ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី០៧​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​វិស័យ​បោះពុម្ព ​អ្នក​និពន្ធ ​និង​អ្នក​អាន​នៅ​កម្ពុជា

កម្រងរូបភាព VOA៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទីប្រាំពីរ

ព័រណ៍​សៀវភៅ​កម្ពុជា​ដែលកំពុងទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​យុវជន​កម្ពុជា​នេះ​ ​គឺ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្មែរ​ ​និង​ផ្សព្វផ្សាយ​ពី​វិស័យ​បោះ​ពុម្ព​នៅ​កម្ពុជា​ ​ក៏​ដូច​ជា​ ​លើក​ទឹក​ចិត្ត​ការ​សរសេរ​ ​និង​ទម្លាប់​នៃ​ការ​អាន។​​

​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​ ​០៧​ រយៈ​ពេលបី​ថ្ងៃ​ ដែល​បាន​ធ្វើ​ឡើង​នា​សប្តាហ៍​កន្លង​ទៅ​ ​បាន​ទាក់ទាញ​យុវជន​និង​អ្នក​ស្រលាញ់​ការ​អាន​កាន់តែ​ច្រើន​ឡើង​ចូល​រួម​ការ​តាំង​ពិព័រណ៍​នេះ​ ខណៈ​ស្នាដៃ​និពន្ធ​នឹង​សៀវភៅ​ថ្មីៗ​យ៉ាង​ច្រើន​ជា​ភាសា​ខ្មែរ​ ក៏​ត្រូវបាន​ដាក់​តាំង​ពិព័រណ៍​ក្នុង​កម្មវិធី​ ​ដែល​បាន​បញ្ចប់​នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យុវជន​ ​សឹង្ហ និស្ស័យ​ ​វ័យ ​២១ឆ្នាំ​ ដែល​ជា​អ្នក​សម្របសម្រួល​មួយ​រូប​នៅ​ក្នុង​ពិព័រណ៍​សៀវភៅលើក​ទី​ ​០៧​នេះ​ បាន​ប្រាប់​ VOA ​ថា​ ​ចំនួន​អ្នក​មក​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​សៀវភៅ​បាន​កើន​ឡើង​យ៉ាង​ច្រើន​ ​ធៀប​នឹង​កម្មវិធី​ពិព័រណ៍​សៀវភៅ​នា​ពេល​មុនៗ។

និស្ស័យ​បាន​និយាយ​ថា៖​

«សម្រាប់​ចំណាប់​អារម្មណ៍​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​សម្រាប់​ពិព័រណ៍​យើង​នៅ​ឆ្នាំ​នេះ​ គឺ​មាន​អ្នក​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ ច្រើន​មែនទែន ដោយ​សារ​តែ​ឆ្នាំ​មុន​ ចំនួន​អ្នក​ចូលរួម​ សម្រាប់​បី​ថ្ងៃ​ហ្នឹង​គឺ​មាន​ចំនួន ៥​ម៉ឺន​ ២​ពាន់​នាក់។​ ​ប៉ុន្តែ​សម្រាប់​ពិព័រណ៍​យើង​នៅ​ឆ្នាំ​នេះ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​កន្លះ​ គឺ​មាន​អ្នក​ចូលរួម​រហូត​ទៅ​ដល់ ៥​ម៉ឺន​នាក់​បាត់​ទៅ​ហើយ។ អញ្ចឹង​យើង​នៅ​សល់​ពេល​មួយ​ថ្ងៃ​កន្លះ​ទៀត យើង​គិត​ថា នឹង​មាន​អ្នក​ចូលរួម​ច្រើន​ជាង​ហ្នឹង​ទៀត»។​

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​ ០៧ ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល ០៣​ ​ថ្ងៃ​ ​គឺ​ចាប់​ពី​ថ្ងៃ​សុក្រ​ទី០៧ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​០៩ ខែ​ធ្នូ ​កន្លង​ទៅ​នេះ ដោយ​មាន​ស្តង់​ពិព័រណ៍​សៀវភៅ​ចំនួន​ ១១៤​ស្តង់ ដែល​រួម​មាន​ទាំង​សៀវភៅ​ជាតិ និង​អន្តរជាតិ។​ ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ដែលកំពុងទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​យុវជន​កម្ពុជា​នេះ​ ​គឺ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្មែរ​ ​និង​ផ្សព្វផ្សាយ​ពី​វិស័យ​បោះ​ពុម្ព​នៅ​កម្ពុជា​ ​ក៏​ដូច​ជា​ ​លើក​ទឹក​ចិត្ត​ការ​សរសេរ​ ​និង​ទម្លាប់​នៃ​ការ​អាន។

