ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលរស់នៅក្នុងតំបន់អប្សរាបានបង្ហាញក្តីព្រួយបារម្ភអំពីការផ្លាស់ប្តូរទីលំនៅ ដូចពលរដ្ឋដែលកំពុងរស់នៅតំបន់រុនតាឯក ដោយស្នើឱ្យអាជ្ញាធរកាត់ឆ្វៀលដីសម្រាប់ពួកគេដើម្បីអាចសាងសង់សំណង់ស្របច្បាប់។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពលរដ្ឋប្រមាណ ៤០០ នាក់ ដែលរស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានប្រមូលផ្តុំគ្នាដាក់ញត្តិទៅសាលាឃុំខ្នាត ដើម្បីស្នើទៅរដ្ឋាភិបាល និងអង្គការយូណេស្កូឱ្យអាជ្ញាធរជាតិអប្សរាបញ្ឈប់ «ការរឹតត្បិត» និងការគ្រប់គ្រងក្នុងតំបន់ដែលពួកគេរស់នៅ។
បើតាមញត្តិនោះ ពលរដ្ឋអះអាងថា ពួកគេបានរស់នៅដោយរងការគាបសង្កត់ពីអាជ្ញាធរជាតិអប្សរាជាយូរមកហើយ។
ប្រជាពលរដ្ឋបញ្ជាក់ថា៖ «យើងខ្ញុំរស់នៅដោយភាពភ័យខ្លាចពីអាជ្ញាធរអប្សរា រស់នៅទាំងភាពឈឺចាប់ជាទីបំផុតពីអាជ្ញាធរអប្សរា រស់ដោយគ្មានសិទ្ធិនៅលើដីធ្លីរបស់ខ្លួនឯង ហើយគ្មានសិទ្ធិសាងសង់លំនៅឋាននៅលើដីធ្លីខ្លួនឯង។ល។ ជាពិសេសតំបន់ដែលយើងខ្ញុំទាំងអស់គ្នារស់នៅនេះ គឺឆ្ងាយពីតំបន់អង្គរខ្លាំងណាស់។ តំបន់យើងខ្ញុំមិនមានប្រាសាទទេ គឺមានតែតំបន់ភូមិចាស់ដែលជាទឹកដីដូនតារបស់យើងខ្ញុំទាំងអស់គ្នាតាំងពីយូរណាស់មកហើយ មានតែបងប្អូនប្រជាកសិករធ្វើស្រែចម្ការ ហើយនិងផ្ទះរបស់ប្រជាពលរដ្ឋ»។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំខ្នាតមួយរូប លោក ម៉ន សំអុល ប្រាប់វីអូអេថា រាល់ការសាងសង់ឬការធ្វើអ្វីមួយក្នុងភូមិឃុំត្រូវស្នើសុំទៅកាន់អាជ្ញាធរជាតិអប្សរាជាមុនសិន ប៉ុន្តែជារឿយៗមិនត្រូវបានអនុញ្ញាតឡើយ។
លោកថ្លែងថា៖ «សូម្បីតែការសាងសង់អ្វីផ្សេងៗ គាត់[អាជ្ញាធរអប្សរា]មិនអនុញ្ញាតសាងសង់ទេបង។ សូម្បីតែជួសជុសដូចជាស័ង្កសីរហែក ៣-៤ សន្លឹកហ្នឹង គាត់ឱ្យដាក់ច្បាប់ទៅខាងអាជ្ញាធរអប្សរា។ ហើយបើទាក់ទងនឹងការសាងសង់ គឺគាត់មិនអនុញ្ញាតដាច់ខាត សូម្បីតែទ្រុងមាន់ ទ្រុងទា ទ្រុងគោ បន្ទប់ទឹកក៏គាត់មិនឱ្យសាងសង់ដែរ។ គាត់ឱ្យដាក់ច្បាប់ ហើយមួយទៀតច្បាប់ បងប្អូនប្រជាពលរដ្ឋដាក់ដល់ ២-៣ ខែ ហើយអត់បានទៀត»។
ប្រជាពលរដ្ឋរូបនេះបង្ហាញការព្រួយបារម្ភអំពីការផ្លាស់ប្តូរទៅរស់នៅតំបន់ថ្មី ដូចជារុនតាឯក និងពាក់ស្នែងក្នុងស្រុកបន្ទាយស្រីជាដើម។ លោកសុំឱ្យរដ្ឋាភិបាលពន្លឿនការកាត់ឆ្វៀលឃុំខ្នាតមិនឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបន្តទៀត។
លោកថ្លែងថា៖ «យើងចេះតែបារម្ភមួយថា ខ្លាចតែអនាគតទៅមុខទៅ យើងនឹងប្រឈមមុខដូចនឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ ពីព្រោះយើងសព្វថ្ងៃគឺយើងរស់នៅក្រោមអាជ្ញាធរអប្សរា គឺយើងមិនបានរស់នៅក្រោមម្លប់អាជ្ញាធរដែនដីអាជ្ញាធរជាតិទេ»។
