សមត្ថកិច្ចខេត្តព្រះសីហនុកំពុងស្រាវជ្រាវបន្ថែមលើករណីជនជាតិចិនចាប់បង្ខំជនជាតិចិនម្នាក់ និងស្ត្រីខ្មែរម្នាក់ឲ្យចូលរថយន្ត ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
សកម្មភាពនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១២និង៣០នាទីយប់ រំលងចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅម្តុំស្តុបផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ នេះបើតាមស្នងការនគរបាលខេត្តព្រះសីហនុ។
ក្រោយពីមានការភ្ញាក់ផ្អើលមួយកើតឡើង ដោយមានជនមួយក្រុមធ្វើសកម្មភាពចាប់ជនរងគ្រោះដាក់រថយន្តនោះ កងកម្លាំងជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដែលជាបុរសចំនួន៨នាក់ រួមមានជនជាតិចិន៦នាក់ និងជនជាតិខ្មែរ២នាក់ នៅវេលាម៉ោងប្រហែល២និង៣០នាទីព្រឹក នាថ្ងៃដដែលនោះ។ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះទាំង២នាក់នោះផងដែរ។ នេះបើយោងតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំងនោះ សមត្ថកិច្ចក៏បានដកហូតកាំភ្លើងខ្លីចំនួន២ដើម ខ្នោះដៃចំនួន២គូ និងវត្ថុតាងមួយចំនួនទៀត។ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីកសាងនីតិវិធីបញ្ជូនទៅតុលាការ។ នេះបើតាមការបង្ហោះព័ត៌មានដោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សកម្មភាពចាប់បង្ខំជនជាតិចិនម្នាក់ និងស្ត្រីខ្មែរម្នាក់ចូលរថយន្ត ត្រូវបានប្រជាពលរដ្ឋថតជាវីដេអូ និងចែករំលែកតាមបណ្តាញសង្គម និងបានដាក់ការសង្ស័យថា ជាករណីចាប់ជំរិត។ នៅក្នុងវីដេអូដែលប្រជាពលរដ្ឋថតបាននោះ គេឃើញជនជាតិចិនមួយក្រុម មកចាប់អូសមនុស្ស២នាក់បង្ខំឱ្យចូលរថយន្តសេរីទំនើបមួយគ្រឿងដែលគេស្គាល់ថាឡានតូយូតាអាល់ហ្វា រួចពួកគេបើកចេញពីកន្លែងកើតហេតុនៅក្រុងព្រះសីហនុនោះ។ ពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានព្យាយាមជួយជនរងគ្រោះនោះ ប៉ុន្តែមិនអាចរារាំងក្រុមជនជាតិចិននោះបានឡើយ។
លោក ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ដែលបានដឹកនាំប្រតិបត្តិការលើករណីមួយនេះ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អាជ្ញាធរកំពុងស្រាវជ្រាវបន្ត ដូច្នេះលោកមិនអាចសន្និដ្ឋានថា ករណីនេះជាករណីអ្វីឱ្យពិតប្រាកដនៅឡើយទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់អាចបញ្ជាក់បានទេ ព្រោះនៅក្នុងការស្រាវជ្រាវរបស់ខ្ញុំនៅឡើយ»។
លោកបន្តថា អាជ្ញាធរខេត្តតែងតែពង្រឹងការអនុវត្តវិធានការនានា ក្នុងការទប់ស្កាត់និងបង្ការកុំឱ្យមានបទល្មើសកើតឡើង។
លោកបន្ថែមថា៖ «រាល់ថ្ងៃហ្នឹងយើងពង្រឹងហើយតើស៍!យើងពង្រឹងតាំងពីមុនមកហើយតើស៍ បានឈានដល់កើតបទល្មើស យើងបង្ក្រាបបាន»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់វីអូអេថា ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ក្នុងលក្ខណៈបច្ចេកទេស ដូច្នេះលោកមិនអាចបញ្ជាក់ព័ត៌មានលម្អិតបាននៅឡើយទេ។
លោកបន្ថែមថា អាជ្ញាធរនឹងពង្រឹងវិធាននានាបន្ថែម ព្រោះបទល្មើសនានាគឺជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ហើយបើពាក់ព័ន្ធថា ការព្រួយបារម្ភរបស់សាធារណជន គឺយើងខ្ញុំជឿថាដល់ពេលបទល្មើសជាក់ស្តែងកើតឡើង បទល្មើសនៅក្នុងប្រទេសណា ក៏ដូចប្រទេសណា ទីក្រុងណាក៏ដូចទីក្រុងណា ខេត្តណាក៏ដូចខេត្តណា [កាលណា] តែបទល្មើសកើតឡើង ប្រជាពលរដ្ឋតែងតែបារម្ភហើយ។ អាជ្ញាធរក៏តែងតែបារម្ភដូចគ្នា ហើយទន្ទឹងនឹងការបារម្ភ គឺយើងដាក់នូវ រៀបចំវិធានការពង្រឹងវិធានការបន្ថែមទៀតផងដែរ»។
ការពង្រឹងវិធានការឆែកឆេរអាវុធជាតិផ្ទុះ ការពង្រឹងវិធានការទប់ស្កាត់និងការចែកចាយអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង គឺជាផែនការ និងកិច្ចការបង្ការកុំឱ្យមានបទល្មើសកើតឡើងក្នុងខេត្តព្រះសីហនុ។ នេះបើតាមលោក ឡុង ឌីម៉ង់។
លោកបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានអំពីបទល្មើសនានា ក៏បានបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅរបស់អង្គការលីកាដូ ថ្លែងថា ករណីចាប់មនុស្សដាក់រថយន្តទាំងបង្ខំនេះបណ្តាលឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល និងភ័យខ្លាចពាក់ព័ន្ធនឹងសន្តិសុខ និងសុវត្ថិភាព ដូច្នេះលោកស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសនានា។
លោកថ្លែងថា៖ «សមត្ថកិច្ចត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីអនុវត្តទៅលើជនដែលបង្ក ដើម្បីទប់ស្កាត់កុំឱ្យមានទង្វើទាំងអស់ហ្នឹងកើតឡើងតទៅទៀត ពីព្រោះប្រទេសយើងមានច្បាប់ត្រឹមត្រូវហើយជនជាតិណាក៏ដោយ កាលណាមកកម្ពុជាត្រូវតែអនុវត្តតាមច្បាប់កម្ពុជា»។
លោកបន្ថែមថា ជនបរទេសមិនមានសិទ្ធិកាន់កាប់ប្រើប្រាស់អាវុធនោះទេ ដូច្នេះការប្រើប្រាស់អាវុធខុសច្បាប់ និងការចាប់មនុស្សដោយអនាធិបតេយ្យ ក៏ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ នៅពេលមកលេងខេត្តជាប់មាត់សមុទ្រមួយនេះ៕