យុវជន​សឹង្ហ និស្ស័យ​ ដែល​បាន​ចូលរួម​ធ្វើ​ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​ក្រុម​រៀបចំ​ពិព័រណ៍​សៀវភៅ​តាំង​ពី​កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​បួន​មក​ បាន​សង្កេត​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ស្តង់​លក់​សៀវភៅ​ផង​ដែរ​ ដែល​ការណ៍​នេះ​បង្ហាញ​ថា​ ​ចំនួន​អ្នក​និពន្ធ​ និង​អ្នក​អាន​បាន​កើន​ឡើង។​

និស្ស័យ​បាន​និយាយ​ថា៖​

«ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​ពួក​ខ្ញុំ​សង្កេត​ឃើញ​នោះ​គឺ​មាន​ការ​ចូលរួម​ពី​សំណាក់​ស្តង់​ ដែល​ជា​អ្នក​បោះ​ពុម្ភ​ ជា​កវី​និពន្ធ​អី​មាន​ការ​កើន​ឡើង​ ដោយ​សារ​តែ​ចំនួន​ស្តង់​របស់​យើង​ពី​ឆ្នាំ​ទៅ​មាន​តែ​ចំនួន ៨០​ស្តង់​ទេ។ ប៉ុន្តែ​ឆ្នាំ​នេះ​យើង​កើន​រហូត​ដល់ ១១៥​ស្តង់»។ និយាយ​ទៅ​ចំនួន​អ្នក​បោះពុម្ភ​ផ្សាយ​ក៏​កើន​ឡើង​ដែរ​ ​ដោយសារ​តែ​ពួកយើង​គិត​ថា ចំនួន​អ្នក​អាន​សៀវភៅ​ឥឡូវ​គឺ​ កើន​ឡើង​ដូច​គ្នា»។​

នៅ​ក្នុង​ពិព័រណ៍​សៀវភៅកម្ពុជា​លើក​ទី​០៧​នេះ​ ក៏​គេ​សង្កេត​ឃើញ​មាន​ភាព​ខុស​ប្លែក​ពី​ពិព័រណ៍​សៀវភៅ​កាល​ពី​គ្រា​មុនៗ ដោយ​អ្នក​ចូលរួម​ជា​ច្រើន បាន​តម្រង់ជួរ​ដើម្បី​ទទួល​បាន​ការ​ផ្តល់សៀវភៅ​ ដោយ​ឥត​គិត​ថ្លៃ ក្រោម​ការ​ឧបត្ថម្ភ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង​ចែកចាយ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។​

យុវជន​អ៊ុក ប៊ុន​ហ៊ាង​ អាយុ​ ២៥​ឆ្នាំ​ ដែល​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​មួយ​រូប​បាន​លើក​ឡើង​ថា​ ហេតុ​ផល​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​ចំនួន​អ្នក​អាន​គឺ​ ​ដោយសារ​តែ​អ្នក​អាន​ ​ដែល​ភាគ​ច្រើន​ជា​យុវជន​ យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​អាន។​

លោក​បាន​និយាយ​ថា៖​

«ខ្ញុំ​គិត​ថា ទី​មួយ​គឺ​ថា​ ​សិល្បៈ​នៃ​ការ​អាន​សម្រាប់​យុវជន​យើង​ក្រោយ​ៗ​ហ្នឹង គាត់​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​អាន​ ពី​ព្រោះ​នៅ​ពេល​ដែល​យើង​អាន​ យើង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ។​ ​ហើយ​មួយ​ទៀត​ខ្ញុំ​គិត​ថា​ យើង​អាច​និយាយ​ថា​គាត់​តាម​គ្នា​មែន ប៉ុន្តែ​ជា​លក្ខណៈ​តាម​គ្នា​ វា​ជា​លក្ខណៈ​មាន​ប្រយោជន៍​ក្នុង​ការ​ទទួល​ចំណេះ​ដឹង​ថ្មីៗ​ពី​ការ​អាន​សៀវភៅ»។​

