ប្រជាពលរដ្ឋនៅខេត្តសៀមរាបកំពុងពិចារណាលើការបោះឆ្នោតជ្រើសរើសមេឃុំសម្រាប់អាណត្តិទី៥ នេះ

ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប​បាន​បង្ហាញ​មតិ​ផ្សេង​ៗ​ពី​គ្នា​ជុំវិញ​សកម្ម​ភាព​មេ​ភូមិ ​មេ​ឃុំ​របស់​ខ្លួន​ នៅ​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ​ ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​ ៥​ កំពុង​កាន់​តែ​ខិត​ជិត​មក​ដល់។​

ការ​បោះ​ឆ្នោត​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​ ៥ ​ខែ​ មិថុនា​ ឆ្នាំ​ ២០២២ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​រាជ​ធានី​ខេត្ត​ ចំនួន​ ២៥​ មាន​ឃុំ​សង្កាត់​ចំនួន​ ១៦៥២។ គិត​មក​ដល់​ចុង​ខែ​មេសា​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧ ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះឆ្នោត​នេះ​ ក៏​ប៉ុន្តែ​គណបក្ស​ទាំង​នោះ​មិន​មាន​បេក្ខជន​នៅ​ទូ​ទាំង​ឃុំ​សង្កាត់​ទាំង​អស់​នោះ​ទេ​ លើក​លែង​តែគណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយគត់​ ដែល​មាន​បេក្ខជន​នៅ​ទូ​ទាំង​ឃុំ​សង្កាត់​ទាំង​អស់។

ភាព​ខ្វះខាត​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​កំពុង​ ប្រឈម​ ​ការ​អភិវឌ្ឍ​ភូមិ​សង្កាត់​របស់​ចៅ​សង្កាត់​ ​និង​មេឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ ​កំពុងត្រូវ​បាន​ប្រជា​ពលរដ្ឋ​យក​មក​ពិចារ​ណា​ សម្រាប់​ជ្រើស​រើស​ចៅ​សង្កាត់​ និង​មេ​ឃុំ​អាណត្តិ​ទី​ ៥​ នា​ពេល​ឆាប់ៗ​ខាង​មុខ។​

លោក​ ខឹម​ ចំរើន ​អាយុ​ ៤០ ​ឆ្នាំ ​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅស្រុក​សៀមរាប ​ខេត្ត​សៀមរាប​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ ទាំង​ការ​បារម្ភ​ពី​សុវត្ថិ​ភាពរបស់​ខ្លួន​ថា ​សេវាសាធារណៈ​នៅ​ក្នុង​ភូមិ​ឃុំ​របស់​លោក ​នៅ​តែ​មាន​ភាព​យឺត​យ៉ាវ​ដដែល​ ចំណែក​ឯ​ការ​អភិវឌ្ឍ​ ក៏​នៅ​មាន​កម្រិត។

លោក​បាន​បញ្ជាក់​ថា ​ទោះ​បី​ជា​នៅ​ក្នុង​ឃុំ​របស់​លោក​ កាល​ពី​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណ​ត្តិ​ទី​ ៤​ បាន​ជ័យ​ជម្នះ​ទៅ​លើ​គណ​បក្ស​សង្រ្គោះ​ជាតិ​ក៏​ដោយ​ ក៏​មេ​ឃុំ​នៅ​មិន​ទាន់​ភ្ញាក់​រលឹក​ពី​ការ​បរា​ជ័យ​របស់​ខ្លួន​ឡើយ ​ក្នុង​ការ​បម្រើ​រាស្រ្ត​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​ នៅ​ពេល​ខ្លួន​បាន​ចូល​កាន់​តំណែង​ជា​ថ្មី​ ក្រោយ​ពេល​គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ចុង​ឆ្នាំ ២០១៧។

«មន្រ្តី​មូលដ្ឋាន​នេះ​បម្រី​មិន​សមរម្យ​ជាមួយ​ប្រជាជន ឧទារហណ៍​ធ្វើ​លិខិត​សំបុត្រ​កំណើត​អី ​រុញ​មួយ​ទៅ​មួយ។ ​ចឹង ​វា​ពិបាក ​យូរ​ពេល​វេលា ​តិច​ទៅ​ថា ​រវល់​ទៅ​នេះ ​ទៅ​នោះ​ចឹង។ វា​ពិបាក​ចឹង។​ ប្រជាជន​ជួន​កាល​គ្នា​មិន​សូវ​យល់​អី​ផង​ ចេះ​តែ​រុញ​ទៅ​រុញ​មក​ គ្នា​អត់​មាន​នរណា​គេ​ពន្យល់ ​គ្នា​មិន​សូវ​យល់​ដឹង។​ នៅ​សម័យ​កូវីដ​អី ​មិន​ដែល​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាជន​ថា​យ៉ាង​ម៉េច​ ហើយ​ស្ថាន​ការណ៍ ​មិន​ដែល​ឃើញ​ផង ​ឃើញ​តែ​នៅ​តូប​កាហ្វេ»

