ពលរដ្ឋសិង្ហបុរីនាំគ្នាទៅបោះឆ្នោតនៅថ្ងៃសុក្រនេះក្នុងការបោះឆ្នោតទូទាំងប្រទេសមួយ ដែលនឹង កាត់បន្ថយការក្តោបក្តាប់របស់គណបក្សសកម្មភាពប្រជាជន (People's Action Party) អស់ពេល៥០ឆ្នាំមកនេះ។
គណបក្ស PAP ត្រូវគេជឿថា ប្រាកដជានឹងនៅមានសម្លេងភាគច្រើនក្នុងសភា ប៉ុន្តែប្រឈមមុខយ៉ាងខ្លាំងជាមួយបណ្តាគណបក្សប្រឆាំង ដែលប្រជែងយកអាសនៈទាំង៨៩ ជាលើកទីមួយ។
គណបក្សនេះបានបង្កើតរួមជាមួយមេដឹកនាំឯករាជ្យនៃប្រទេសសិង្ហបុរី គឺលោក Lee Kuan Yew ដែលបានទទួលមរណភាពកាលពីពេលមុនក្នុងឆ្នាំនេះ។ បច្ចុប្បន្នគណបក្សនេះដឹកនាំដោយកូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ។
ទោះជាគណបក្ស PAP បច្ចុប្បន្នមានអាសនៈចំនួន៨០ក្នុងសភាក៏ដោយ ក៏គណបក្សនេះបានទទួលសម្លេងឆ្នោតគាំទ្រ ត្រឹមតែ៦០ភាគរយប៉ុណ្ណោះក្នុងការបោះឆ្នោតលើកមុននៅឆ្នាំ២០១១។ នេះជាការទទួលបានលទ្ធផលតិចបំផុតក្នុងប្រវត្តិសាស្ត្រនៃគណបក្សនេះ។
រដ្ឋាភិបាលសិង្ហបុរីកំពុងប្រឈមនឹងការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋចំពោះការហូរចូលរបស់ជនអន្តោប្រវេសន៍ ដែលធ្វើឲ្យប្រាក់ឈ្នួលចុះទាប ហើយធ្វើឲ្យផ្ទះសម្បែងឡើងថ្លៃ ទោះជាប្រទេសនេះមានការលូតលាស់សេដ្ឋកិច្ចយ៉ាងខ្លាំងក៏ដោយ៕