គណបក្ស​ភ្លើងទៀន​ខេត្ត​សៀមរាប​បាន​ប្រកាស​ថា​ខ្លួន​កំពុង​ទទួល​រង​ការ​ដាក់​គំនាប​ផ្នែក​នយោបាយ​

ទិដ្ឋភាព​ទូទៅ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់របស់​គណបក្ស​ភ្លើងទៀន​ ដែលមាន​អ្នក​គាំទ្រ​ស្រែក​ជ័យឃោស​ នៅ​ក្នុង​​ក្បួនដង្ហែ​​នៅរាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)។

ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ខេត្ត​សៀមរាប លោក ​សុខ ​គឹមសេង​ បាន​ចាត់​ទុក​ថា​ លិខិត​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​សៀមរាប​ជា​ការ​ដាក់​សម្ពាធ​ខាង​នយោបាយបន្ថែម​ទៀត​មក​លើ​គណបក្ស​ដែល​សម្រេច​ចិត្ត​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ​២០២២​នេះ​ ក្រោយ​ដំណើរការ​ឡើង​វិញ​បាន​តែ​ជិត​៥ខែ។

បើ​តាម​លិខិត​មួយ​ច្បាប់ផ្ញើ​ជូន​ទៅ​ប្រធានគណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​សៀមរាប ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ខេត្ត​ដែល​សម្បូរ​ប្រាសាទ​បុរាណ​មួយ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ភ្លើងទៀន ​នៅ​សង្កាត់​ស្ល​ក្រាម ​កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែ​ឧសភា ​ឆ្នាំ​២០២២​ គឺ​មាន​ហេតុការណ៍ ដែល​សកម្មជន​ ឬ​ អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន ​បាន​ស្រែក​ជ័យ​ឃោស​ថា ​«ជយោ! ​គណបក្ស​សង្រ្គោះ​ជាតិ»។

លិខិត​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា ខ្លឹមសារ​នេះ កំពុង​ផ្សារភ្ជាប់​សកម្មភាព​គណបក្ស​ភ្លើងទៀន ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​តាម​អំណាចសាល​ដី​កា​របស់​តុលា​ការ​កំពូល​ និង​ប្រកាស​លេខ​៥៤០៥​ ប្រ.ក ​របស់​ក្រសួង​មហា​ផ្ទៃ ​ស្តី​ពី​ការ​លុប​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​គណបក្ស​នយោបាយ។

គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​សៀមរាប អះអាង​ថា​ ទង្វើ​របស់​គណបក្ស​ភ្លើងទៀន​ ក៏​មិនឆ្លើយ​តប​នឹង​មាត្រា​៦៧​និង​ផ្ទុយ​ពី​ខ្លឹម​សារ​មាត្រា​៧១​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

លោក​ សុខ ​គឹមសេង ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ខេត្ត​សៀមរាប​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ស្រែក​ជ័យឃោស​ ដោយ​ផ្សា​ភ្ជាប់​ជាមួយ​គណបក្ស​ផ្សេង​នោះ​ បាន​កើត​ឡើង​ដោយ​«អចេតនា»​ ​ពី​សំណាក់​អ្នកគាំទ្រ​បក្ស។

លោក​និយាយ​ថា៖ «អ្នក​គាំ​ទ្រ​ហ្នឹង​គាត់​បាន​ចូល​រួម​ ហើយ​គាត់​បាន​ស្រែក ​គំនិត​របស់​គាត់​ហ្នឹង​គាត់​អត់​មាន​គំនិត​ចេតនា ​ថា​ស្រែក​ដើម្បី​ផ្សា​ភ្ជាប់​អី​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​គាត់​គឺ​ជា​អ្នក​ដែល​ធ្លាប់​គាំ​ទ្រ​គណបក្ស​ចាស់​ ដល់​ពេល​ហ្នឹង​គាត់​ស្រែក​ទៅ ​គឺ​អចេតនា។​ ពេល​ដែល​គាត់​ស្រែក​ហ្នឹង​គ្នា​យើង​បាន​អន្តរាគមន៍​ភ្លាមៗ​ សូម​ឱ្យ​គាត់​ឈប់​ស្រែក។ ​បន្ទាប់​ពី​ហ្នឹង​មក​យើង​ក៏​បាន​ប្រជុំ​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​តាំង​ពី​ភូមិ​ឃុំ​សង្កាត់​ និង​ស្រុក​មាន​ការ​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​វោហាស័ព្ទ​ជា​ពិសេស​គឺ​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​គណបក្ស​ផ្សេង​ មិន​ឱ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ត​ទៅ​ទៀត​ទេ»។