លោក​ ចំរើន ​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ នេះ​ ហាក់​ដូច​ជា​មិន​មាន​អ្វី​ចាប់​អារម្មណ៍​នោះ​ទេ​ ពី​ព្រោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បាន​ដឹង​រួច​ទៅ​ហើយ។

«​ភាគ​ច្រើន​ ឃើញ​គេ​និយាយ​ថា​ ខ្ជិល​ទៅ​បោះ​ មាន​តែ​មួយ​ហ្នឹង ​អត់​មាន​គណ​បក្ស​ផ្សេង​ទៀត​ដែល​ធំ​ដុំ​ប្រកួត​ប្រជែង​ឲ្យ​ល្អ។​ បើ​ប្រៀប​ធៀប​កីឡា​ប្រដាល់​ចឹង​ឯង ​គេ​ឲ្យ​ពិន្ទុ​បាត់​ទៅ​ហើយ​ គេ​ដឹង​ថា​ចាញ់​ឈ្នះ​បាត់​ទៅ​ហើយ​ ទោះ​បី​ជា​ប្រជាជន​មិន​ទៅ​បោះ​ក៏​ជាប់ ​ទៅ​បោះ​ក៏​ជាប់ ​ពី​ព្រោះ​វា​គ្មាន​គណ​បក្ស​ណា​ដែល​មើល​ទៅ​លេច​ធ្លោ​ជាង​គណបក្ស ដែល​កាល​ពី​មុន​នោះ កាល​ពី​មុន​ប្រជាជន គាត់​សប្បាយ​ចិត្ត ​ដោយ​សារ​ប្រជា​ជន​មើល​ទៅ ​មាន​គណបក្ស​ប្រដំ​ប្រសង​គ្នា​ទៅ​ ប្រជាជន​គេ​ពេញ​ចិត្ត»

អ្នកស្រី ប៊ិត គឹមលាន អាយុ ៣០ ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈ រស់នៅក្នុងស្រុកសៀមរាប ខេត្តសៀមរាប ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២។ (ធីតា វីន/វីអូអេ)

ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រី​ ប៊ិត​ គឹម​លាន ​អាយុ​ ៣០ ​ឆ្នាំ​ ជា​អាជីវករ​លក់​ភេសជ្ជៈ ​រស់​នៅ​ក្នុង​ស្រុក​សៀមរាប​ ខេត្ត​សៀមរាប​ បាន​ឲ្យដឹង​ស្រដៀង​គ្នា​ទៅ​នឹង​លោក ​ចំរើន​ ដែល​ថា​ សេវា​សាធារណៈ​របស់​មេ​ភូមិ ​និង​មេ​ឃុំ​ មាន​ការ​កែ​ប្រែ​តិច​តួច​តែ​ប៉ុណ្ណោះ។

«​គាត់​ផ្លាស់​ប្តូរ​ដែរ​ ប៉ុន្តែ​ផ្លាស់​ប្តូរ​លក្ខណៈ​បន្តិច​បន្តួច ​បទ​បែន​តាម​កាលៈទេសៈ ​ពី​ព្រោះ​ដឹង​ស្រាប់​ហើយ ​ថា​គាត់​មិន​មែន​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ឃុំ​សង្កាត់​ទេ ​គាត់​គ្រាន់​តែ​ឡើង​មក​ជំនួស​តែ​អ្វី​ដែល​ធ្វើ​ចេញ​ពី​ចិត្ត​ផ្សេង​ ការ​សម្តែង​ផ្សេង»

​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ឃុំ​ផ្សេងៗ​ពី​គ្នា នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​ស្រដៀងៗ​គ្នា​ពី​ការ​មិន​សូវ​ពេញ​ចិត្ត​ចំ​ពោះ​ មេ​ឃុំ មេ​ភូមិ​របស់​ខ្លួន​ ក្នុង​ការ​បំពេញ​តួ​នាទី​បម្រើ​ប្រជា​ពលរដ្ឋ​ដោយ​មេ​ភូមិ ​មេ​ឃុំ​ មាន​ភាព​លម្អៀង ​ប្រកាន់​បក្ខពួក​ជា​ដើម។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ​ដែរ ​បាន​បដិសេធ​ក្នុង​ការ​ផ្តល់​កិច្ច​សម្ភាសន៍​ ដោយ​ពួក​គាត់​បាន​អះ​អាង​ថា​ ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ និង​ខ្លាច​សម្ភាសន៍​ហើយ​ ត្រូវ​បាន​មេ​ភូមិ ​មេ​ឃុំ​របស់​ខ្លួន ​គុំ​គួន​ ឬ​ធ្វើ​បាប​កាន់​តែ​ខ្លាំង។

