បន្ទាប់ពីការស្លាប់របស់អ្នកកាសែតជនជាតិអាមេរិក លោក James Foley និងSteven Sotloff ការជជែកដេញដោលគ្នាមួយបានធ្វើឡើង អំពីថាតើសហរដ្ឋអាមេរិកពេលនោះគួរតែផ្តល់ប្រាក់លោះទៅឲ្យក្រុម Islamic State (រដ្ឋអ៊ីស្លាម) ដែរឬទេ ដើម្បីជាថ្នូរទៅនឹងការដោះលែងរបស់ពួកគេ។
មានសេចក្តីរាយការណ៍នានាបានលើកឡើងថា ក្រុម Islamic State បានទាមទារ ទឹកប្រាក់រាប់លានដុល្លារមុនពេលសម្លាប់លោក Foley ដោយថតដាក់កាមេរ៉ាសម្រាប់ផ្សព្វផ្សាយ។ គេមិនដឹងទេថាតើ មានការទាមទារស្រដៀងនេះត្រូវបានធ្វើឡើងដើម្បីជាថ្នូរទៅនឹងការដោះដូរលោក Sotloff មុនពេលពួកគេសម្លាប់រូបគាត់ ឬយ៉ាងណានោះទេ។
លោក Philip Balboni នាយកកាសែត GlobalPost ដែលជាភា្នក់ងារព័ត៌មានផ្សាយតាមអ៊ីនធឺណិតមួយ ដែលលោក James Foley បំរើការ បាននិយាយថា ឪពុកម្តាយរបស់ Foley បានដឹងថា រដ្ឋាភិបាលអាមេរិក បានហាមមិនឲ្យមានការបង់ប្រាក់លោះទៅដល់ពួកចាប់ជំរិតនោះទេ ហើយពួកគេបានព្យាយាមជួយកូនរបស់ពួកគេ តាមរយៈការរៃអង្គាស។ គាត់បាននិយាយថា អាជ្ញាធរអាមេរិក បានដឹងយ៉ាងច្បាស់អំពីការព្យាយាមជួយរបស់ឪពុកមា្តយរបស់លោក Foley ប៉ុន្តែពួកគេមិនបានរារាំងនោះទេ។
លោក Philip Balboni ថ្លែងថា៖ «គ្រួសារនេះបានប្តេជ្ញាក្នុងការប្រមូលថវិកាដើម្បីបង់ប្រាក់លោះ។ ពួកអ្នកចាប់ជំរិតនោះមិនដែលបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលគេចង់បាននោះទេ។ ការកំណត់ចំនួនទឹកប្រាក់នេះ មិនដែលស្ថិតនៅក្នុងការចរចាចុងក្រោយនោះទេ។ វាច្បាស់ប្រាកដតាំងពីដើមដំបូងម្ល៉េះ ដែលថាគ្រួសារនេះនឹងប្រគល់ប្រាក់លោះប្រសិនបើពួកគេមានឱកាសនោះ។»
អ្នកស្រី Deborah Pearlstein សាស្រាចារ្យនៅសាលាច្បាប់ Cardozo របស់សាកលវិទ្យាល័យ Yeshiva បានមានប្រសាសន៍ថា បច្ចប្បន្ននេះនេះមិនមានច្បាប់ដែលរារាំងមិនឲ្យរដ្ឋាភិបាលអាមេរិកបង់ប្រាក់លោះ ឬចរចាជាមួយក្រុមភេរវកម្មនោះទេ។
អ្នកស្រីថ្លែងថា៖ «ជាគោលការណ៍ សភា(សហរដ្ឋអាមេរិក)អាចអនុម័តច្បាប់មួយដែលហាមឃាត់ស្ថាប័ននីតិប្រតិបតិ្តមិនឲ្យធ្វើការបង់ប្រាក់លោះដល់ក្រុមភេរវកម្ម ប៉ុន្តែសភាមិនដែលអនុម័តច្បាប់នោះទេ។ ដូច្នេះនៅពេលដែលរដ្ឋាភិបាលអាមេរិក និយាយថា ពួកយើងមិនចរចាជាមួយនឹងក្រុមភេរវកម្ម មិនបង់ប្រាក់លោះឬក៏អំពើដែលមានលក្ខណៈស្រដៀងគ្នានេះ ពួកគេកំពុងតែធ្វើសេចក្តីថ្លែងការណ៍មួយ អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក វាមិនមែនជាអ្វីដែលច្បាប់តម្រូវឲ្យធ្វើតាមនោះទេ។»
