ក្រុមជនជាតិ​ភាគតិច Shona អបអរ​ការទទួល​បាន​សញ្ជាតិ​កេនយ៉ា​របស់​ខ្លួន បន្ទាប់ពី​ខកខាន​អស់​ជាច្រើន​ទសវត្សរ៍

សមាជិក​សហគមន៍​ជន​ជាតិ​ភាគ​តិច Shona នៅក្នុង​ប្រទេស​កេនយ៉ា ដែល​ពួកគេ​បាន​រស់នៅ​ក្នុង​ភាព​ដែល​គ្មាន​រដ្ឋ​ជាង​៥០ឆ្នាំ​មកហើយ។

អ្នក​ស្រី Nazizi Dube កំពុង​សម្លឹង​មើល​នូវ​អ្វី​ ដែលជា​រង្វាន់​ដ៏​ធំ​បំផុត​របស់​អ្នក​ស្រី​ គឺ​ជា​ឯក​សារដែល​បាន​បញ្ជាក់​ពីការ​ទទួល​បាន​នូវសញ្ជាតិ​កេនយ៉ា​របស់​អ្នក​ស្រី។​

អ្នក​ស្រី​ Dube ​ជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​ជន​ជាតិភាគ​តិច ​Shona​ ប្រមាណ​១៧០០​នាក់ ​និង​ជន​ជាតិ​ភាគ​តិច​រវ៉ាន់ដា​ចំនួន​១៣០០​នាក់​ ដែលទើប​បាន​ទទួល​សញ្ជាតិ​កេនយ៉ា​ស្រប​ច្បាប់​ក្នុង​ខែ​ធ្នូ​កន្លង​ទៅ​ បន្ទាប់​ពី​រស់​នៅក្នុង​លក្ខណៈគ្មាន​ប្រទេសពិត​ប្រាកដជាច្រើន​ទសវត្សរ៍។​

នៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ​ ស្រប​ពេល​ដែលប្រទេស​កេនយ៉ា​ ប្រារព្ធ​ខួបឯករាជ្យ​ទី​៥៧​ឆ្នាំ​របស់​ខ្លួន​ ​អ្នក​ស្រី Nazizi ​និង​សមាជិក​នៃ​សហគមន៍​ Shona ​ជា​ច្រើន​នាក់ក្នុង​ប្រទេស​កេនយ៉ា​ ត្រូវ​បាន​ទទួល​ស្គាល់ជា​ពលរដ្ឋ​កេនយ៉ា​ស្រប​ច្បាប់​ បន្ទាប់​ពី​មាន​អនុក្រិត្យ​មួយដែល​ចេញ​ដោយ​លោកប្រធានាធិបតី ​Uhuru Kenyatta របស់​ប្រទេស​កេនយ៉ា។

អ្នក​ស្រី ​Nazizi Dube ថ្លែង​បញ្ជាក់​ថា៖​

«ការ​ប្រឈម​ទាំង​ពួង​ដែលយើង​បាន​ឆ្លង​កាត់ជា​មួយ​នឹង​ឋានៈ​ដែល​គ្មានប្រទេស​នោះ​ ​យើង​មាន​ការ​រំភើប​ណាស់​ ដោយ​បាន​ដឹង​ថា​ គ្រប់​យ៉ាង​បាន​មក​ដល់​ទី​បញ្ចប់ ​ហើយនេះ​ជា​ការ​ចាប់​ផ្តើមថ្មី​មួយ»។​

វា​ជា​ការ​ចាប់​ផ្តើម​មួយ​ដែល​គេ​សង្ឃឹម​ថា​ នឹង​បើកនូវ​ឱកាស​ថ្មី​សម្រាប់​ពួក​គេ។​ អ្នកស្រី​ Diana Gichengo ​នៃ​គណៈ​កម្ម​ការ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កេនយ៉ា​ បាន​គូស​បញ្ជាក់​ថា​ រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍នៃការ​រស់​នៅ​ក្នុង​ភាពគ្មាន​ប្រទេស​នោះ​ បាន​ធ្វើ​ឲ្យ​សហគមន៍​នេះ​ បាត់​បង់​នូវឱកាស​ផ្សេងៗ។ ​អ្នក​ស្រី​បន្តទៀត​ថា៖​