ជាក់​ស្តែង​ អាជីវករ​ម្នាក់​បាន​ធាក់​កង់​ពី​ផ្ទះ​យក​នំ​មក​លក់​នៅ​មុខ​ប្រាសាទ​អង្គរ​ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​ ១០ ​គីឡូម៉ែត្រ ​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ VOA​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​ ស្រ្តី​ដែល​មាន​វ័យ​ ៥២ ​ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ មេ​ភូមិ​ មេ​ឃុំ​របស់​គាត់​ ប្រកាន់​បក្ខពួក ​និង​មិន​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ​ដូច​ជា​ផ្លូវ​ថ្នល់​ ភ្លើង​ ទឹក​ ជា​ដើម។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ឯក​សារ​បញ្ជាក់​ផ្សេងៗ​ បើ​សិន​ចង់​បាន​លឿន​ ត្រូវ​ចំណាយ​លុយ។

«​ឧទារហណ៍ថា ​បណ​្ណក្រីក្រ​ គេ​ជ្រើស​រើស​តែ​បង​ប្អូន​គេ ​ត្រង់​អ្នក​ក្រ​ពិត​ប្រាកដ​ គេ​អត់​សូវ​ដាក់។ ​ថ្នល់​ទាល់​តែ​គ្នា​ឯង​ មាន​នរណា​ជា​អ្នក​គ្រាន់​បើ ​គេ​រៃ​ប្រជាជន​ មក​ធ្វើ​ថ្នល់​ អញ​ជា​អ្នក​ជួយ ​អញ​អ្នក​ធ្វើ​នោះ​បាន​ បាន។ បើ​ប្រធាន​ភូមិ​អត់​ងាយ​ជួយ​ទេ ​និយាយ​ឲ្យ​ត្រង់​តែ​ម្តង។ ភ្លើង​ក៏​ចឹង​ដែរ ​ពេល​ដែល​ប្រជាជន​អូស​មក​ពី​ខាង​នោះ​ខ្លួន​ឯង។​ សំបុត្រ​កំណើត​អី​នោះ​បាន ​បើ​យើង​ចង់​លឿន​អី​ យើង​ដាក់​លុយ​ខ្លះ​ទៅ​ធ្វើ​បាន​រហ័ស​លឿន ​៣ ​ម៉ឺន​[រៀល] ​៤ ​ម៉ឺន​[រៀល]​ អី ​ខ្លះ​កូន​ខ្ញុំ​ដាក់​ ២០ ​រៀល​[ដុល្លារ]​អី​ ២​ ឬ ៣ ថ្ងៃ​ អី​បាន​ អត់​ដាក់​ ៤​ ឬ​ ១០​ ថ្ងៃ​ កន្លះ​ខែ​អី​បាន​ហើយ»

នៅ​ពេល​និយាយ​ដល់​ការ​បម្រើ​របស់​មេ​ភូមិ​នៅ​ក្នុង​ភូមិ​ ​អ្នក​ស្រី​បាន​ទម្លាក់​ទឹក​មុខ​ដែល​ស្រស់​ស្រាយ​មក​ជា​ស្រងូត​ស្រងាត់ ​និង​ដង្ហើម​ធំ ​ដោយ​និយាយ​ទាំង​អស់​សង្ឃឹម​ថា​ អ្នក​ស្រី​ចង់​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ផ្សេង​ ពី​ព្រោះ​អ្នក​ស្រី​ចង់​បាន​មេ​ភូមិ​យល់​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ ​ក៏​ប៉ុន្តែ​មើល​ទៅគ្មាន​ជម្រើស​ ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ​ដោយ​ពេល​នេះ​នៅ​ក្នុង​ភូមិ​ឃុំ​របស់​គាត់ ​អ្នក​ស្រី​ស្គាល់​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់។

«បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ផ្សេង​ ឲ្យ​ដូរ​មេ​ភូមិ ​ប៉ុន្តែ​វា​អត់​មាន​ជម្រើស ​មាន​តែ​បោះ​ឆ្នោត​ឲ្យដដែលៗ​ទៅ។​ តែ​អត់​បាន​ដូរ​ប្រធាន​ភូមិ​ដដែល ​បើ​សិន​ជា​បោះ​ទៅ​ដូរ ​អា​នោះ​បាន​មាន​ការ​សង្ឃឹម​ថា​ ប្រធាន​ភូមិ​យើង​ដូរ​ទៅ ​យ៉ាង​ម៉េច​ក៏​គ្រាន់​ជាង​នេះ។ ​ខ្ញុំ​ក៏​អស់​សង្ឃឹម​ដែរ​ត្រង់​នេះ ​បើ​សិន​ណា​ដូរ ​ប្រធានភូមិ​យើង​ទៅ​មុខ​ទៀត​ល្អ»

​ទោះ​បី​ជា​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​មួយ​ចំនួន​បាន​ត្អូញ​ត្អែរ ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មេ​ភូមិ ​មេ​ឃុំ​របស់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ​ក៏​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​នៅ​ក្នុង​ខេត្ត​នេះ​ បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ចំពោះ​មេ​ភូមិ​ មេឃុំ​របស់​ខ្លួន​ផង​ដែរ។

