លោក ឃន់ ម៉ា កំពុងសម្រាកពេលថ្ងៃរសៀលនៅលើកម្រាលស៊ីម៉ងត៍ក្បែរគ្រែក្នុងផ្ទះរបស់លោក ស្ថិតក្នុងភូមិវាល នៃសង្កាត់ជ្រាវ ចម្ងាយ១២គីឡូម៉ែត្រពីក្រុងសៀមរាប។
ពេលដើរចេញពីបន្ទប់ក្នុងផ្ទះ ខណៈមានញើសពេញខ្លួន អ្នករត់រ៉ឺម៉កកង់បី វ័យ៣២ឆ្នាំនៅក្នុងក្រុងសៀមរាបរូបនេះ និយាយថា ផ្ទះរបស់លោកដែលមានជញ្ជាំងនិងដំបូលប្រក់ស័ង្កសីនេះ មិនទាន់មានអគ្គិសនីប្រើប្រាស់ទេ។
លោក ឃន់ ម៉ា ដែលប្រកបរបររត់រ៉ឺម៉កកង់បីនេះអស់រយៈពេលជិត៧ឆ្នាំមកហើយនោះ មានប្រសាសន៍ថា ការដែលផ្ទះរបស់លោកមិនមានភ្លើងប្រើប្រាស់ក្នុងផ្ទះនេះ គឺដោយសារ បណ្ដាញភ្លើងរដ្ឋ មិនទាន់ត្រូវបានតភ្ជាប់មកដល់ភូមិរបស់លោក ហើយសេវាភ្លើងឯកជនដែលមានក្នុងភូមិនេះ មានតម្លៃថ្លៃ។
លោកមានប្រសាសន៍ថា៖ «ចង់ឲ្យភ្លើងរដ្ឋចូលដល់ ស្រួលយើងប្រើប្រាស់»។
ម្ដាយរបស់លោក ឃន់ ម៉ា គឺអ្នកស្រី អោម សំអាត អាយុ៦៥ឆ្នាំ បានថ្លែងប្រាប់ VOAថា សព្វថ្ងៃនេះ អ្នកស្រីបានសម្រេចចិត្តប្រើប្រាស់អាគុយសម្រាប់បំភ្លឺផ្ទះតិចតួចនៅពេលយប់ប៉ុណ្ណោះ។
អ្នកស្រីបន្តថា តម្លៃភ្លើងនិងសេវាតភ្លើងឯកជនមកដល់ផ្ទះ ត្រូវបង់ថ្លៃច្រើនពេក រហូតដល់ជាង១០០ដុល្លារ ដែលអ្នកស្រីមិនមានលទ្ធភាពបង់បាន។ ដូច្នេះក្រុមគ្រួសាររបស់អ្នកស្រីដែលមានសមាជិកដល់ទៅ៩នាក់នោះ ត្រូវបង្ខំចិត្តរង់ចាំភ្លើងរដ្ឋ ដើម្បីតប្រើប្រាស់នៅពេលខាងមុខ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំអត់មានលុយដល់គេ។ វាតខ្សែភ្លើងវែង។ ជួនណា សុំគេតកន្លែងនេះ គេមិនឲ្យតផង។ ហើយសុំតម៉េចក៏១០០(ដុល្លារ)ដែរអូន។ ហើយទម្រាំខ្សែភ្លើងទៀត ហើយយើងក្រ វាឡើងជិត២០០(ដុល្លារ) បានលុយពីណា។ រកលុយហូបគ្មានផង»។
ដូចក្រុមគ្រួសាររបស់អ្នកស្រី អោម សំអាត ដែរ អ្នកភូមិនៅទីនេះជាច្រើនគ្រួសារទៀត ក៏មិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ដែរ ទោះបីជាពួកគេរស់នៅចម្ងាយប្រមាណតែជាង១០គីឡូម៉ែត្រពីទីក្រុងសៀមរាប ដែលជាក្រុងទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោកទៅហើយក៏ដោយ។
ចំណែកឯ ក្រុមគ្រួសារខ្លះទៀត ដែលមានលទ្ធភាពតភ្លើងឯកជនប្រើប្រាស់នៅក្នុងភូមិនេះ ក៏បានរអ៊ូរទាំដែរថា ភ្លើងឯកជនមានតម្លៃខ្ពស់ គឺ១៣០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង បើប្រៀបធៀបនឹងភ្លើងរដ្ឋដែលមានតម្លៃជាង៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។
ដូច្នេះ ពួកគេបានទទូចស្នើឲ្យអាជ្ញាធរអគ្គិសនី ឆាប់ពន្លឿនសេវាផ្គត់ផ្គង់ភ្លើងរដ្ឋ ឲ្យមកដល់តំបន់របស់ពួកគេឲ្យឆាប់ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ប្រជាជនកម្ពុជា ជាង៤០ភាគរយ ជាពិសេសអ្នកដែលរស់នៅជនបទដាច់ស្រយាលឬឆ្ងាយពីទីប្រជុំជន នៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយ ខណៈដែលតម្លៃអគ្គិសនីនៅក្នុងប្រទេសនេះ ក៏មានកម្រិតខ្ពស់ជាងគេនៅក្នុងតំបន់ដែរ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌល Stimson Center ដែលនិយាយអំពីអគ្គិសនីសម្រាប់ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ ដែលចេញផ្សាយក្នុងទីក្រុងភ្នំពេញកាលពីខែកក្កដាកន្លងទៅនេះ។