យុវជន​ ​ប៊ុន ហ៊ាង​ ​បាន​បន្ត​ថា​ ​ការ​ប្រកួត​ប្រជែង​ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​ការ​អាន​ច្រើន​ជាង​មុន​នៅ​កម្ពុជា​ផង​ដែរ​ ​ស្របពេល​ដែល​បច្ចេកវិទ្យា​កាន់​តែ​វិវត្ត​ទៅ​មុខ​ ​ហើយ​ទីផ្សារ​ការងារ​កាន់​តែ​ចង្អៀត។​

លោក​បាន​ប្រាប់​ VOA ​ថា៖​

«កត្តា​ជំរុញ​ អ្វី​ដែល​ជា​គំនិត​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា វា​អាច​មក​ពី​ការ​ប្រកួត​ប្រជែង​ដែរ។ នៅ​អនាគត​មនុស្ស​រឹត​តែ​ធ្វើ​ការ របស់​រឹត​តែ​ថ្មី​ ​តាំង​ជំនាញ​ ​តាំង​ការងារ​រឹត​តែ​ថ្មី។ បច្ចេក​វិទ្យា​រឹត​តែ​ខ្លាំង​គឺ​ ត្រូវ​ការ​អ្នក​មាន​ចំណេះ​ដឹង​រឹត​តែ​ខ្លាំង។​ អញ្ចឹង​ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​គាត់​អាន»។

អ្នក​និពន្ធ​វ័យក្មេង​មួយ​រូប​ទៀត​ ​យុវជន ​បីន យ៉ាន​ ​អាយុ​ ២៧​ឆ្នាំ បាន​និយាយ​ថា លោក​សង្កេត​ឃើញ​មាន​យុវជន​ចង់​អាន​សៀវភៅ​ច្រើន​ ​ដែល​ការណ៍​នេះជា​កត្តា​ជំរុញ​ឲ្យ​វិស័យ​បោះពុម្ព​ ​និង​ការ​អាន​សៀវភៅ​នៅ​កម្ពុជា​បោះជំហាន​ទៅ​មុខ។​

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​ឃើញ​ថា ឆ្នាំ​នេះ​ អ្នក​ចាប់​អារម្មណ៍​អាន​ ច្រើន​មែន​ទែន ពិសេស​គឺ​យុវវ័យ យុវជន។ នេះ​ជា​កម្លាំង​ចលករ​ ដែល​ខ្ញុំ​គិត​ថា នេះ​ជា​ក្តី​សង្ឃឹម​សម្រាប់​ជាតិ ពី​ព្រោះ​ថា ប្រទេស​ជាតិ​មួយ​រឹងមាំ​ខ្លាំង​ក្លា​ទៅ​បាន​ លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​ពូកែ​អាន​សៀវភៅ​ ដូចជា ប្រទេស​ជប៉ុន អាល្លឺម៉ង់ អ៊ីស្រាអែល ឬ​ក៏​អាមេរិក​ជា​ដើម ដូច​ពួក​អឺរ៉ុប។ អញ្ចឹង​ខ្ញុំ​ឃើញ​ថា វា​ជា​ផ្នត់​គំនិត​ថ្មី​មួយ​សម្រាប់​យុវជន​កម្ពុជា​សម័យ​ថ្មី​ ដែល​និយម​ក្នុង​ការ​អាន»។​

យុវជន បីន យ៉ាន​ ​បាន​លើក​ឡើង​ថា​ ​ភាព​សម្បូរ​បែប​នៃ​សៀវភៅ​ ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​កម្ពុជា​ មាន​កាន់​តែ​ច្រើន​ និង​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ជាមុន​ ​ដូច​ជា​ ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ជា​ដើម ​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​ការ​អាន​កាន់​តែ​ច្រើន​ផង​ដែរ។​