ជាក់​ស្តែង​ អ្នក​ស្រី​ ព្រិន ​សុខា ​អាយុ​ ៦៦​ ឆ្នាំ​ រស់​នៅ​ភូមិ​ឈូក​ស ​ឃុំ​ឃុន​រាម ​ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀម​រាប ​កំពុង​អង្គុយ​លក់​ពោត​ស្ងោរ ​នំ ​និង​ភេសជ្ជផ្សេងៗ​នៅ​មុខ​ផ្ទះ​ បាន​សម្តែង​ភាព​រីក​រាយ​និង​ពេញ​ចិត្ត​ ចំពោះ​មេ​ភូមិ​ មេ​ឃុំ​របស់​គាត់​ ដែល​បាន​បម្រើ​ប្រជា​ពលរដ្ឋ​បាន​ល្អ។

«ស្អី​ក៏​ដោយ​រឿង​អី​បញ្ហា​អី​ក៏​ដោយ​ បើ​សិន​ជា​យើង​ទៅ​រក​គាត់ ​គាត់​ដោះ​ស្រាយ​ឲ្យ​លឿន​ អត់​មាន​ថា​ រឿង​លុយ​កាក់​អី​ អត់​មាន​ទេ​ រាក់​ទាក់​មិន​ប្រកាន់​វណ្ណៈ ​ក្រ​ក៏​ដោយ​ទៅ​ពឹង​ពាក់​គាត់ ​គាត់​ចេះ​តែ​ដោះ​ស្រាយ ​សំបុត្រ​កំណើត ​សំបុត្រ​អីចឹង ​អត្តសញ្ញាណ​បណ្ណ​អី​ចឹង​ គាត់​ធ្វើ​ឲ្យ គាត់​ដោះស្រាយ​ឲ្យ​បាន ​អត់​ដែល​បាន​យក​លុយ​ទេ ​អត់​សោះ ​ខ្ញុំ​ទៅ​ធ្វើ​មិន​ដែល​យក​ទេ»

អ្នកស្រី ព្រិន សុខា អាយុ ៦៦ ឆ្នាំ រស់នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងអង្គុយលក់ពោតស្ងោរ នំ និងភេសជ្ជផ្សេងៗនៅមុខផ្ទះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២។ (ធីតា វីន/វីអូអ)

​អ្នក​ស្រី ​សុខា បាន​ឲ្យ​ដឹង​បន្ត​ថា ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ឃុំ​ សំខាន់​លើ​ការ​បម្រើ​របស់​មេ​ឃុំ​នោះ​ មិន​អាស្រ័យ​ថា​ មេ​ឃុំ​នោះ​ស្ថិត​ក្នុង​គណបក្ស​ណា​នោះ​ទេ ​ហើយ​មេ​ភូមិ​ មេ​ឃុំ​ណា​មិន​បម្រើ​រាស្រ្ត​ យើង​ត្រូវ​តែ​ធ្វើ​ការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរ។

«​ខ្ញុំ​អត់​ប្រកាន់ ​ដូច​ថា​គណបក្ស​ណា ​ឲ្យ​តែ​ល្អ ​ឲ្យ​តែ​ជួយ​ដល់​ប្រជាជន ​គ្នា​ដែល​ទ័ល​ច្រក ​ឬ​មួយ​ដោះ​ស្រាយ​អី​មិន​ចេញ ​ឲ្យ​តែ​គាត់​រហ័ស​រហួន​ ជួយ​ដោះ​ស្រាយ​ មាន​ទុក្ខ​លំបាក​អី​បាន​ហើយ។​ បោះ​ឆ្នោត​ទម្លាក់​ទៅ ​បើ​ថា​មិន​ល្អ ​មិន​បម្រើ​យើង ដែល​ខ្វះ ​មើល​ទៅ​កិប​កេង​លុយ​អី​ ទាម​ទារ​លុយ​អី ​ធ្វើ​អី​ក៏​យក​លុយៗ​ អា​ហ្នឹង​មូល​មតិ​គ្នា​ទៅ ​នៅ​តែ​ចឹង ​វា​អត់​រីក​ចម្រើន​ដដែល​ហ្នឹង​ មិន​គិត​ដល់​ប្រជាជន​ដែល​គ្នា​អត់​ខ្វះ​ខាត​រហេម​រហាម​ទៅ​ពឹង​គាត់ ​គិត​តែ​ស្រវា​យក​តែលុយ​ ម៉េច​កើត»

នៅ​ខេត្ត​សៀមរាប​ កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ​សង្កាត់​អាណត្តិ​ទី ៣ ក្នុង​ឆ្នាំ ២០១២​ ​គណបក្ស​ប្រជាជន​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំងក្លា ​រហូត​គ្រប់​គ្រង​បាន​សង្កាត់​ចំនួន ៩៨។ រីឯ​គណ​បក្ស​សមរង្ស៊ី​ ដែល​បាន​រួម​បញ្ចូល​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​តែ​ ២​ សង្កាត់​តែ​ប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​កាល​ពី​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំសង្កាត់​អាណត្តិ​ទី ៤ ​ក្នុង​ឆ្នាំ​ ២០១៧ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ​រហូត​ទទួល​បាន​ ៥៦ ​សង្កាត់​ ​ក្នុង​ចំណោម ​ឃុំសង្កាត់​ចំនួន​ ១០០​ នៃ​ខេត្ត​សៀមរាប។​ ​ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ត្រឹមតែ​ ៤៤ សង្កាត់​តែ​ប៉ុណ្ណោះ។​

