ការប៉ុនប៉ងរបស់ប្រធានរដ្ឋសភាលោក Kevin McCarthy ក្នុងការចាប់ផ្តើមជាថ្មីនូវរបៀបវារៈចំណាយរបស់លោកមិនបានជោគជ័យទេកាលពីថ្ងៃព្រហស្បតិ៍ នៅពេលសមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋបានរាំងខ្ទប់ជាលើកទី ៣ ការបោះឆ្នោតមួយអំពីការចំណាយខាងការពារជាតិនាំឱ្យមានការបង្កើនការប្រថុយប្រថានអំពីការបិទរដ្ឋាភិបាលក្នុងរយៈពេល ៩ ថ្ងៃទៀត។
រដ្ឋសភាបានបោះឆ្នោតដោយសំឡេង ២១៦ គាំទ្រទល់នឹង ២១២ ប្រឆាំងនឹងការចាប់ផ្តើមការជជែកដេញដោលគ្នាអំពីសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការពារជាតិចំនួន ៨៨៦ ពាន់លានដុល្លារដោយសារមានការជំទាស់ពីក្រុមសាធារណរដ្ឋប្រកាន់អភិរក្សនិយមតឹងរ៉ឹងមួយក្រុមតូច។
ការណ៍នេះជាដំណើរថយក្រោយមួយសម្រាប់លោក McCarthy នៅពេលព្រឹកបន្ទាប់ពីក្រុមភាគច្រើន ២២១ ទល់នឹង ២១២ របស់លោកប្រជុំគ្នា ២ ម៉ោងកន្លះដើម្បីឱ្យមានការចុះសម្រុងគ្នាអំពីសេចក្តីព្រាងច្បាប់មួយសម្រាប់បញ្ចៀសកុំឱ្យមានការបិទរដ្ឋាភិបាលជាលើកទី ៤ ក្នុងពេលមួយទសវត្សរ៍ ចាប់ផ្តើមពីថ្ងៃទី ១ ខែតុលា។
នៅពេលការបោះឆ្នោតនេះមិនមានជោគជ័យ លោក McCarthy បាននិយាយប្រាប់ក្រុមអ្នកកាសែតថាលោកនឹងបន្ត «យុទ្ធសាស្ត្រដដែលដែលលោកមានតាំងពីខែមករាមក គឺបន្តធ្វើការតទៅទៀត មិនឈប់ជាដាច់ខាត»។
ទីភ្នាក់ងារសហព័ន្ធនឹងចាប់ផ្តើមបិទទ្វារនៅថ្ងៃទី ១ ខែតុលា លើកលែងតែសភាអនុម័តសេចក្តីសម្រេចបន្តផ្តល់ថវិកាក្នុងរយៈពេលខ្លី ឬមានសេចក្តីព្រាងច្បាប់ថវិកាពេញមួយឆ្នាំ។
រហូតមកដល់ពេលនេះ សមាជិកសភាខាងសាធារណរដ្ឋគ្មានជោគជ័យទេក្នុងការរួបរួមគ្នាគាំទ្រលទ្ធភាពណាមួយ ហើយគំនិតនានាដែលពួកគេបានពិចារណាមានតែការគាំទ្រពីក្រុមសាធារណរដ្ឋ នាំឱ្យពួកគេមិនទំនងជានឹងមានការគាំទ្រក្នុងព្រឹទ្ធសភាមានសមាជិកភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ឬត្រូវចុះហត្ថលេខាឱ្យទៅជាច្បាប់ដោយលោកប្រធានាធិបតី Joe Biden៕