ទាក់ទិន​នឹង​កង្វះខាត​ចំពោះ​អ្នក​និពន្ធ​នៅ​កម្ពុជា​ ​លោក​ ​អ៊ុក ប៊ុនហ៊ាង​ ​អ្នក​និពន្ធ​វ័យ​ក្មេង​ ​បាន​និយាយ​ថា​ ​បញ្ហា​កម្មសិទ្ធិ​បញ្ញា​នៅ​តែ​ជា​ឧបសគ្គ​ទៅ​លើ​ដំណើរ​ការ​វិវត្ត​ទៅ​មុខ​នៅ​ក្នុង​វិស័យ​សំណេរ​និពន្ធ​នៅ​កម្ពុជា។​

លោក​បាន​និយាយ​ថា៖​

«អ្វី​ដែល​ខ្ញុំ​គិត​ថា​ ​រៀង​ខ្វះ​ខាត​សម្រាប់​អ្នក​និពន្ធ​គឺ ការ​ការពារ​តាម​ផ្លូវ​ច្បាប់។ បាទ​ កម្មសិទ្ធិ​បញ្ញា តាម​ផ្លូវ​ច្បាប់​ហ្នឹង នៅ​មាន​កម្រិត​ និង​ចន្លោះ​ប្រហោង​ខ្លះ។ ខ្ញុំ​គិត​ថា បើ​មាន​កន្លែង​ហ្នឹង​រៀង​ខ្លាំង​បន្តិច ហ្នឹង​ល្អ។ ទី​មួយ​ ការពារ​ កុំ​ឲ្យ​ស្នាដៃ​គាត់​ហ្នឹង​ លួច​ចម្លង​ទៅ ដោយ​អត់​មាន គាត់​អត់​បាន​ផល​ប្រយោជន៍​អី​សោះ។​ អញ្ចឹង​ហ្អា»។

ចំពោះ​លោក​ ​បីន យ៉ាន​ ​អ្នក​និពន្ធ​វ័យ​ក្មេង​ដែល​ជា​ជនជាតិ​ដើម​គួយ​ ​ក្រៅ​ពី​គាំទ្រ​ឲ្យ​មាន​រចនាបថ​សៀវភៅ​ដើម្បី​ឲ្យ​មាន​ការ​ទាក់ទាញ​សម្រាប់​អ្នក​អាន​ ​លោក​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​និពន្ធ​ក្នុង​ស្រុក​ព្យាយាម​ផលិត​ស្នាដៃ​ដោយ​ខ្លួន​ឯង ជាជាង​ការ​ប្រែសម្រួល​ពី​សៀវភៅ​បរទេស។

លោក​បាន​និយាយ​ថា៖​

«ហើយ​មួយ​ទៀត​ចំណុច​ខ្វះ​ខាត​ ខ្ញុំ​ឃើញ​ថា សម្រាប់​អ្នក​និពន្ធ​មួយ​ចំនួន​ គឺ​នៅ​ចង​ក្រង។​ ​ជួន​កាល​អ្នក​ខ្លះ​គ្រាន់​តែ​រៀបរៀង​ពី​គេ​មក ឬ​ក៏​អាន​ឯកសារ​ពី​គេ​មក។ ប៉ុន្តែ​មិន​ទាន់​ ផលិត​ជា​ស្នាដៃ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ទេ។​ ​អញ្ចឹង​ ខ្ញុំ​សូម​សំណូម​ពរ​ជំរុញ​ថា​ អ្នក​និពន្ធ​ខ្មែរ​ ​ត្រូវ​តែ​បង្កើត​អ្វី​ដែល​ជា​កូន​ខ្មែរ​ ​ដូច​ខ្ញុំ​អញ្ចឹង​ ខ្ញុំ​អត់​ចម្លង​ពី​គេ​ទាំងអស់​ ​ខ្ញុំ​បង្កើត​ខ្លួន​ឯង សរសេរ​ដោយ​ខ្លួន​ឯង»។

លើស​ពី​នេះ​ទៀត​ លោក​ ​បីន យ៉ាន​ ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​បណ្ណាល័យ​ជាតិ​ទូទាំងខេត្ត​ក្រុង​និង​ថវិកា​រដ្ឋ​ដើម្បី​ទ្រទ្រង់​ដល់​ក្រុម​អ្នក​និពន្ធ​វ័យក្មេង​ ដែល​ខ្វះខាត​ធនធាន​នៅ​ក្នុង​ការ​ចុះផ្សាយ​ស្នាដៃ​របស់​ខ្លួន។​