​ការណ៍​នេះ​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​សង្គម​ស៊ីវិល​ និង​ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា​ មន្រ្តី​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​បំពេញ​ការងារ​ជា​ច្រើន​ដើម្បី​បម្រើ​ដល់​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​ឆ្នោត។​

លោក​ ក្អោប ​រ៉ន​ ជា​ចៅ​សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប​ មាន​អាយុ​ ៧១ ​ឆ្នាំ​ បាន​កាន់​តំណែង​ជា​មេ​ឃុំ​បាន ៥​ អាណត្តិ​កន្លង​មក​ហើយ​នោះ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​មន្ត្រី​ថ្នាក់​ភូមិ​សង្កាត់​របស់​លោក ​ព្យាយាម​ដោះ​ស្រាយ​នូវ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ ​បើ​ទោះ​បី​ជា​មិន​បាន​គ្រប់​បញ្ហា​ទាំង​អស់​ក៏​ដោយ។

«​តម្រូវ​ការ​របស់​ប្រជាជន​គ្នា​ចាំ​បាច់​ណាស់ ​គ្នា​ត្រូវ​ការ​លឿន ​ធ្វើ​ម៉េច​ ថ្ងៃ​ម៉ោងធ្វើ​ការ​អីៗ​ បើ​ខ្ញុំ​ចៅ​សង្កាត់មិន​នៅ​ មាន​ចៅ​សង្កាត់​រង​អី​ទៅ ​ជួយ​មើល​ជួយ​ធ្វើ​គ្នា​ចឹង​ទៅ ​មិន​ដែល​ទុក​ផ្អឹប​ចោល​របស់​គេ​ទេ​ អា​រឿង​ឯកសារ​ហ្នឹង ​ប៉ុន្តែ​គ្រាន់​តែ​ថា ​នោះ​វា​មិន​ងាយ​ទេ​ ក្នុង​នោះ​វា​មាន​លឺ​មាត់​លឺ​ក​ មាន​សតិ​អារម្មណ៍​ខ្លះ​ហើយ​ យើង​ជាមួយ​ប្រជា​ពលរដ្ឋ ​វា​មាន​រឿង​រ៉ាវ​គន្លាក់​គន្លើន​ច្រើន​ណាស់ ​មិន​អាច​ទទួល​បម្រើ​ដោះ​ស្រាយ​ផល​លំបាក​ ការ​លំបាក​ជូន​ប្រជាជន​បាន​ ១០០% ​ទេ ការងារ​វា​រឿង​រ៉ាវ​ច្រើន​ គ្រប់មុខ​គ្រប់​ច្រក»។​

លោក​បាន​បញ្ជាក់​ថា ​ក្នុង​នាម​ជា​ចៅ​សង្កាត់ លោក​មិន​អាច​ធ្វើអ្វី​តាម​អំពើ​ចិត្ត​បាន​នោះ​ទេ ​បើ​ទោះ​បី​ជាពេល​នេះ​មិន​មាន​គណ​បក្ស​ផ្សេងៗ​ មក​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយ។

«​មាន​ចាត់​តាំង​បក្ស​ត្រួត​ពិនិត្យ​បក្ស​គេ​នៅ​ពី​លើ​ចាំ​មើល​យើង​ទៀត​ មិន​មែន​ចេះ​តែ​យើង​អាង​តែ​អញ​មេ​ឃុំ ​ចេះ​តែ​ធ្វើ​បាន​តាម​តែ​អំពើ​ចិត្ត​ណា ​មាន​ច្បាប់​មាន​ទម្លាប់​គេ​មាន​បក្ស​គេ​ឃ្លាំ​មើល​យើង​ ហើយ​ក៏​មាន​អង្គការ​នានា ​សង្គម​ស៊ី​វិល​អីៗ​គេ​ឃ្លាំ​មើល​ ល្អិត​ល្អន់​ណាស់ ​អត់​ចេះ​ធ្វើ​ពាស​វាល​ពាស​កាល​បាន​ទេ សារ​ពត៌​មាន​គ្រប់​បែប​គ្រប់​យ៉ាង ​ទាល់​តែ​មាន​ឆន្ទៈ​បម្រើ​រាស្ត្រ​ពិត​ប្រាកដ​ទៅ​តាម​ សមត្ថភាព ​លទ្ធិភាព​ដែល​យើង​អាច​ធ្វើ​បាន ​អា​ហ្នឹង​បាន​អាច​ទៅ​រួច ​មិន​មែន​យើង​មក​ធ្វើ​ក្រអឺត​ក្រទម ​ម៉េច​ក៏​ជាប់​តែ​អញៗ​ អត់​ទេ ​អត់​មាន​ធ្វើ​ចឹង​កើត​ទេ»

