អភិបាលខេត្តព្រះសីហនុបានបញ្ជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរតាមផ្លូវសមុទ្រ និងទៅកោះនានា ចាប់ពីថ្ងៃទី១១ ដល់១៤ ខែកក្កដានេះ។
តាមរយៈសារសំឡេងដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃចន្ទនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានហាមមិនឱ្យមានការធ្វើដំណើរតាមផ្លូវទឹកទៅតាមឆ្នេរសមុទ្រ ឬក៏កោះណាមួយនោះទេ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ណាមួយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។
លោកថ្លែងថា៖ «សូមឱ្យមានការយកចិត្តទុកដាក់អំពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយផ្អែកទៅលើអាកាសធាតុទាំងនេះ និងសូមឱ្យហាមឃាត់ការធ្វើដំណើរតាមទូកទៅលំហសមុទ្រ កោះឆ្នេរ ក្នុងរយៈពេលនេះ ព្រោះដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ឬការជាប់គាំងណាមួយ ដែលបង្កដោយមហន្ដរាយផ្សេងៗ»។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃចន្ទនេះថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកក្កដា នៅសមុទ្រនឹងមាន«ភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ» ដែលអាចបណ្តាលឱ្យខេត្តព្រះសីហនុ និងកោះកុង មានការជន់លិចទឹក។
សេចក្តីជូនដំណឹងរបស់ក្រសួងដដែលបញ្ជាក់ថា៖ «ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះបានធ្វើឱ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់»។
ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ខណៈក្រសួងបាននិងកំពុងតាមដានពីការប្រែប្រួលអាកាសធាតុនេះ៕