ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលរស់នៅក្នុងតំបន់អប្សរាបានអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ដែលរងការរឹតត្បិតក្នុងការសាងសង់សំណង់នានា។
ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានដាក់ញត្តិទៅសាលាខេត្តសៀមរាប កាលពីថ្ងៃចន្ទ ដែលបង្ហាញពីក្តីព្រួយបារម្ភអំពីការផ្លាស់ប្តូរទីលំនៅ ដូចពលរដ្ឋដែលកំពុងរស់នៅតំបន់អង្គរទៅរស់នៅតំបន់ផ្សេង ដូចជាតំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប។ ការណ៍នេះប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរកាត់ឆ្វៀលដីសម្រាប់ពួកគេ ដើម្បីអាចសាងសង់សំណង់ស្របច្បាប់ និងអាចរស់នៅដោយពុំមានការរឹតត្បិតពីអាជ្ញាធរ។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថា ការដាក់ញត្តិកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤នេះ ដោយសារតែការដាក់ញត្តិកាលពីកន្លងទៅ មិនទទួលបានដំណោះស្រាយអ្វីមួយរហូតមកដល់ពេលនេះ។
អ្នកស្រី ធារី អាយុ ២៧ ឆ្នាំ រស់នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប្រាប់វីអូអេថា ការដាក់ញត្តិទៅដល់សាលាខេត្តកាលពីថ្ងៃចន្ទ មានគោលបំណងចង់ឱ្យអាជ្ញាធរជាតិអប្សរាកាត់ឆ្វៀលដីនៅតំបន់ដែលអ្នកស្រី និងប្រជាពលរដ្ឋរស់នៅ ដោយបញ្ឈប់ការគ្រប់គ្រងពីសំណាក់អាជ្ញាធរជាតិអប្សរា។
អ្នកស្រីថ្លែងថា៖ «ញត្តិហ្នឹងគឺជាញត្តិថ្មីមួយបន្ថែមទៀត។ ដោយសារតែញត្តិចាស់ អត់ទាន់ប្រាកដចិត្តថាបានដល់សាលាខេត្តអត់។ អ៊ីចឹងញត្តិថ្មីហ្នឹងគ្រាន់តែជាញត្តិយោងបញ្ជាក់ថាជាមតិរបស់ប្រជាពលរដ្ឋ»។
អ្នកស្រីបន្ថែមថា ការព្យាយាមទាមទារពីប្រជាពលរដ្ឋបែបនេះ ដោយសារតែរយៈពេលពីរឆ្នាំចុងក្រោយនេះ ការគ្រប់គ្រងពីសំណាក់អាជ្ញាធរជាតិអប្សរាមានការរឹតបន្តឹងខ្លាំងជាងមុន។
ជាមួយគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតលោក ប៉ាត់ វន អាយុ ៤៤ ឆ្នាំ រស់នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃចន្ទ ប្រជាពលរដ្ឋបានដាក់ញត្តិចូលទៅរដ្ឋបាលខេត្តសៀមរាប ដោយស្នើឱ្យរដ្ឋាភិបាលជួយពន្លឿនការដោះស្រាយបញ្ហានេះសម្រាប់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ពួកខ្ញុំរស់នៅទីនេះលំបាកណាស់បង។ លំបាកក្នុងការគាបសង្កត់ សូម្បីតែធ្វើអីបន្តិចបន្តួច ក៏មិនបានដែរ ពិបាកខ្លាំងមែនទែន ទាល់តែអ្នករស់នៅក្នុងតំបន់ខ្ញុំបានដឹងថាទឹកភ្នែកយ៉ាងម៉េច វាលំបាកយ៉ាងម៉េច។ សំណូមពរដល់រដ្ឋាភិបាល ជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសូមមេត្តាជួយរកយុត្តិធម៌ ជួយបន្ធូរបន្ថយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អាជ្ញាធរអប្សរាផង ដើម្បីឱ្យប្រជាជនពួកខ្ញុំរស់នៅឱ្យបានស្រួល មានផ្ទះ មានសម្បែងឱ្យបានស្រួលនឹងគេ កុំឱ្យមានការគាបសង្កត់ពីអាជ្ញាធរអប្សរាបន្តទៀត»។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃអង្គារនេះថា ភាគីខាងសាលាខេត្តបានទទួលញត្តិ និងសំណូមពររបស់ប្រជាពលរដ្ឋរួចហើយ។ លោកបន្ថែមថា អាជ្ញាធរខេត្តនឹងបញ្ជូនញត្តិនិងសំណូមពរទាំងអស់នេះទៅថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធនានា។