​ជា​មួយ​គ្នា​ដែរ ​អ្នក​ស្រី​ ម៉ិល ​សុគង្គា​ មេ​ឃុំ​កណ្តែក ​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​ មាន​អាយុ​ ៤៨​ ឆ្នាំ​ បាន​ឡើង​កាន់​តំណែង​ជា​មេ​ឃុំ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧​ បាន​ឲ្យដឹង​ដែរ​ថា​ សេវា​ផ្សេងៗ​នៅ​ក្នុង​ឃុំ​កណ្តែក​ ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​យក​ប្រាក់​អ្វី​នោះ​ទេ​ ហើយ​ការ​អភិវឌ្ឍ​ផ្សេងៗ​ ក៏​ត្រូវ​រក​វិធី​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ផង​ដែរ។

«ឲ្យ​តែ​ឯកសារ​គាត់​មក​ត្រឹម​ត្រូវ ​មិន​មាន​ពាក់​ព័ន្ធ​រឿង​រ៉ាវ​អី ​គឺ​គាត់​អាច​ទទួល​ទៅ​វិញ​បាន​ តែ​ចំពោះ​ថវិកា​អី​ ពុំ​មាន​បាន​ក្រឹត្យក្រម​ ឬ​ក៏​អត់​លុយ​មាន​លុយ​អី​ មិន​ស៊ី​ញ៉េ​ឲ្យ​នោះ​ទេ។ បើ​និយាយ​ទៅ​ យើង​ជួយ​សម្រួល​គាត់​ទាំង​អស់​ បើ​ចំពោះ​ការ​ងារ​អភិវឌ្ឍន៍​ ដូច​ជា​ផ្លូវ​ថ្នល់ ​ជូន​អស់​ច្រើន​ចឹង​ យើង​គ្រោង​ថវិកា​ឃុំ​អត់​គ្រប់ ​តែ​យើង​រក​សប្បុរស​ជន ​មិន​អាច​ទុក​គាត់​ចោល ​ឬ​ក៏​រង​ចាំ​ទាល់​តែ​បាន​លុយ​ឃុំ​ទេ​»

​អ្នក​ស្រី​ សុគង្គា បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ការ​បម្រើ​ប្រជា​ពល​រដ្ឋ​កើត​ចេញ​ពី​ឆន្ទៈ ​មិន​មែន​ទាល់​តែ​មាន​គូរ​ប្រកួត​ប្រជែង​ ទើប​យើង​ប្រឹង​ប្រែង​ធ្វើ​នោះ​ទេ។

«​មិន​ចាំ​បាច់​ថា​ ទាល់​តែ​មាន​គណបក្ស​ដទៃ​ទេ​ ឬ​ក៏​គិត​ថា​ប្រលង​ប្រណាំង​ទេ ​បើ​យើង​មាន​ទឹក​ចិត្ត ​យើង​តែង​តែ​បម្រើ​ប្រជា​ពលរដ្ឋ ​មិន​ចាំ​ទាល់​តែ​មាន​គេ ​បាន​យើង​ខំ​ប្រឹង​ធ្វើ​ការ​អត់​មាន​ពាក្យ​ចឹង​ទេ​ ទាំង​សេវា​រដ្ឋ​បាល ​ទាំង​ការ​ទប់​ស្កាត់​កូវីដ ​ទាំង​ការ​ចាក់​វ៉ាក់​សាំង ​ជូន​ប្រជា​ពលរដ្ឋ ​ឬ​ក៏​គាត់​ត្រូវ​ការ​សេវា​បម្រើ​អីៗ​ គឺ​យើង​ខំ​ប្រឹង​ណាស់ ​មិន​អាច​ទុក​ពួក​គាត់​ចោល​ដូច​ពាក្យ​ការ​រិះ​គន់​នោះ​ទេ»

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឈរ​និយាយ​គ្នា ខណៈ​ពួកគេ​រង់ចាំ​ចូលរួម​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

​កាល​ពី​ដើម​ខែ​តុលា ​ឆ្នាំ ២០២១​ លោក ​ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ថា លោក​សន្យា​ថា នឹង​បន្ត​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ទូទៅ អំពី​កំណែ​ទម្រង់វិមជ្ឈការ ​និង​វិសហមជ្ឈ​ការ ​ដែល​លោក​ចាត់​ទុក​ថា​ជា «​អភិបាល​កិច្ច​ពាក់ព័ន្ធ​យ៉ាង​ដិត​ដិត​បំផុត»​ ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ។

លោក​ ស​ ខេង ​ក៏​តែង​តែ​រំលឹក​ជា​ញឹក​ញាប់​ដល់​មន្រ្តី​ថ្នាក់​ឃុំ​សង្កាត់​ផង​ដែរ​ នៅ​ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ ​ផ្តល់​សេវា​សាធារណៈ ​និង​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បំផុត។