របាយការណ៍ដដែលបន្ថែមថា មានមូលហេតុច្រើនដែលតម្លៃអគ្គិសនីនៅថ្លៃ ប៉ុន្តែកត្តាមួយគឺដោយសារការពឹងផ្អែកច្រើនពេកពីការនាំចូលប្រេងឥន្ធនៈពីក្រៅប្រទេស ដោយមានអត្រាពន្ធនាំចូល នៅខ្ពស់នៅឡើយ។ ប្រទេសកម្ពុជា ក៏បាននាំចូលអគ្គិសនីប្រហែល២០ភាគរយនៃតម្រូវការពីប្រទេសជិតខាង រួមមានប្រទេសវៀតណាម ថៃ និងឡាវផងដែរ។ នេះបើយោងតាមរបាយការណ៍ដដែល។
អ្នកភូមិមួយចំនួននៅក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប បានប្រាប់ VOA ថា ពួកគេបានកំពុងប្រើប្រាស់ភ្លើងឯកជន ដែលមានតម្លៃថ្លៃគឺស្មើពីរដងនៃតម្លៃភ្លើងរដ្ឋ។
អ្នកនាង ហ៊ុំ លីស្សា អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិវាលក្នុងសង្កាត់ជ្រាវ បាននិយាយថា អ្នកនាងចំណាយប្រាក់ច្រើនដល់ជាង១០ម៉ឺនរៀលក្នុងមួយខែសម្រាប់ថ្លៃភ្លើង។ អ្នកនាងបន្តថា ប្រសិនបើមានភ្លើងរដ្ឋប្រើប្រាស់ នោះការចំណាយប្រហែល៤ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយខែ។
អ្នកនាងបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំចង់សំណូមពរឲ្យគេដាក់បង្គោលភ្លើងជុំវិញដែលយើងខ្វះខាតនេះទៅ ហើយខ្ញុំក៏ចង់តភ្លើងរដ្ឋដែរ ព្រោះភ្លើងរដ្ឋធូរថ្លៃជាងភ្លើងឯកជន»។
អ្នកនាងត្អូញត្អែរថា មានខែខ្លះ អ្នកនាងពិបាកនឹងរកថវិកាសម្រាប់បង់ថ្លៃភ្លើងផងដែរ។
អ្នកនាងបានបញ្ជាក់ថា៖ «អស់ច្រើនដែរហ្នឹងបង។ ដូចថាមួយខែ ខែណាដែលយើងរកទាន់ ទាន់ ខែណាយើងរកអត់ទាន់ អស់ច្រើន។ ខែណាដែលយើងរកទាន់ បង់ស្រួល ខែណា យើងរកអត់ទាន់ យើងរៀង(ពិបាក)នេះដែរ»។
ទោះជាយ៉ាងណា អ្នកនាងបានដាក់ការសង្ស័យថា ការមិនមានភ្លើងរដ្ឋប្រើប្រាស់នាពេលនេះ អាចបណ្ដាលមកពីមានកិច្ចសន្យាឃុបឃិតគ្នារវាងម្ចាស់អាជីវកម្មផ្គត់ផ្គង់ភ្លើងឯកជន និងអង្គភាពអគ្គិសនីរដ្ឋ។
អ្នកនាងមានប្រសាសន៍ថា៖ «មកពីឯកជន គេអត់ឲ្យត ដូចថាគេកុងត្រាជាមួយភូមិហ្នឹងដាច់អស់ហើយ។ គេម៉ៅភូមិហ្នឹង ដូចថាភូមិប៉ុន្មាន បីបួនភូមិហ្នឹង គេដាច់ហើយ គេគិតដាច់អស់ ដល់ពេលអញ្ចឹងយើងមិនអាចតភ្លើងរដ្ឋបាន»។
ប្រជាពលរដ្ឋម្នាក់ទៀត លោក អ៊ុត ចក់ អាយុ៥៨ឆ្នាំ មានប្រសាសន៍ថា លោកបានចំណាយប្រាក់ចាប់ពី៥ម៉ឺនទៅ៦ម៉ឺន លើតម្លៃភ្លើងប្រចាំខែ។ លោកបានស្នើឲ្យមានអគ្គិសនីរដ្ឋតមកឆាប់ៗនាពេលខាងមុខនេះ។
លោកមានប្រសាសន៍ថា៖ «ស្នើសុំភ្លើងរដ្ឋចូលមក តាមភូមិ។ គ្រាន់បានភ្លើងរដ្ឋប្រើ។ កុំពិបាកទាញយកភ្លើងឯកជន គេយកមកពីរបីកើបហើយហ្នឹង»។