លោកថ្លែងថា៖ «រឿងនេះមិនមែនជារឿងថ្មី។ ប៉ុន្តែរូបភាពអ្វីដែលគាត់បានធ្វើហ្នឹងមានទ្រង់ទ្រាយធំជាងមុន អ៊ីចឹងទេយើងចង់ជម្រាបថា កិច្ចការនេះវាមិនទាន់អាចឆ្លើយតបថាដោះស្រាយយ៉ាងណា ឬយ៉ាងនោះទេ។ រង់ចាំពេលវេលា ត្រូវមានការជជែក វែកញែកគ្នាច្រើន ពិគ្រោះយោបល់ ស្តាប់យោបល់ពីគ្រប់ជ្រុងជ្រោយពីទិដ្ឋភាព ពិសេសគឺទិដ្ឋភាពច្បាប់ និងស្ថានភាពជាក់ស្តែង ហើយជាមួយនិងអង្គការអន្តរជាតិថែមទៀត»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបាននៅឡើយទេ។
លោក ឡុង កុសល ធ្លាប់ប្រាប់វីអូអេថា បើតាមចំណុចទាំង ៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរាត្រូវមានសិទ្ធិក្នុងការត្រួតពិនិត្យ និងសម្រួលកិច្ចគាំពារនៅក្នុងតំបន់អង្គរ។ លោកបន្តថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសាងសង់ ឬជួសជុលផ្ទះសម្បែងរបស់ខ្លួនស្របតាមការអនុញ្ញាតរបស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។
លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យដែលបានតាមដានករណីនេះ ប្រាប់វីអូអេថា ការដាក់ញត្តិរបស់ពលរដ្ឋជារឿងត្រឹមត្រូវមួយដែលពលរដ្ឋបង្ហាញទៅរដ្ឋាភិបាលនូវបញ្ហាប្រឈមរបស់ពួកគេ។
លោកថ្លែងថា៖ «យើងឃើញថា កាលពីម្សិលមិញ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបគាត់គ្រាន់តែជាអ្នកទទួល តែគាត់មិនមែនជាអ្នកសម្រេចដែលគាត់សម្អាងថាវាជា សមត្ថកិច្ចរបស់រដ្ឋាភិបាល។ អ៊ីចឹងគាត់នឹងពាំនាំជម្រាបរឿងហ្នឹងទៅថ្នាក់រដ្ឋាភិបាល។ គាត់ថានៅថ្ងៃពុធ ស្អែកនេះនឹងមានខាងក្រសួងដែនដីនឹងចុះមកប្រជុំដោះស្រាយរឿងហ្នឹង។ អ៊ីចឹងយើងគិតថា ការដែលប្រជាពលរដ្ឋនាំគ្នាដាក់ញត្តិនេះគឺជារឿងត្រឹមត្រូវរបស់គាត់ដែលគាត់សម្តែងមតិ ព្រោះគាត់ជួបភាពគ្រោះថ្នាក់ និងក្តីកង្វល់របស់គាត់រាល់ថ្ងៃទាក់ទងនឹង ការចាត់ចែងទ្រព្យរឿងដីធ្លីក្នុងតំបន់គាត់ហ្នឹង វារងសម្ពាធ វារងការគំរាមកំហែងពីអាជ្ញាធរអប្សរា»។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ អង្គការយូណេស្កូបានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឱ្យអាជ្ញាធរកម្ពុជាពិចារណាឡើងវិញពាក់ព័ន្ធនឹងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់អង្គរ និងជំរុញឱ្យមានការប្រើប្រាស់យន្តការត្រឹមត្រូវដែលស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីធានាថា ពលរដ្ឋទទួលបានលក្ខខណ្ឌរស់នៅសមស្រប និងឆ្លើយតបទៅនឹងសំណើរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