​«នៅ​ពេល​ដែលពួកគេ​រស់​នៅ​ក្នុងសភាព​ដែល​គ្មាន​ប្រទេស​ពិត​ប្រាកដ​នោះ សិទ្ធិ​របស់​ពួក​គេ​ត្រូវទទួល​រង​ការ​រំលោភ​បំពាន សេរី​ភាព​នៃ​ការ​ធ្វើ​ដំណើរ​ក៏​ត្រូវ​បាន​រំលោភបំពាន​។ ពួក​គេ​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​បាន​ ហើយ​មនុស្ស​មួយ​ចំនួន​តូច​ ដែល​អាច​ធ្វើ​ដំណើរ​បាន​ ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រើ​ប្រាស់​នូវ​អត្ត​សញ្ញាណ​ក្លែង​ក្លាយ​ ឬ​មិន​ប្រក្រតី។ ​ពួក​គេ​ ក៏​មិន​អាច​ទទួល​បាននូវ​ការ​សិក្សា​ផង​ដែរ»។​

ចំណែក​លោក​ Ishmael Dlamini បាន​បើក​មុខ​របរ​ជា​ជាងឈើ​នៅជាយ​ក្រុង​ណៃរ៉ូប៊ី អស់​ជិត​២០ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​ឯកសារ ឬ​អត្តសញ្ញា​បណ្ណ​សម្គាល់​ខ្លួន​នោះ​ឡើយ។​ ​ក្នុងនាម​ជា​ជន​ជាតិ​ភាគ​តិច Shona​ ការ​រក​កម្រៃប្រចាំ​ថ្ងៃ​របស់​លោក​ Ishmael ​មានចំនួន​កម្រិត​ ពី​ព្រោះ​គាត់​មិន​អាច​ខ្ចី​លុយ​ពីធនាគារ​បាន​ឡើយ ​ដែល​ខុស​ពី​ពលរដ្ឋ​កេនយ៉ា​ទូទៅ​ ដែល​គេ​អាច​ធ្វើ​បាន​នោះ។ តែ​បញ្ហា​ទាំង​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ហើយ​នៅ​ពេល​នេះ។​

លោក Dlamini និយាយថា​ យើង​នឹង​ទទួល​បាន​នូវលិខិត​បញ្ជាក់​សញ្ជាតិ​របស់​យើង។​ លោក​បន្ត​ថា​ វា​នឹងអាច​ជួយ​រូប​ខ្ញុំឲ្យ​ទៅ​ធនាគារ​ ឬស្ថាប័នផ្តល់​កម្ចីផ្សេងៗ​ដើម្បី​ទទួល​បានប្រាក់​កម្ចី ​ដើម្បីប្រកប​មុខ​របរ​បន្ថែម​ទៀត។​

ក្រុម​ជន​ជាតិ​ភាគ​តិច​ Shona ​បាន​ចាប់​ផ្តើម​មក​រស់​នៅក្នុង​ប្រទេស​កេនយ៉ា​ក្នុង​ទសវត្សរ៍​១៩៣០​ ដែល​ភាគ​ច្រើន​នៃ​ពួក​គេ​ចេញ​មក​ពី​តំបន់​ដែល​បច្ចុប្បន្ន​នេះជា​ប្រទេស​ស៊ីមបាវ៉េ ហើយ​មួយ​ចំនួន​បន្ថែម​ទៀត ​បាន​មកប្រទេសកេនយ៉ា​ ក្នុងទសវត្សរ៍១៩៦០​ ក្នុង​នាម​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា។​ ប៉ុន្តែ​នៅ​ពេល​ដែល​កេនយ៉ា​បាន​ក្លាយ​ជាប្រទេស​ឯក​រាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៦៣​នោះ​ ​ក្រុម​ជន​ជាតិ​ Shona ​ភាគ​ច្រើនខក​ខានមិនទទួល​បាន​សញ្ជាតិ​កេនយ៉ា​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ ដែល​ត្រូវ​បាន​ទុកក្នុង​ការ​សុំ​ចូលសញ្ជាតិ​នោះ​ ​ដោយ​រួម​មាន​ទាំង​កូន​ចៅ​របស់​ពួក​គេ​ ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​កេនយ៉ា​នោះ​ផង​ដែរ។ ​

ការ​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពួក​គេ​ជា​ជន​ជាតិ​កេនយ៉ា​នោះ​ មាន​សន្ទុះ​ឡើង​ខ្លាំងក្នុង​រយៈ​ពេល៤​ឆ្នាំ​ចុង​ក្រោយ​នេះ។​

