ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្រចាំ​សេតវិមាន​ត្រូវ​ផ្លាស់​ចេញ​ពី​តំណែង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ

លោក Stephen Bannon ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្រចាំ​សេតវិមាន​ថ្លែង​ក្នុង​សន្និសីទ Conservative Political Action Conference (CPAC) នៅ​ក្នុង​ក្រុង Oxon Hill រដ្ឋ Maryland កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០១៧។

លោក Stephen Bannon ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្រចាំ​សេតវិមាន​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ផ្លាស់​ចេញ​ពី​តំណែង​របស់​លោក​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ នៅ​ក្នុង​ការ​រៀបចំ​ឡើង​វិញ​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ និង​ប្រធាន​នាយ​ខុទ្ទកាល័យ​សេតវិមាន បាន​ចូលរួម​ជា​ប្រក្រតី​ឡើង​វិញ​នៅ​ក្នុង​គណៈកម្មាធិការ​គោលការណ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ។

ការ​ផ្លាស់ប្ដូរ​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​អនុស្សរណៈ​ប្រធានាធិបតី​ផ្នែក​សន្តិសុខ​ជាតិ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ក្នុង​ព្រឹត្តិបត្រ Federal Register ដែល​ជា​ព្រឹត្តិបត្រ​ប្រចាំ​ថ្ងៃ​របស់​រដ្ឋាភិបាល​សហព័ន្ធ។

សារព័ត៌មាន The New York Times កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ បាន​រាយការណ៍​ថា លោក Stephen Bannon បាន​បដិសេធ​ចំពោះ​ការ​ផ្លាស់​លោក​ចេញ​ពី​តំណែង​នេះ ហើយ​ពេល​ខ្លះ​លោក​ក៏​បាន​គំរាម​ថា​លោក​នឹង​លា​ឈប់​ពី​ការងារ ប្រសិន​បើ​រឿង​នេះ​មាន​ដំណើរការ​ទៅ​មុខ​បន្ត​ទៀត​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សេតវិមាន​ដែល​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

លោក Brian Katulis អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ Center for American Progress បាន​និយាយ​ថា៖ «វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​វាយ​តម្លៃ​ថា​ពួកគេ​កំពុង​តែ​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នោះ។ ក្រុម​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ប្រព្រឹត្តិ​កំហុស​មួយ​ចំនួន​ដោយ​សារ​តែ​ខ្វះ​បទ​ពិសោធន៍​នៅ​ពេល​កាន់​តំណែង​បាន​ប៉ុន្មាន​សប្ដាហ៍​ដំបូង»។

កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Donald Trump បាន​ចេញ​នូវ​បទ​បញ្ជា​ប្រធានាធិបតី​មួយ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​លោក Stephen Bannon ឲ្យ​ចូលរួម​នៅ​ក្នុង​គណៈកម្មាធិការ​គោលការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ៕