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​បណ្ណាល័យ​ជាតិ​ទូទាំង​ប្រទេស។⁠ ហើយ​ក៏​សំណូម​ពរ​ឲ្យ​មាន​កម្មវិធី​ ឝេ​ហៅ​ថា ពិព័រណ៍​សៀវភៅ​ជាតិ​ទូទាំង​ខេត្ត។ រាជធានី​យើង​មាន​ហើយ​រាប់​ប្រចាំ​ឆ្នាំ​ តែ​គ្រប់​ខេត្តគួរ​តែ​ធ្វើ។ មាន​ន័យ​ថា ខខេត្ត​មួយ​ត្រូវ​ធ្វើ​ប្រចាំ​អញ្ចឹង​ដែរ ដើម្បី​ឲ្យ​មាន​ឳកាស»។⁠

លោក​បាន​បន្ត​ថា៖​

«ទី​ពីរ​គឺ​គួរ​តែ​មាន​កញ្ចប់​ថវិកា លើកទឹកចិត្ត​ដល់​អ្នក​និពន្ធ​វ័យ​ក្មេង​ដែល​គាត់​អត់​មាន​លទ្ធភាព​ ក្នុង​ការ​បង់​ដូចថា គាត់​អាច​សរសេរ​សៀវភៅ​បាន​ ប៉ុន្តែ​គាត់​គ្មា​នលទ្ធភាព​បោះ​ពុម្ព ដោយសារ​តែ​គាត់​ត្រូវ​ការ​ថវិកា​ដើម​ទុន​ ធនធាន»។​

យុវជន​សេន យុទ្ធា​ វ័យ​១៨​ឆ្នាំ​ ដែល​ជា​អ្នក​ចូលរួម​មួយ​រូប​ ​ក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី០៧ បាន​និយាយ​ថា លោក​មាន​អារម្មណ៍រីករាយ​ក្នុង​ការ​ចូលរួម​ក្នុង​ពិព័រណ៍​សៀវភៅ​នេះ។ យ៉ាង​ណាក្តី​លោក​បាន​លើក​ឡើង​ថា​ លោក​ចង់​ឃើញ​មាន​ការ​ដាក់​បញ្ចូល​សៀវភៅ​ជា​ច្រើន​បន្ថែម​ទៀត។

យុទ្ធា​បាន​និយាយ​ថា៖​

«ខ្ញុំ​មក​ចូលរួម​ពិព័រណ៍​សៀវភៅ​លើក​ទី​០៧ ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​ប្រទេស​យើង​មាន​ការ​អាន​ច្រើន​អញ្ចឹង​ធ្វើ​ឲ្យ​ប្រជាជន​យើង​មាន​ចំណេះ​ដឹង​ច្រើន។ អាន​ច្រើន​ មាន​ចំណេះ​ដឹង​ច្រើន​ អញ្ចឹង​ប្រទេស​យើង​សម្បូរ​ដោយ​ធនធាន​មនុស្ស។

លោក​បាន​បន្ត​ថា៖⁠​

«ចង់​ឲ្យ​យក​សៀវភៅ​ ឲ្យ​ច្រើន។ ចង់​ឲ្យ​កើន​ការ​នាំ​សៀវភៅ​មក​ធ្វើ​ការ​ក៏​បាន​ដែរ។ អ្នក​និពន្ធ​ណា​ក៏​បាន​ដែរ។ ឲ្យ​តែ​យក​សៀវភៅ​ច្រើន​ ហើយ​ល្អៗ»។

ស្រប​ពេល​ដែល​ចំនួន​អ្នក​មក​ចូលរួម​ពិព័រណ៍​សៀវភៅ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ រដ្ឋា​ភិបាល​កម្ពុជា​នៅ​កំពុង​បន្ត​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ ដើម្បី​ចម្រាញ់​យក​គុណភាព​និង​បង្កើន​ផលិតភាព​របស់​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស៕