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​យល់ថា ​លិខិត​របស់​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​សៀម​រាប​ជា​ការ​ព្រមាន​ និង​ដាក់​សម្ពាធ​ដល់​គណបក្ស​ភ្លើងទៀន។

លោក​បញ្ជាក់​ថា៖ «តែ​បន្ទាប់​ពិការ​ចេញ​លិខិត​ព្រមាន​នេះ​មក​គណបក្ស​ភ្លើងទៀន​ខេត្ត​សៀម​រាប​បង្កើន​ការ​ប្រយ័ត្ន​ប្រយែង​ ពី​ព្រោះ​អា​នេះ​ជា​សម្ពាធ​ សម្ពាធ​មួយ​យើង​មើល​ទៅ​ដូច​សម្ពាធ​សម្រាប់​គណបក្ស​ភ្លើងទៀន។ សកម្មភាព​របស់​គណបក្ស​ភ្លើងទៀន​នៅ​ក្នុង​យុទ្ធនា​ការ​នេះ​គ្រប់​រូប​ភាព​ត្រូវ​បាន​គេ​តាម​ដាន​ត្រូវ​បាន​គេ​អង្កេត​ត្រូវ​បាន​គេ​ត្រៀម​ចាប់​កំហុស​អា​ហ្នឹង​ហើយ​ដែល​ចង់​បញ្ជាក់​ថា​វា​ជា​សម្ពាធ​សម្រាប់​គណបក្ស​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ថ្ងៃ​ខាង​មុខ​នេះ»។

គណបក្ស​ភ្លើងទៀន​ ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​កម្រើក​ខ្លាំង​វិញអំឡុង​ពេល​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​សម្រាប់​អាណត្តិទី៥​នេះ​ បាន​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​មន្រ្តី​និង​អាជ្ញាធរ​មូលដ្ឋាន​ ច្រើន​ជាង​គណបក្ស​ផ្សេងៗ​ដទៃ​ទៀត។​

ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​សៀមរាប​លោក​ នឹម ​វ៉ាន់សំ ថ្លែងថា ​លិខិត​ខាង​លើ​នោះ​ ​គ្រាន់​តែ​ជា​ការ​រំឭក​ ​ឬ​ដាស់​តឿន​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ​កុំ​ឱ្យ​ធ្វើ​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ស្រែក​នេះ​គឺ​ជា​រឿង​ចេតនា​ទេ គាត់​បាន​ធ្វើ​សកម្មភាព​ហ្នឹង ​មាន​អី​ទៅ​ស្រែក​ច្រឡំនោះ​ទេ ​ស្រែក​ពេញៗ​មាត់​ចឹង។​ តាម​មាត្រា​ និង​ច្បាប់​សរសេរ​នៅ​ក្នុង​លិខិត​ហ្នឹង​ខុស​ ហើយ​វា​ធ្វើ​មិន​ត្រូវ​តែ​សំណាង​ចេះ​អត់​មាន​ការ​ប្តឹង​ផ្តល់​អត់​មាន​ការ​ដាក់​ទោស​ទណ្ឌ​អី​ទេ ​គ្រាន់​តែ​រំឭក​គាត់​ថា​កុំ​ឱ្យ​គាត់​ធ្វើ​ចឹងទៀត។ សម្រាប់​គាត់​ គាត់​គិត​ថា​យ៉ាង​ម៉េច​ខ្ញុំ​មិន​ដឹង​ដែរ ​ប៉ុន្តែ​គ្រាន់​តែ​ថា​យើង​គ្រាន់​តែ​ដាស់​តឿន​គាត់​ក្នុង​នាម​យើង​ជា​គណៈ​កម្មការ​ខេត្ត​ហ្នឹង​ដាស់​តឿន​គាត់​ចឹង ​គ្មាន​នរណា​ទៅ​គំរាម​កំហែង​គាប​សង្កត់​អី​ទេ»។