ចំណែកប្រជាពលរដ្ឋមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះព្រោះព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ប្រាប់វីអូអេតាមទូរស័ព្ទថា អាជ្ញាធរអប្សរាបានគាបសង្កត់ជាខ្លាំងមកលើការរស់នៅរបស់ប្រជាពលរដ្ឋ ហើយវាបានប៉ះពាល់ការរស់នៅប្រចាំថ្ងៃរបស់លោក។
លោកថ្លែងថា៖ «យើងអាចអាស្រ័យផលដំាដំណាំធ្វើស្រូវបាននៅលើស្រែចម្ការ ប៉ុន្តែអីផ្សេងៗទៀតដូចអត់មានទេ សូម្បីតែយើងធ្វើតូបកញ្ជប់ៗលក់បបរ លក់ឥវ៉ាន់ចាប់ហួយ ឬមួយថាយើងលក់បបរលក់អីចុះ លក់ត្រីសាច់ សូម្បីតែតូប ២-៣ ម៉ែត្រ ១ម៉ែត្រ ៤ជ្រុង ហើយសូម្បីបង់តង់ខៀវៗ ហើយមិនមានធ្វើអីក៏ដោយដាក់ឈើដំៗហ្នឹង ក៏ពួកគាត់មិនឱ្យធ្វើទេ។ គាត់ចុះមករើចុះមកហាមឃាត់គ្រប់រូបភាពទាំងអស់»។
បើតាមប្រជាពលរដ្ឋរូបនេះ ការស្នើសុំទៅអាជ្ញាធរសម្រាប់សាងសង់ ឬធ្វើអ្វីមួយតាមគេហឋានត្រូវចំណាយពេលយ៉ាងតិច ៣ ខែ ដោយរូបលោកបញ្ជាក់ថា បើទោះបីត្រឹមជាការប្តូរសំយាបផ្ទះ ឬការជួសជុសផ្ទះតិចតួចក៏ដោយ ប្រជាពលរដ្ឋចាំបាច់ស្នើសុំទៅកាន់អាជ្ញាធរអប្សរា។ លោកបន្តថា កន្លងមក ប្រជាពលរដ្ឋមានបណ្ណកាន់កាប់កម្មសិទ្ធិដីដែលទទួលស្គាល់ត្រឹមស្រុកឃុំ ឬហៅថា ប្លង់ទន់ប៉ុណ្ណោះ ដោយប្រជាពលរដ្ឋនាពេលបច្ចុប្បន្នមិនអាចដាក់លក់ ឬផ្ទេរកម្មសិទ្ធិកាន់កាប់ដីបាននោះទេ។
ចំណែកលោក ផាត សាទាល អាយុ ៥៣ ឆ្នាំ ប្រជាពលរដ្ឋដែលរស់នៅឃុំខ្នាត ក៏ស្នើសុំឱ្យមានការត្រួតពិនិត្យ ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយស្របច្បាប់ និងមិនប្រឈមនឹងការរឹតត្បិត។
លោកថ្លែងថា៖ «ប្រសិនថាមិនដក[អាជ្ញាធរ]អប្សរាចេញទៅចុះ ឱ្យតែបានថា ប្រជាពលរដ្ឋអាចធ្វើផ្ទះបាន ធ្វើអណ្តូងជីកអីបាន ធ្វើរោងគោបាន ឱ្យតែបងប្អូនយើងបានសុខតែប៉ុណ្ណឹងបានហើយ»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់វីអូអេតាមទូរស័ព្ទថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្តែងមតិណាមួយ ប៉ុន្តែត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់របស់ប្រទេស។ លោកបញ្ជាក់ថា បើតាមចំណុចទាំង ៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរាត្រូវមានសិទ្ធិក្នុងការត្រួតពិនិត្យ និងសម្រួលកិច្ចគាំពារនៅក្នុងតំបន់អង្គរ។ លោកបន្តថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសាងសង់ ឬជួសជុលផ្ទះសម្បែងរបស់ខ្លួនស្របតាមការអនុញ្ញាតរបស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។
