ពួកសកម្មជន​សៀរ៉ាឡែអូន​ស្វែងរក​ការ​ការពារ​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ

នាង Mariatu Sesay បណ្តុះបណ្តាល​អតីត​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​គឺ​នាង Mary Aruna នៅ​ហាង​កាហ្វេ​របស់​នាង​ នៅ​ក្នុង​សង្កាត់ Goderich ប្រទេស​សៀរ៉ាឡែអូន កាលពី​ថ្ងៃទី១៧​ ខែមករា ឆ្នាំ២០១៨។

នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន ក៏​ដូច​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក សេវាកម្ម​ផ្លូវ​ភេទ​នៅ​តែ​ជា​ការងារ​ដែល​ត្រូវ​បាន​គេ​ស្អប់ខ្ពើម។ ពួក​អ្នក​រកស៊ី​ផ្លូវ​ភេទ​នៅ​ទី​នោះ​និយាយ​ថា ពួកគេ​រង​ការ​រំលោភ​បំពាន និង​ការបំភិតបំភ័យ​ជា​ប្រចាំពី​សំណាក់​ប៉ូលិស អតិថិជន​របស់​ពួកគេ និងពីមនុស្ស​ដទៃ​ទៀត។ ពួកសកម្មជន​ក្នុង​ស្រុក​កំពុង​ស្វះស្វែង​ធ្វើ​ការ​ដើម្បី​ផ្តល់​ឱកាស​កាន់​តែ​ច្រើន និង​ការ​ការពារ​ដល់​ពួកស្ត្រី​ដែល​លក់​សេវាកម្ម​ប្រភេទ​នេះ។

នាង Mariatu Sesay បើក​ហាង​កាហ្វេ​តាម​ផ្លូវ​តូច​មួយ​នៅ​ជាយ​ក្រុង Freetown។ ប៉ុន្តែ​ហាង​កាហ្វេ​នេះ​មិន​មែន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ទិញ​ភេសជ្ជៈ ឬ​អាហារ​ក្តៅៗ​ញ៉ាំ​ប៉ុណ្ណោះ​ទេ។

នាង Sesay ចំណាយ​ពេល​វេលា​ស្ទើរតែ​ទាំង​អស់​របស់​នាង​ បណ្តុះបណ្តាល​ពួកអ្នក​រកស៊ី​ផ្លូវ​ភេទ​ដែល​ចង់​រៀន​ធ្វើ​ម្ហូប និង​ធ្វើ​ការ​រក​ស៊ី​តិចតួច។

នាង Sesay និយាយ​ថា នាង​បាន​ជួយ​ស្ត្រី​ចំនួន​៤៧នាក់​ឲ្យ​ចេញ​ផុត​ពី​ឧស្សាហកម្ម​ផ្លូវ​ភេទ។

«ខ្ញុំ​មាន​ចំណង់ចំណូល​ចិត្ត​លើ​ការងារ​នេះ តាំង​ពី​ខ្ញុំ​អាយុ​៧ឆ្នាំ​មក​ម្ល៉េះ។ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ស្រី​រកស៊ី​ផ្លូវ​ភេទ ពួកគេ​ធ្លាប់​ចូល​មក​តំបន់​នេះ។ ពួកគេ​មក​លាង​សម្អាត​របស់របរ​ពួកគេ​ និង​ទុក​របស់របរ​ពួកគេ​ចោល​នៅ​ទីនេះ។ ពេល​ខ្លះខ្ញុំ​ឃើញ​ប្រុសៗ​នៅ​តាម​ឆ្នេរ​ធ្លាប់​វាយ​ធ្វើ​បាបទារ​ប្រាក់​ពី​ពួកគេ»។

នាង Sesay ក៏មាន​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​នាង​ផង​ដែរ។ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​រយៈពេល​១១ឆ្នាំ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន​ ក្រុម​ឧទ្ទាម​បាន​សម្លាប់​ឪពុក​ម្តាយ​របស់​នាងនិង​បាន​ចាប់​ខ្លួន​នាង។ ពេល​នោះ​នាង​មាន​អាយុ​១១ឆ្នាំ និងត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ។ សង្គ្រាម​ស៊ីវិល​នេះ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ២០០២ ហើយ​នៅ​ទី​បញ្ចប់នាង​ក៏​បាន​ទៅ​រៀន។