​អ្នក​ស្រី​ Wanja Munaita មន្ត្រី​នៃ​ឧត្តម​ស្នង​ការ​ជាន់​ខ្ពស់អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រាប់​ជនភៀស​ខ្លួន ​បាន​ស្វាគមន៍​សេចក្តី​សម្រេច​ ដែល​បាន​ផ្តល់​សញ្ជាតិ​ដល់​ក្រុម​ជន​ជាតិ​ភាគ​តិច Shona​ នោះ។​ អ្នក​ស្រី​បន្ថែម​ថា៖ ​

«អត្ត​សញ្ញាណ​ផ្លូវ​ច្បាប់​មាន​សារៈ​សំខាន់​ខ្លាំង​ ជា​ពិសេសនៅ​ពេល​នេះ​ ដែលប្រទេស​កេនយ៉ា​កំពុងចូល​ក្នុងសម័យ​កាលអត្ត​សញ្ញាណ​បណ្ណឌីជីថល ​ ពី​ព្រោះពួក​គេ​អាច​ត្រូវ​បាន​គេទុក​ឲ្យ​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​នេះ​ ដោយ​សារ​តែ​មិន​មានឯកសារ​នោះ»។

អ្នក​ស្រី ​Gichengo​ នៃ​គណៈ​កម្មការ​សិទ្ធិមនុស្ស​កេនយ៉ា​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​យុទ្ធនា​ការបញ្ចប់​នូវ​ភាព​ដែល​គ្មាន​រដ្ឋនោះ បាន​គូស​បញ្ជាក់​ថា​ នៅ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ក្នុង​ការ​ជួយ​ដល់​សហគមន៍​ជន​ជាតិ ​Shona​ នោះ។​ ​អ្នក​ស្រីបន្ថែម​យ៉ាង​ដូ​ច្នេះ​ថា៖​ ​

«យើង​សង្ឃឹម​ថា​ ពួក​គេ​អាចទទួលបាន​នូវ​ការ​គាំ​ទ្រ​ពី​រដ្ឋាភិបាល​ជាតិ​ និង​រដ្ឋាភិបាល​មូលដ្ឋាន​ ក្នុង​លក្ខខណ្ឌ​សកម្មភាព​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​ទទួល​បាន​មក​វិញ​នូវ​ឱ​កាស​ដែល​ពួក​គេ​បាន​បាត់​បង់​ជា​ច្រើន​ឆ្នាំ ​ក្នុង​រយៈ​ពេល​កន្លង​ទៅ»។​

នៅ​មានក្រុម​ជន​ជាតិ ​Shona ​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ចំនួន​ប្រមាណ​១៣០០​នាក់​ទៀត​ មិន​ទាន់ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​កេនយ៉ា​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​អ្នក​ដែល​កំពុង​រង់​ចាំទទួល​បានលិខិត​បញ្ជាក់​សញ្ជាតិ​របស់​ពួក​គេ​នោះ​ និយាយ​ថា​ ពួក​គេ​ត្រៀម​ខ្លួនដើម្បី​បង្ហាញ​ថា​ ការ​ទទួល​បាន​នូវ​សញ្ជាតិ​របស់​ពួក​គេ​ ពិត​ជា​មាន​សារៈ​សំខាន់។​

លោក​ Absolom Dube ​លើក​ឡើង​ថា៖

​«យើង​ចង់បង្ហាញ​ថា​ យើង​មិន​មែន​ជា​បន្ទុក​សម្រាប់​ប្រទេស​ជាតិ​នោះ​ទេ។ យើង​ជា​សត្វ​ស្លាប​ដែល​មាន​ស្លាប​ហើរ​ដ៏​ភ្លី​ចិញ្ជាច។ ​ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ នៅ​ពេល​ដែលជាប់ក្នុងទ្រុង​នោះ។ ​ពេល​នេះ​ យើងចង់​ហោះ​ហើរ​ ដើម្បី​បង្ហាញ​ពី​ស្លាប​ដ៏​ស្រស់​ថ្លារបស់​យើង»។​ ​

ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួនអង្គការ​សហ​ប្រជា​ជាតិ​ ​និយាយ​ថា​ ប្រទេស​កេនយ៉ា​មាន​ពលរដ្ឋ​រស់​ក្នុង​លក្ខណៈ​គ្មាន​ប្រទេស​ចំនួន​ប្រមាណ​១៨.០០០​នាក់​ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច៕​

ប្រែ​សម្រួល​ដោយលោក​ ជ្រា វណ្ណារិទ្ធ