លោកថ្លែងថា៖ «អ៊ីចឹងហើយត្រង់ចំណុចនេះ អាជ្ញាធរជាតិអប្សរាក៏បានធ្វើការកែសម្រួលនូវកិច្ចការងារមួយចំនួនជាពិសេសទាក់ទងនឹងច្បាប់ជាតិស្តីអំពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ អ៊ីចឹងហើយនៅក្នុងឆ្នាំ ២០០៤ តាមសេចក្តីសម្រេចលេខ ៧០ ស.ស.រ រាជរដ្ឋាភិបាលបានសម្រេចថា បងប្អូនប្រជាពលរដ្ឋដែលជាអ្នករស់នៅ ម្ចាស់ស្រុកនៅតំបន់រមណីយដ្ឋានអង្គរមានសិទ្ធិសាងសង់ផ្ទះ ជួសជុលផ្ទះសម្បែង ក៏ប៉ុន្តែស្របតាមការអនុញ្ញាតរបស់មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាដើម្បីជួយផ្តល់យោបល់ថាតើសំណង់នៃការសាងសង់របស់គាត់ហ្នឹងវាស្របច្បាប់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសយ៉ាងម៉េចខ្លះ»។
លោក ឡុង កុសល ស្នើឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីមូលដ្ឋាននៃការអនុវត្តច្បាប់ ដោយថា អាជ្ញាធរមិនបានគាបសង្កត់ប្រជាពលរដ្ឋឡើយ។
លោកថ្លែងថា៖ «យើងខ្ញុំជាអ្នកអនុវត្តក៏ត្រូវមានភាពទន់ភ្លន់ក្នុងការអនុវត្តច្បាប់ដែរ។ ពួកខ្ញុំមិនបានទៅធ្វើការបង្ខិតបង្ខំ ឬបានទៅធ្វើការដែលហៅថាបើសិនជាគាត់សាងសង់នូវសំណង់ខុសច្បាប់ យើងទុកពេលវេលាជូនគាត់ដើម្បីគាត់ធ្វើការកែសម្រួលសំណង់ខុសច្បាប់របស់គាត់។ គាត់អាចដកចេញ ឬក៏គាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីបំពេញភាពស្របច្បាប់របស់គាត់ឡើងវិញ»។
លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យដែលបានតាមដានការដាក់ញត្តិរបស់ប្រជាពលរដ្ឋ ប្រាប់វីអូអេថា ឃុំខ្នាតស្ថិតនៅឆ្ងាយពីតំបន់អង្គរ និងមិនមានប្រាសាទដែលធ្វើឱ្យប៉ះពាល់ដល់សំណង់ ឬហេដ្ឋារចនាសម្ព័ន្ធតំបន់អង្គរឡើយ។ លោកបន្ថែមថា អាជ្ញាធរខេត្តសៀមរាបគួរចេញមកដោះស្រាយបញ្ហាទាំងនេះជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរជាតិអប្សរាគួរមានគំរូសំណង់ស្តង់ដារណាមួយឱ្យពួកគេ ដើម្បីឱ្យប្រជាពលរដ្ឋអាចមានឱកាសប្រកបរបរចិញ្ចឹមជីវិត។
លោកថ្លែងថា៖ «ហើយអាជ្ញាធរខេត្តគួរធ្វើអន្តរាគមន៍ទៅអាជ្ញាធរអប្សរាឱ្យបញ្ឈប់ការធ្វើសកម្មភាពរុះរើសំណង់ផ្សេងៗ ដែលពួកគាត់គ្រាន់តែជួសជុលបន្តិចបន្តួចបម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាធ្វើបង្គន់ ធ្វើរបង ធ្វើរោងលក់ដូរតិចតួច ដើម្បីចិញ្ចឹមជីវិត។ ហើយបើអាជ្ញាធរអប្សរាមិនឱ្យសាងសង់ទេ គួរតែរៀបចំស្តង់ដារមួយ សំណង់ស្តង់ដារមួយ ដើម្បីឱ្យពួកគាត់កែលម្អ ឬកែតម្រូវដែលមានលក្ខណៈជាការទាក់ទាញភ្ញៀវទេសចរហើយជាការអភិរក្សផង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអង្គការយូណេស្កូ តាមសារអ៊ីម៉ែលបាននៅឡើយទេ។
កាលពីខែវិច្ឆិកាកន្លងទៅ អង្គការយូណេស្កូបានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឱ្យអាជ្ញាធរកម្ពុជាពិចារណាឡើងវិញពាក់ព័ន្ធនឹងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់អង្គរ និងជំរុញឱ្យមានការប្រើប្រាស់យន្តការត្រឹមត្រូវដែលស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីធានាថា ពលរដ្ឋទទួលបានលក្ខខណ្ឌរស់នៅសមស្រប និងឆ្លើយតបទៅនឹងសំណើរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