ក៏ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​ប្រហែល​ជា​មិន​មាន​សំណាង​ដូច​នាង​នោះ​ទេ។ ក្មេងស្រី​ជាច្រើន​បាន​ក្លាយ​ជា​ក្មេង​កំព្រា ​រស់​នៅ​តាម​ផ្លូវ​យ៉ាង​ត្រដាបត្រដួស បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​ចប់។

នេះ​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​សេវាកម្ម​ផ្លូវ​ភេទ​កើត​ឡើងច្រើន​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន។

គេ​ប៉ាន់ស្មាន​ថា អាច​មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​រហូត​ដល់​ទៅ​៣០០.០០០នាក់​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន នេះ​បើ​យោង​តាម​តួលេខ​ឆ្នាំ២០១៣ របស់​លេខាធិការដ្ឋាន​ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍។ ទោះ​ជា​យ៉ាង​ណា​ គេ​ជឿ​ថា ចំនួន​នេះ​បាន​កើន​ឡើង ដោយសារ​តែ​ការ​រីករាលដាល​នៃ​ជំងឺ​អេបូឡា និង​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ២០១៦។

នាងJulie Sesay មិន​មែន​ជា​សាច់ញាតិ​របស់​នាង Mariatu Sesay នោះ​ទេ។ នាងគឺជា​ប្រធាន​កម្មវិធី​របស់​អង្គការ Advocaid ដែល​ជា​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ជួយ​ដល់​ស្ត្រី​ងាយ​រងគ្រោះ។ នាង Julie Sesay​ បាន​និយាយ​ថា៖

«ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​តែ​គ្រួសារ​ជាច្រើន​បាន​បាត់បង់​ឪពុកម្តាយ ហើយបន្ទាប់​ពី​បាត់បង់​ឪពុកម្តាយ ឬ​បាត់បង់​ឪពុក ឬ​ម្តាយមក​ធ្វើ​ឲ្យ​គ្រួសារ​ពួកគេ​ជួប​នឹង​ភាពក្រីក្រ។ នៅ​ពេល​ភាពក្រីក្រ​មាន​កាន់​តែ​ច្រើន និង​មិន​បាន​រៀន​សូត្រ​ផង​នោះ តើ​អ្នក​រំពឹង​ថា​ក្មេងស្រី​ទាំង​នោះ​អាច​ធ្វើ​បាន? ពួកគេ​មាន​តែ​បង្ខំ​ចិត្ត​រក​ស៊ី​លក់​ផ្លូវ​ភេទ»។

ច្បាប់​របស់​ប្រទេស​សៀរ៉ាឡែអូន​នៅមាន​ភាព​មិនច្បាស់​លើ​បញ្ហា​ស្ត្រី​លក់​សេវាកម្ម​ផ្លូវ​ភេទ។ ការ​លក់​សេវាកម្ម​ផ្លូវ​ភេទ​មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ។

នាង Julie Sesay និយាយ​ថា ស្ត្រី​លក់​សេវាកម្ម​ផ្លូវ​ភេទ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​បទល្មើស​ដូចជា​ការ​ដណ្តើម​ម៉ូយ​គ្នា​នៅ​តាម​ផ្លូវ​ជាដើម។ ពួកគេ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ ដោយសារ​ពួកគេ​លក់​សេវាកម្ម​ផ្លូវ​ភេទ​នៅ​តាម​កន្លែង​សាធារណៈ។

យោង​តាម​អង្គការ Advocaid បាន​ឲ្យ​ដឹង​ថា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​កម្រ​ត្រូវ​បាន​កាត់​ទោស​លើ​បទចោទ​ដូច​ខាង​លើ​នេះ​ណាស់ ហើយ​រដ្ឋ​បាន​ខ្ចះខ្ចាយ​ធនធាន​ជាច្រើន។