​លោក ​កន ​សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុមហ្វ្រែល​ ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ប្រាប់​វីអូអេ​ថា ​មេ​ឃុំ​មួយ​ចំនួន​មិន​បាន​បំពេញ​តួ​នាទី​បម្រើ​ប្រជា​ពលរដ្ឋ​នោះ​ គឺ​មក​ពី​បុគ្គល​នោះ​ផ្ទាល់ ​តែ​ទោះ​បី​ជា​យ៉ាង​ណា​ ថ្នាក់​លើ​ក៏​ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើនោះ​ដែរ។

«​បើ​សិន​ជា​មាន​យន្តការ​ក្នុង​ការ​ត្រួត​ពិនិត្យ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​ប្រជា​ពលរដ្ឋ​ក៏​ដោយ​ ទាំង​អង្គ​ការ​សង្គម​ស៊ី​វិល​ក៏​ដោយ ​ហើយ​ទទួល​យក​នូវ​អ្វី​ដែល​មាន​មតិ​យោបល់​ដែល​លើក​ឡើង​ ហើយ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​តំបន់​ហ្នឹង​ ឬ​ក៏​មាន​ការ​ពិនិត្យ​ក្នុង​តំបន់​ហ្នឹង ​អា​ហ្នឹង​គឺ​ធ្វើ​ឲ្យ​អាជ្ញាធរ​ ដែល​ខូច​ខិល​ហ្នឹង​ ឬ​ក៏​អ្នក​ដែល​គិត​ពី​បក្ខពួក​ ឬ​ក៏​អ្នក​ដែល​មាន​អំណាច​នៅ​តំបន់​ហ្នឹង​ គាត់​អាច​មាន​ការ​ខ្លាច​រអា​ដែរ ​ហើយ​បើ​មិន​ចឹង​ទេ​ ទោះ​បី​ខាង​លើ​ស្រែក​ក៏​ដោយ​ ក៏​ប៉ុន្តែ​គាត់​មាន​បក្ស​ មាន​ពួក ​មាន​ខ្សែ​ គាត់​តាម​ជួយ​គាត់​ គាត់​ចេះ​តែ​ធ្វើ​ទៅ»

​លោក ​កន​ សាវាង្ស ​បានឲ្យ​ដឹង​បន្ត​ថា​ បេក្ខភាព​មេ​ឃុំ​របស់​គណបក្ស​នយោបាយ​នីមួយៗ​ គឺ​មាន​សារៈសំខាន់​ណាស់ ​ពី​ព្រោះ​មន្រ្តី​ទាំង​នោះ​នៅ​ជិត​ប្រជា​ពលរដ្ឋ​បំផុត។

«សំដៅ​លើ​គណបក្ស​ណា​ក៏​ដោយ​ បើ​សិន​ជា​គាត់​ធ្វើ​កិច្ច​ការងារ​មិន​ល្អ ​នៅ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​ វា​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ថ្នាក់​ជាតិ​ទៀត​ ពី​ព្រោះ​អី​គាត់​យល់​ឃើញ​ថា​ ការ​គ្រប់​គ្រង​ឃុំ​សង្កាត់​ដែល​គាត់​ធ្វើ​ឲ្យ​មាន​បញ្ហា​មិន​ល្អ​ ហើយ​ថ្នាក់​លើ​គាត់​ធ្វើ​មិន​ដឹង​មិន​លឺ​ទៀត​ ចឹង​តើ​គួរ​គប្បី​អី​ដែល​គាត់​អាច​នឹង​បោះ​ឆ្នោត​សម្រាប់​ថ្នាក់​ជាតិ​ ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ជា​អ្នក​គ្រប់​គ្រង​ហ្នឹង​នៅ​បន្ត​ការ​គ្រប់​គ្រង​ថែម​ទៀត ​ពី​ព្រោះ​អី​គាត់​មាន​ការ​មិន​សប្បាយ​ចិត្ត ​ហើយ​គាត់​ច្បាស់​ណាស់​គាត់​នឹង​មាន​ការ​ដោះ​ដូរ​ហើយ​»

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ សេវា​សាធារណៈ​ជា​ចំណុច​ដែល​ប្រជា​ពលរដ្ឋ​មាន​ការ​ត្អូញ​ត្អែរ ​ដូច្នេះ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​នូវ​សេវា​សាធារណៈ ​និង​សេវា​ចាំ​បាច់​ផ្សេងៗ​ ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​លឿន ​ពី​ព្រោះ​បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត ​ហើយ​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ផង​ដែរ។

​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្តោប​យក​អំណាច​តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូល​ដ្ឋាន ​អ្នក​តាម​ឃ្លាំ​មើល​ស្ថានការណ៍​កម្ពុជា​និង​បក្ស​មិន​កាន់​អំណាច​ យល់​ថា​មាន​បញ្ហា​ជា​ច្រើន​នៅ​ថ្នាក់​មូលដ្ឋាន​ ដែល​ទាម​ទារ​ឲ្យ​ដោះស្រាយ​ ដោយ​សារ​តែ​មិន​ទាន់​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​នៅ​ឡើយ។​ បញ្ហា​ទាំង​នោះ ​រួម​មាន​រដ្ឋបាល​នានា ​ដែល​មាន​ដូចជា​ឯកសារ​បណ្ណ​ស្នាក់​នៅ​ បណ្ណ​គ្រួសារ​ ​ទំនាស់​ដីធ្លី ​បំបាត់​អំពើ​ពុក​រលួយ​ ការ​សិក្សា​អប់រំ​ ​សុខាភិបាល ​និង​កសិកម្ម​ រហូត​ដល់​បញ្ហា​សន្តិ​សុខ​ គ្រឿង​ញៀន ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ក្រុម​ទំនើង​ជាដើម។

