មនុស្ស៧២នាក់ត្រូវបានសម្លាប់នៅក្នុងកុបកម្ម និងការលួចរបស់របរនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅពេលមានការតវ៉ាប្រឆាំងអំពីការឃុំឃាំងអតីតប្រធានាធិបតីលោក Jacob Zuma។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសកាលពីនៅថ្ងៃអង្គារ។
អំពើហិង្សាបានផ្ទុះឡើងកាលពីសប្តាហ៍មុននៅពេលអតីតប្រធានាធិបតីលោក Zuma បានចាប់ផ្តើមជាប់ពន្ធនាគាររយៈពេល១៥ខែពីបទមាក់ងាយតុលាការ។
ក្នុងចលាចលដ៏អាក្រក់បំផុតនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពួកចោរបានយករបស់របរនៅតាមហាងលក់ទំនិញធំៗ និងកន្លែងលក់ដូរផ្សេងៗនៅក្នុងខេត្ត Gauteng ដែលរួមមាន Johannesburg ដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសនេះ។ កងកម្លាំងសន្តិសុខហាក់ដូចជាមិនអាចរារាំងការលួចរបស់របរ និងការវាយប្រហារ ដែលបានកើតមានឡើងនៅខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក Zuma និងនៅក្រុង Soweto បាននោះទេ។
ក៏ប៉ុន្តែពួកបាតុករក៏បានចេញមកតាមផ្លូវនានាតវ៉ាប្រឆាំងនឹងបញ្ហាលំបាកខាងសេដ្ឋកិច្ចដែលបានកើនឡើងក្នុងអំឡុងមានជំងឺរាតត្បាតជាងមួយឆ្នាំកន្លងមកនេះ។
កំណើនចំនួនមនុស្សស្លាប់បានកើតមានឡើងនៅពេលដែលប្រទេសអាហ្វ្រិកខាងត្បូងបានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ដើម្បីជួយមន្ត្រីប៉ូលិស។
ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ការស្លាប់ភាគច្រើនគឺដោយសារការរត់ជាន់គ្នានៅក្នុងឧបទ្ទវហេតុនៃការលួចរបស់របរ។ មនុស្សជាង១ពាន់នាក់បានត្រូវចាប់ខ្លួនចាប់តាំងពីបាតុកម្មបានចាប់ផ្តើមកាលពីសប្តាហ៍មុនមក៕