ប៉ុន្តែលោក John O. McGinnis សាស្ត្រាចារ្យច្បាប់នៅសាលាច្បាប់នៃសាកលវិទ្យាល័យ Northwestern បានកត់សម្គាល់ថា វាអាចនឹងខុសច្បាប់ក្នុងការបង់ប្រាក់លោះទៅដល់ក្រុមជាក់លាក់មួយចំនួន ទោះបីជាការបង់ប្រាក់លោះជាទូទៅមិនខុសច្បាប់ក៏ដោយ។
លោកពន្យល់ថា៖ «ខ្ញុំគិតថា បើយោងទៅតាមច្បាប់សហព័ន្ធ ជាទូទៅ ច្បាប់អាមេរិកមិនរារាំងបុគ្គលឯកជនក្នុងការផ្តល់ប្រាក់ទៅដល់អ្នកចាប់ជំរិតនោះទេ ប៉ុន្តែច្បាប់បានហាមឃាត់មិនឲ្យបង់ប្រាក់លោះឲ្យក្រុម al-Qaida ឬក្រុមភេរវកម្មដទៃៗទៀត ដែលត្រូវបានហាមឃាត់មិនឲ្យទទួលបានមូលនិធិអាមេរិក តាមរយៈ បទបញ្ញត្តិរបស់រតនាគារជាតិ។»
លោក Daniel Benjamin អតីតអ្នកសម្របសម្រួលការប្រយុទ្ធប្រឆាំងភេរវកម្ម នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលកិច្ចការផ្លាស់ប្តូរនិស្សិតលក្ខណៈអន្តរជាតិនៅមហាវិទ្យាល័យ Dartmouth College មាន ប្រសាសន៍ថា ច្បាប់ទាំងនោះមិនដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលអាមេរិកនោះទេនៅក្នុងករណីប្រាក់លោះនេះ។
«ខ្ញុំគិតថា តាមបច្ចេកទេស សហរដ្ឋអាមេរិក អាចកាត់ទោសប្រជាជនពីបទគាំទ្រភេរវកម្ម ប្រសិនបើពួកគេប្រគល់ប្រាក់លោះ ក៏ប៉ុន្តែរដ្ឋាភិបាល បានសម្រេចមិនកាត់ទោសពួកគេពីព្រោះថា វាមិនជារឿងល្អនោះទេ ក្នុងការដាក់ទណ្ឌកម្មមនុស្សដែលជួបប្រទះសោកនាដកម្មដូចជាការចាប់ជំរិតសមាជិកគ្រសាររបស់ពួកគេ។»
នាពេលបច្ចុប្បន្ន មានសន្ធិសញ្ញាអន្តរជាតិជាច្រើន និងសេចក្តីសម្រេចរបស់កុ្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់មិនឲ្យមានការបញ្ជូនមូលនិធិទៅឲ្យក្រុមភេរវកម្ម។
ទោះជាយ៉ាងនេះក្តី មកទល់ពេលនេះ មិនមានបុគ្គលឬក្រុមហ៊ុនណាមួយត្រូវទទួលទណ្ឌកម្មផ្នែកច្បាប់មួយនេះ ដោយសារតែការបង់ប្រាក់លោះទៅឲ្យក្រុមភេរវកម្ម ជាថ្នូរទៅនឹងការដោះលែងសមាជិកគ្រួសារ ឬនយោជិតនោះទេ។
(សេចក្តីរាយការណ៍នេះត្រូវបានផលិតឡើងដោយមានការសហការជាមួយនឹងក្រុមផ្សាយវីអូអេភាសាចិនកុកងឺ)
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