លោក ចាប ចេង ដែលជាម្ចាស់អាជីវកម្មភ្លើងឯកជន និងជាមេភូមិវាលក្នុងសង្កាត់ជ្រាវផងដែរនោះ បានថ្លែងប្រាប់ VOA ថា បច្ចុប្បន្ននេះ បណ្ដាញអគ្គិសនីរដ្ឋ ត្រូវបានតចូលទៅក្នុងភូមិហើយដែលលោកថាមិនយូរទេ ភ្លើងរដ្ឋនឹងអាចប្រើប្រាស់បាន។
លោកក៏បានច្រានចោលការចោទប្រកាន់របស់អ្នកភូមិថា លោកចង់រក្សាទុកភ្លើងឯកជននៅក្នុងតំបន់នេះតទៅទៀត បើទោះជាមានភ្លើងរដ្ឋចូលមកដល់ក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ភ្លើងនេះ ខ្ញុំដែលចង់ទៅចែកចាយអី ខ្ញុំអូសប្រើតែខ្លួនខ្ញុំ ប៉ុន្តែសុំញ៉ែ សុំប្រើទៅ ចេះតែចែកគ្នាប្រើទៅ។ ហើយខ្ញុំអូសឆ្ងាយ វាមានការបាត់បង់ហើយ»។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំឥឡូវ ខ្ញុំលែងឈឺក្បាលហើយ ខ្ញុំប្រាប់ថា ឲ្យតែរដ្ឋចែកចាយមក ខ្ញុំអាងនឹងផ្ដាច់ចេញ។ និយាយឲ្យខ្លី តែប៉ុននេះបានហើយ ខ្ញុំអត់មានចង់ទុកដល់ណាទៀតទេ»។
ចៅសង្កាត់រងនៃសង្កាត់ជ្រាវ លោក ក្តឹប សាវ៉ាត់ មានប្រសាសន៍ថា ប្រជាជនដែលមិនទាន់មានភ្លើងរដ្ឋប្រើប្រាស់ ចង់ឲ្យប្រមូលថវិកាពីអ្នកភូមិដើម្បីតបណ្ដាញចូលមកជិតភូមិរបស់គេ ហើយអ្នកភូមិខ្លះក៏បានតបណ្ដាញដោយខ្លួនឯងរួចហើយ។
លោកបន្តថា ប្រជាជនប្រហែល១៥០គ្រួសារក្នុងសង្កាត់របស់លោកដែលមិនទាន់មានភ្លើងរដ្ឋប្រើប្រាស់នៅឡើយ។
អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង មានប្រសាសន៍ថា អាជ្ញាធរអគ្គិសនីខេត្តមានផែនការច្បាស់លាស់ ក្នុងការបំពេញកង្វះខាតភ្លើងនៅតំបន់ទាំងនោះ តែលោកថា វាត្រូវការពេលវេលា ដោយសារការងារទាំងនេះ គឺជារឿងបច្ចេកទេស។
លោកមានប្រសាសន៍ថា៖ «ផែនការរបស់អង្គភាពអគ្គិសនីហ្នឹង នឹងដាក់គ្រប់ទាំងអស់ ប៉ុន្តែខ្ញុំមិនសន្យាថា ថ្ងៃណាថ្ងៃណីទេ ប៉ុន្តែនឹងដាក់ទាំងអស់នៅក្នុងឆ្នាំហ្នឹងបាទ»។
ឆ្លើយតបនឹងតម្លៃភ្លើងឯកជនដែលមានតម្លៃខ្ពស់នេះ លោក សូរ ប្លាតុង មានប្រសាសន៍ថា៖ «គេរកស៊ី អាហ្នឹងយើងម៉េចដឹង អាហ្នឹង គេចុះកិច្ចសន្យាជាមួយខាងអគ្គិសនី ប៉ុនកន្លែងណាដែលថ្លៃ បើមានកន្លែងណា កន្លែងជាក់ស្ដែង យើងអាចទៅណែនាំយ៉ាងម៉េចអីបង អាហ្នឹងខាងអគ្គិសនី គេមានកិច្ចសន្យាអីរបស់គេ»។
លោក គង់ ពុទ្ធិ ប្រធានអាជ្ញាធរអគ្គិសនីខេត្តសៀមរាប បានបដិសេធមិនផ្ដល់បទសម្ភាសន៍ជាមួយ VOA។
យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០១២ ប្រជាជនប្រមាណ២០០នាក់នៅក្នុងខេត្តសៀមរាប បានតវ៉ាសុំឲ្យបញ្ចុះតម្លៃអគ្គិសនីឯកជនពីតម្លៃ៣៤០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង មកត្រឹមតែ១៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយក៏បានជំរុញឲ្យមានការតបណ្ដាញភ្លើងរដ្ឋផងដែរ។
កង្វះការផ្គត់ផ្គង់អគ្គិសនីមួយដែលមានស្ថិរភាព និងមានតម្លៃប្រកួតប្រជែងនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពសង្គមនិងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា៕