កាលពីខែមីនា ចិនមានទំនាស់ជាមួយនឹងហ្វីលីពីនចំពោះការលើកឡើងថា ចិនបានផ្តល់នូវសម្ភារៈធ្វើតេស្តរកជំងឺកូវីដ១៩ មិនត្រឹមត្រូវ។ ហើយកាលពីខែមេសា កាសែតចិនបានសរសេរដោយរអ៊ូរទាំថា វៀតណាមបានធ្វើឲ្យចិន «ធ្លាក់ចូលក្នុងស្ថានភាពដ៏អាម៉ាសមួយ» តាមរយៈការផ្អាកការហោះហើររវាងវៀតណាម និងចិន ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា។
ម៉ាឡេស៊ីក៏បានតវ៉ាប្រឆាំងនឹងការបង្ហាញខ្លួនរបស់នាវាចិននៅតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះផងដែរ ដោយពលរដ្ឋមួយចំនួនព្រួយបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងបានឆ្លៀតឱកាសធ្វើដូចនេះ ខណៈពិភពលោកកំពុងជាប់រវល់ដោះស្រាយការរាតត្បាតជំងឺកូវីដ១៩ជាសាកល។
ទោះបីយ៉ាងណាក៏ដោយ ផ្ទុយពីភាពរអាក់រអ៊ូលផ្នែកការទូតជាមួយបណ្តាប្រទេសនានាខាងលើ សិង្ហបុរីត្រូវបានគេយល់ឃើញថា អាចជាចំណុចដ៏ប្រសើរមួយសម្រាប់ចិននៅតំបន់អាស៊ីអាគ្នេយ៍។
សិង្ហបុរីដែលបានផ្តល់ប្រាក់រាប់លានដុល្លារ និងគ្រឿងសម្ភារៈផ្សេងៗសម្រាប់ប្រតិបត្តិការឆ្លើយតបនឹងវីរុសកូរ៉ូណានៅចិន បានប្តេជ្ញាធ្វើការស្រាវជ្រាវរកវ៉ាក់សាំងរួមគ្នា និងបានអបអរសាទរខួបការទូតរយៈពេល ៣០ឆ្នាំរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob បានថ្លែងនៅក្នុងលិខិតមួយទៅកាន់ប្រធានាធិបតីចិនលោក Xi Jinping កាលពីដើមគ្រានៃការរាតត្បាតជំងឺកូវីដ១៩ជាសាកលថា «សិង្ហបុរីរួមសាមគ្គីជាមួយចិន»។ លោកស្រីក៏បានបន្តថា «វិធានការយ៉ាងឆាប់រហ័ស ដាច់ខាត និងពេញលេញ» របស់ចិន បានជួយ «ជម្នះជំងឺកូវីដ១៩ ដោយកម្លាំង និងភាពរឹងមាំ»។
ខណៈដែលនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានហៅថា ជារឿងមិនបានការមួយសម្រាប់ចិន និងសហរដ្ឋអាមេរិកនៅក្នុងការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញបញ្ហាវីរុសកូរ៉ូណានេះ អ្នកស្រាវជ្រាវជាន់ខ្ពស់អ្នកស្រី Boisseau du Rocher ចោទសួរថាតើតំបន់អាស៊ីអាគ្នេយ៍ហ៊ានទម្លាក់កំហុសលើប្រទេសចិន ថាជាប្រភពដើមដំបូងដែលផ្ទុះវីរុសនោះឬទេ។
អ្នកស្រីបានអះអាងថា ការពឹងអាស្រ័យរបស់បណ្តាប្រទេសនានានៅតំបន់តំបន់អាស៊ីអាគ្នេយ៍ទៅលើប្រទេសចិន បានធ្វើឲ្យមេដឹកនាំនៅក្នុងបណ្តាប្រទេសទាំងនោះស្ទាក់ស្ទើរនៅក្នុងការធ្វើការរិះគន់អំឡុងពេលមានវិបត្តិវីរុសនេះ។
អ្នកស្រី du Rocher អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាពីអាស៊ីនៅវិទ្យាស្ថានបារាំងសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរនៅក្នុងទស្សនាវដ្តី The Diplomat ថា «ទោះបីជាចិនបានបង្កជាការគំរាមកំហែងមកលើតំបន់អាស៊ីអាគ្នេយ៍តាមរយៈការគ្រប់គ្រងមិនបានល្អចំពោះការផ្ទុះវីរុសកូរ៉ណាដំបូងក្តី ក៏មិនមានការទម្លាក់កំហុសណាមួយមកលើចិនត្រូវបានលើកមកនិយាយជាសាធារណ:នៅក្នុងតំបន់ដែរ»។