លោក​ គល់ ​បញ្ញា ​ទីប្រឹក្សា​អង្គ​ការ​ខុម​ហ្វ្រែល​ ដែល​ជា​អង្គការ​តាម​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ធ្លាប់​បាន​លើក​ឡើង​ថា​ ការ​ក្តាប់​យក​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្រោយ​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ប៉ះ​ពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​វិមជ្ឈការ​ទៅ​ថ្នាក់​មូល​ដ្ឋាន​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ ក៏​លោក​ សុខ​ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ នៅ​មាន​មេ​ឃុំ​មួយ​ចំនួន​បម្រើ​ប្រជា​ពលរដ្ឋ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ ដូច្នេះ​ទើប​មាន​ការ​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​រៀង​រាល់​ ៥​ ឆ្នាំ​ម្តង ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​សម្រេច​ចិត្ត​ជ្រើស​រើស​បេក្ខភាព​មេ​ឃុំ​ដែល​ខ្លួន​ពេញ​ចិត្ត។

«គឺ​ថា​ មេ​ឃុំ​ទូ​ទាំង​ប្រទេស​ ១៦០០​ មេ​ឃុំ​ជាង​ទៅ​ហើយ​ចឹង​ វា​អត់​ដូច​គ្នា​ទេ​ ដែល​វា​កើត​ឡើង​នូវ​បាតុភាព​អសកម្ម​តិច​តួច​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ហ្នឹង​ហើយ ​បាន​យើង​ទុក​លទ្ធភាព​ជូន​សិទ្ធ​ដល់​ប្រជា​ពលរដ្ឋ​ ដើម្បី​ជ្រើស​រើស​បេក្ខភាព​ថ្មី​ក្នុង​អាណតិ្ត​នីមួយៗ​ ដើម្បី​ជម្រុះ​ចោល​នូវ​អ្នក​ណា​ដែល​ប្រជា​ពលរដ្ឋ​មិន​ពេញ​ចិត្ត ​ហើយ​លើក​ឡើង​នូវ​អ្នក​ណា​ដែល​ប្រជា​ពលរដ្ឋ​ពេញ​ចិត្ត។​ ទោះ​បី​អ្នក​ល្អ​ក៏​ដោយ ​អ្នក​មិន​ល្អ​ក៏​ដោយ​គឺ​ ៥ ​ឆ្នាំ​ ត្រូវ​តែ​ឈរ​ឈ្មោះ​ឡើង​វិញ​ ឬ​មួយ​ក៏​មិន​អាច​ឈរ​ឈ្មោះ​ឡើង​វិញ​បាន»

​ក៏​ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​បន្ត​ថា ​មេ​ឃុំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ បម្រើ​ប្រជា​ពលរដ្ឋ​ទៅ​តាម​តួ​នាទី​របស់​ខ្លួន ​មិន​អាស្រ័យ​ទៅ​លើ​មាន​គណបក្ស​ប្រឆាំង​មក​ប្រកួត​ប្រជែង​នោះ​ទេ។

«បក្ស​កាន់​អំណាច​គេ​មាន​គោល​ការណ៍​ លក្ខការណ៍​ បិទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គេ ​មាន​លក្ខន្តិកៈ​ ក្នុង​ការ​រៀប​ចំ​សមាភាព​បញ្ជី​រាយ​នាម​បេក្ខ​ជន​អី​ហ្នឹង​ មិន​មែន​គាត់​ចេះ​តែ​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ អាង​តែ​ថា​អត់​មាន​បក្ស​ប្រឆាំង​ទេ។​ ដូច្នេះ​វា​មិន​អាច​ចោទ​ប្រកាន់​ថា​ មេ​ឃុំ​គណ​បក្ស​កាន់​អំណាច​ហ្នឹង​ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បាន​ទេ ​ពី​ព្រោះ​វា​មាន​បក្ស​ថ្នាក់​លើ​ ហើយ​មេ​ឃុំ​វា​មាន​ចៅ​ហ្វាយ​ស្រុក​នៅ​ពី​លើ»

​កាល​ពី​ឆ្នាំ ​២០១៧​ គណបក្ស​នយោបាយ​ចំនួន​ ១២ ​បាន​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ប៉ុន្តែ​មាន​តែ​គណបក្ស​ធំ​ពីរ​ទេ​ ដែល​ទទួល​បាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា ​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ការគាំទ្រ​ជាង​ ៥០ ​ភាគ​រយ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សន្លឹក​ឆ្នោត​ជិត ​៤៤ ​ភាគរយ៕ ​