អ្នក​លក់​សេវាកម្ម​ផ្លូវ​ភេទ​ម្នាក់​នៅ​ក្នុង​ក្រុង Freetown ដែល​បាន​ស្នើសុំ​ឲ្យ​ VOA មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​តែ​ការ​មើលងាយ​ពី​អ្នក​ដទៃ បាន​ពណ៌នា​ការ​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​របស់​នាង។

ស្ត្រី​ម្នាក់​នោះ​បាន​និយាយ​ថា នាង​បាន​រស់នៅ​ជាមួយ​នឹង​ម្តាយ​មីង ដែល​តែងតែ​រំលោភ​បំពាន​លើ​រូប​នាង ដូច្នេះ​នាង​បាន​រត់​គេច​ខ្លួន​និង​បាន​ចាប់​ផ្តើម​រកស៊ី​ផ្លូវ​ភេទ។ នាង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​តែ​ការ​ដណ្តើម​ម៉ូយ​គ្នា​នៅ​តាម​ផ្លូវ។ នាង​និយាយ​ថា ប៉ូលិស​បាន​វាយ​នាង ហើយ​នៅ​ពេល​នាង​មិន​មាន​ប្រាក់ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ ពួកគេ​ទាមទារ​ឲ្យ​នាង​រួម​ភេទ​ជាមួយ​ពួកគេ។ នាង​បាន​បដិសេធ ហើយ​នាងត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង​រយៈពេល​១ខែ រហូត​ទាល់​តែ​អង្គការ Advocaid ជួយអន្តរាគមន៍​ និង​ជួយ​ឲ្យ​មាន​ការ​ដោះលែង​នាង។

អង្គការ Advocaid និយាយ​ថា នេះ​ជា​ដំណើរ​រឿង​ទូទៅ​មួយ ដែល​អង្គការ​នេះ​បាន​កត់សម្គាល់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​របស់​ពួកគេ​នា​ពេល​ថ្មីៗ​នេះ។​

ប៉ូលិស​បាន​ប្រាប់​ VOA ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

លោក Ibrahim Samura ជា​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​សម្រាប់​ស្នងការ​ប៉ូលិស​សៀរ៉ាឡែអូន​បាន​ថ្លែង​ថា៖

«វា​ជា​តួនាទី​របស់​ពួក​យើង​ក្នុង​ការ​ពិនិត្យ​មើល​ការ​ចោទប្រកាន់​ទាំង​នេះ ហើយ​វា​ក៏​ជា​តួនាទី​របស់​ពួកយើង​ក្នុង​ការធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា នឹង​មាន​ការ​ចាត់​វិធានការ​នានា ប្រសិន​បើ​ប៉ូលិស​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ចោទប្រកាន់​ខាង​លើ​នេះ»។

ខណៈ​ពេល​នេះ ហាង​កាហ្វេ​តាម​ផ្លូវ​របស់​នាង Mariatu Sesay មាន​លក់​ស្រាបៀរ​ម៉ាក Star សម្រាប់អតិថិជន ដោយ​មាន​ជំនួយ​ពី​បុគ្គលិក​បណ្តុះបណ្តាល​ម្នាក់​របស់​នាង​ដែល​មាន​ឈ្មោះ​ថា Mary Aruna។ នាង Mary Aruna ជា​អតីត​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ។

ដោយ​និយាយ​ជា​ភាសា​កំណើត​របស់​នាង នាង Aruna និយាយ​ថានាង​បាន​រៀន​សន្សំ​ប្រាក់​បាន​ច្រើន​ជាង​មុន ហើយ​នាង​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​នាង​ម្តង​ទៀត​នៅ​ពេល​នេះ។

សម្រាប់​នាង Mariatu Sesay វិញ នាង​នឹង​នៅ​តែ​ជាមិត្ត​ម្នាក់​សម្រាប់​ជួយ​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​បន្ត​លើក​ទឹក​ចិត្ត​ដល់​ពួកគេ​ផងដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