ដោយលើកឡើងនូវឧទាហរណ៍ពីនាយករដ្ឋមន្រ្តីសិង្ហបុរីក៏ដូចជាប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint ជាដើម អ្នកស្រី du Rocher បាននិយាយថា មេដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងតែចំណុចកោតសរសើរចំពោះវិធានការឆ្លើយតបជាបន្ទាន់របស់ប្រធានាធិបតីចិនលោក Xi Jinping ពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ តែប៉ុណ្ណោះ។
ស្របពេលដែលអ្នកស្រី du Rocher បានពណ៌នាការណ៍នេះជានិន្នាការនៅក្នុងតំបន់ ក្រុមហ៊ុនប្រឹក្សាយោបល់ Vriens & Partners ដែលមានជំនាញខាងកិច្ចការរដ្ឋាភិបាលក្នុងតំបន់បានលើកឡើងពីទំនាក់ទំនងល្អរវាងសិង្ហបុរី និងចិនជាពិសេសអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ ក្រុមហ៊ុនប្រឹក្សាយោបល់នេះបានសរសេរនៅក្នុងបទវិភាគមួយថា ជំនួយរបស់សិង្ហបុរីទៅកាន់ចិនគឺជា ឧទាហរណ៍ដ៏កម្រមួយផ្នែក«ការទូតប្រើជំនួយហិរញ្ញវត្ថុ» ពីប្រទេសតូចៗ។
នៅពេលសួរពីការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងការទម្លាក់កំហុសពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ លើរដ្ឋាភិបាលក្រុងប៉េកាំង នាយករដ្ឋមន្រ្តីសិង្ហបុរីបាននិយាយបង្វែរចម្លើយជំនួសមកវិញថា ការផ្តោតទៅលើដំណោះស្រាយ ជារឿងមាន «ផលប្រយោជន៍បំផុត»។ ក្រៅពីប្រទេសចិន លោក Lee បានកត់សម្គាល់ថា ប្រទេសដទៃទៀតក៏មានការពិបាកនៅក្នុងការគ្រប់គ្រងទៅលើវីរុសកូរ៉ូណាផងដែរ»។
លោកនាយករដ្ឋមន្រ្តី Lee បាននិយាយនៅក្នុងបុស្តិ៍ទូរទស្សន៍ CNN កាលពីចុងខែមីនាថា «ខ្ញុំគិតថា សរុបមក មិនមាននរណាម្នាក់អាចនិយាយថា រឿងទាំងអស់នេះមិនបានកើតឡើងនោះទេ ប្រសិនបើចិនបានធ្វើកិច្ចការដ៏ត្រឹមត្រូវទៅហើយនោះ។ ពីព្រោះអ្នកអាចឃើញការរាតត្បាតជំងឺនោះបានបន្ត រីករាលដាល និងឆ្លងនៅក្នុងប្រទេសមួយចំនួន»។
ចិនគឺជា ដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់សិង្ហបុរី ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីទំហំ ១៣៧ ពាន់លានដុល្លារសិង្ហបុរីនៅក្នុងឆ្នាំ២០១៩។ ដោយសារប្រវត្តិទំនាក់ទំនងវប្បធម៌ ពលរដ្ឋសិង្ហបុរីដល់ទៅ៧៥ ភាគរយគឺជាជនជាតិដើមចិន។
នៅពេលពលរដ្ឋត្រូវបានសួរថាតើប្រទេស ឬអង្គការណាមួយមានឥទ្ធិពលខ្លាំងបំផុតផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចម្លើយគឺថា គ្មានការប្រកួតប្រជែងនឹងប្រទេសចិននោះទេ។ ពលរដ្ឋជិត ៧០ភាគរយ បានឆ្លើយថា គឺប្រទេសចិន បន្តដោយសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ នេះបើយោងទៅតាមការស្ទង់មតិនៅឆ្នាំ ២០១៩ ដោយវិទ្យាស្ថាន ISEAS-Yusof Ishak នៅសិង្ហបុរី។
ឥទ្ធិពលនោះត្រូវបានរំពឹងថា នឹងបន្តរីកចម្រើនឡើង។ នៅពេលសួរអំពីអនាគតនៃតួនាទីរបស់ចិនជាប្រទេសមហាអំណាច ៥៧ភាគរយនៃពលរដ្ឋដែលបានធ្វើការស្ទង់មតិបានយល់ស្របជាមួយនឹងការលើកឡើងថា «ចិននឹងក្លាយជាប្រទេសមហាអំណាចកែទម្រង់មួយដែលមានគោលដៅផ្លាស់ប្តូរតំបន់អាស៊ីអាគ្នេយ៍ទៅជាកន្លែងប្រកបដោយឥទ្ធិពលមួយ»។ ជម្រើសដទៃទៀតគឺថា ចិនអាចជាជម្រើសថ្មីមួយជំនួសឲ្យសហរដ្ឋអាមេរិក ឬជាប្រទេសមហាអំណាចជួយយកអាសារមួយ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា