សិង្ហបុរី​ផ្តល់​កិត្តិយស​ជូន​លោក​ លី ក្វាន់ យូ ជាមួយ​នឹង​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ

ទាហាន​សិង្ហបុរី​ធ្វើ​ការ​គោរព​​នៅពេល​មឈូសសព​​លោក លី ក្វាន់ យូ ត្រូវ​បាន​ដង្ហែ​ជា​ក្បួន​មួយ​នៅ​អំឡុង​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​។

នៅ​ថ្ងៃ​អាទិត្យនេះ​ លោកនាយករដ្ឋមន្ត្រី​ Lee Hsien Loong នៃ​ប្រទេសសិង្ហបូរី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វិយោគកថា​មួយ​ក្នុង​ពីធី​បុណ្យសព​ឪពុក​លោកថា​លោក លី ក្វាន់ យូ​ (Lee Kuan Yew) «បាន​រស់​ និង​គិត​ដល់​ប្រទេស​សិង្ហបូរី​ក្នុង​មួយ​ជីវិត​លោក»។

នៅ​ក្នុង​ការសម្តែង​គារវកិច្ច​ដ៏​ប្រកប​ដោយ​មនោសញ្ចេតនា​ លោក​នាយករដ្ឋមន្ត្រី​ Lee Hsien Loong បាន​មានប្រសាសន៍​នៅ​ឯសាកលវិទ្យាល័យ​ជាតិ​សិង្ហបូរី​ថា «ប្រទីប​ដែល​បាន​នាំ​ផ្លូវ​យើង​ទាំង​អស់​គ្នា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នេះ​បាន​រលត់ហើយ។ ​យើង​បាន​បាត់បង់​បិតា​អ្នកបង្កើត​ប្រទេស​យើង»។

ពីធី​បុណ្យសពនេះ​មានការ​ចូលរួម​ពី​សំណាក់​ក្រុម​ឥស្សរជន​មក​ពី​ទូទាំង​ពិភពលោក​ ដោយ​មាន​រួម​បញ្ចូល​លោក​អតីត​ប្រធានាធិបតី​ស.រ.អា Bill Clinton លោក​នាយករដ្ឋមន្ត្រីជប៉ុន​ Shinzo Abe លោកស្រី​ប្រធានាធិបតី Park Geun-hye នៃប្រទេសកូរ៉េខាង​ត្បូង និង​លោកនាយករដ្ឋមន្ត្រី​អូស្រ្តាលី​ Tony Abbott។

មឈូស​សព​លោក Lee Kuan Yew ដែល​មាន​គ្រប​ទង់ជាតិ​បានត្រូវ​តម្កល់​នៅ​លើ​វេទិកា​មួយ​នៅ​ក្នុងមជ្ឈមណ្ឌល​វប្បធម៌​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបូរី។​គេ​បាន​ដឹក​មឈូស​សព​លោក​ពី​សភា​នៅ​ពេល​មាន​ភ្លៀង​ តាមដងវិថី​នានា​ដោយ​មាន​មនុស្ស​កាន់​មរណទុក្ខ​រាប់​ម៉ឺន​នាក់​ឈរ​គោរព​សព​នៅ​សង​ខាង​ដង​ផ្លូវ។

អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ​ដែល​បានដឹកនាំប្រទេសជាតិជា​កោះនេះ​ពី​ឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩០​ បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​ចន្ទក្នុង​ជន្មាយុ៩១ឆ្នាំ។​

លោក​បាន​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ​របស់​ប្រទេស​សិង្ហបូរី​នៅពេល​ប្រទេស​នេះ​បាន​ទទួល​គារគ្រប់គ្រង​ដោយ​ខ្លួន​ឯង​ពេញលេញ​ពី​ការ​គ្រប់គ្រង​អាណានិគម​អង់គ្លេស។​ លោក​ Lee បានឋិត​នៅ​ជា​កម្លាំង​ជំរុញ​របស់​ប្រទេស​ក្នុង​រយៈពេល​វែង​មួយ ​បន្ទាប់​ពីលោក​បាន​ចូលនិវត្តន៍​កាល​ពី​បីទសវត្សរ៍​បន្ទាប់​មក។​

គេបានកោតសរសើរ​លោក​ថា ​បាន​ចាក់គ្រឹះ​សម្រាប់​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ និង​វិបុលភាព​ដ៏ធំធេង​នៃប្រទេសសិង្ហបូរី ក៏​ប៉ុន្តែ​លោក​បាន​ត្រូវ​រិះគន់​ដោយ​មនុស្ស​ច្រើន​នាក់​ ដែល​ប្រឆាំង​នឹង​របៀប​គ្រប់គ្រង​បែប​ផ្តាច់​ការ​របស់​លោក៕