​ធ្វើ​ឲ្យ​ការ​គិត​របស់​គាត់​ហ្នឹង​វា​ទៅ​ជា​ឆ្វេង។ អាច​ថា អ្នក​ខ្លះ​គាត់​មិន​ចង់​ចាក់។ អ្នក​ខ្លះ​គាត់​ចង់​ចាក់។ អ្នក​ខ្លះ​ភាគ​ច្រើន​ហ្នឹង​អត់​ចង់​ចាក់​អី​អញ្ចឹង​ទៅ»។

ប្រទេស​កម្ពុជា​កំពុង​ប្រើ​ប្រាស់​វ៉ាក់​សាំង​៣ប្រភេទ គឺ​ទីមួយ​វ៉ាក់​សាំង​ស៊ីណូហ្វាម​ដែល​ផលិត​ដោយ​រដ្ឋ​ចិន វ៉ាក់​សាំង​អាស្រ្តា​ហ្សេនីកា​(AstraZeneca) ដែល​ផលិត​ក្រោម​យន្ត​ការ​កូវ៉ាក់​ទទួល​ស្គាល់​ដោយ​អង្គការ​សុខ​ភាព​ពិភព​លោក និង​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​របស់​ក្រុមហ៊ុន​ចិន ដែល​ទើប​មក​ដល់​នេះ។

លោក​ មាស នី អ្នក​វិភាគ​សង្គមបាន​លើក​ឡើង​ថា ជា​រឿង​ធម្មតា​ដែល​មាន​ការ​ចាត់​ជា​ក្រុម​អាទិភាព​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ទាំង​នៅ​កម្ពុជា និង​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​នៅ​តែ​មាន​ចំណោទ​សម្រាប់​រដ្ឋា​ភិបាលដើម្បីពង្រឹង​សេចក្តី​ទុកចិត្ត​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដែលមាន​ប្រភព​ពី​ប្រទេស​ចិន។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​រដ្ឋាភិបាល​ក៏​នៅ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​បង្កើន​ទំនុកចិត្ត​ពលរដ្ឋ​នៅ​ក្នុង​ការ​ទទួល​យក​វ៉ាក់សាំង​របស់​ចិន​ហ្នឹង​ណា ដោយ​សារ​តែ​វា​មាន​ភាព​ស្រពេច​ស្រពិល​ពី​រឿង​គុណ​ភាព​អីហ្នឹង​ ហើយ​រាល់​ថ្ងៃ​ យើង​ឃើញ​ហើយ​នៅ​មាន​ការ​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ ពេល​ដែល​ទទួល​វាក់សាំងហ្នឹង​ អ្នក​ខ្លះ​ក៏​ទៅ អ្នក​ខ្លះ​ក៏​មិន​ព្រមទៅ​ »។

ការ​ចាក់​វ៉ាក់​សាំង​ដែល​ផលិត​នៅ​ចិន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ស្លាប់ និង​ជាង​១.៩០០​នាក់​បាន​ឆ្លង គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។

អំឡុង​ពេល​ទទួល​វ៉ាក់សាំងស៊ីណូវ៉ាក់​ចំនួន​១លាន​៥សែន​ដូស​កាល​ពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ពីផែនការបន្ត​ទិញ​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់​និង​ឲ្យ​បាន​គ្រប់​ចំនួន តាម​ផែន​ការ​គោល​ដៅ គឺ​ចាក់​មនុស្ស​ឲ្យ​បាន​យ៉ាង​តិច​១០​លាន​នាក់​៕