នៅ​ក្នុង​ខេត្ត​សៀមរាប​មាន​គណបក្ស​នយោបាយ​ចំនួន​១៣​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ ក៏​ប៉ុន្តែ​មាន​គណបក្ស​ចំនួន​តែ​២​ប៉ុណ្ណោះ​គឺ ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ភ្លើងទៀន​ ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ចំនួន​១០០​ឃុំ​សង្កាត់​ទាំង​អស់​ក្នុង​ខេត្ត​សៀមរាប។

ជុំ​វិញ​បញ្ហា​ទាំង​អស់​នេះ​មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​លោក​ កន សាវាង្ស​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ហាម​ឃាត​មិន​ឱ្យ​យក​ឈ្មោះ​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​លើក​យក​មក​និយាយ​ក្នុង​ពេល​ឃោសនា​នោះ ​នៅ​មិន​ទាន់​ឃើញ​មាន​ចែង ​ឬ​ហាម​ឃាត់​នៅ​ចំណុច ​ឬ​ច្បាប់​ណា​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​ជា​ឈ្មោះ​ដែល​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្រប់​និន្នាការ​នយោបាយ​គេ​បាន​មើល​ឃើញ​ហើយ​គេ​អាច​និយាយ​បាន​ពី​ព្រោះ​មិន​មាន​ចំណុច​ណា​ដែល​មាន​ការ​ហាម​ឃាត់​លើក​យក​ឈ្មោះ​គណបក្ស​ហ្នឹង​មក​និយាយ​នៅ​ក្នុង​ការ​ឃោសនា​ទេ។ ​អា​ហ្នឹង​ការ​មើល​ឃើញ​របស់​ខ្ញុំ។ ខ្ញុំ​អត់​ទាន់​ចង់​និយាយ​អំពី​ការ​ខុស​ច្បាប់​ ឬ​ក៏​ត្រូវ​ច្បាប់​ទេ។​ ​ខ្ញុំ​ចង់​និយាយ​ថា ​វា​អត់​មាន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ការ​ហាម​ឃាត​ក្នុង​ការ​ប្រើ​ប្រាស់​នោះ​ទេ»។

គួរ​បញ្ជាក់​ផងដែរ​ថា​ កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ​សង្កាត់​អាណត្តិ​ទី​៣ ​ក្នុង​ឆ្នាំ​២០១២​ ​គណបក្ស​ប្រជាជន​ទទួល​បាន​ ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​ ​រហូត​គ្រប់គ្រង​បាន​ឃុំសង្កាត់​ចំនួន​៩៨​នៅ​ខេត្ត​សៀមរាប។ រីឯ​គណបក្ស​សម រង្ស៊ី​ ​ទទួល​បាន​តែ​២​សង្កាត់​តែ​ប៉ុណ្ណោះ។​ ក៏​ប៉ុន្តែ​កាល​ពី​កា​របោះឆ្នោត​ជ្រើស​រើស​ ​ក្រុម​ប្រឹក្សា​ ឃុំសង្កាត់​អាណត្តិ​ទី៤​ក្នុងឆ្នាំ​២០១៧ ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ពី​ការ​រួមបញ្ចូល​គ្នា​ពី​គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​ ​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ​រហូត​ទទួល​បាន​៥៦​សង្កាត់​ ​ក្នុង​ចំណោម ​ឃុំសង្កាត់​ចំនួន​១០០​នៃ​ខេត្ត​សៀមរាប។​ ដោយឡែក​ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ត្រឹម​តែ​៤៤​ឃុំសង្កាត់​តែ​ប៉ុណ្ណោះ៕