កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​មួយ​គ្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ

ប្រធានាធិបតី​កូរ៉េខាងជើង​លោក Kim Jong Un កំពុង​នៅ​ទីតាំង​ធ្វើតេស្ត​សាកល្បង​មីស៊ីល​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។

យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​មួយ​គ្រាប់​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

នាយ​អគ្គ​សេនាធិការ​ចម្រុះ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​នេះ​ចេញ​ពី​ខេត្ត Pyeongan ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ហើយ​គ្រាប់​មីស៊ីល​នេះ​ហោះ​បាន​ចម្ងាយ​ប្រមាណ ៥ រយ គីឡូម៉ែត្រ មុន​ពេល​វា​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។

មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ដឹង​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល MRBM មួយ​គ្រាប់។ គ្រាប់​មីស៊ីល​ប្រភេទ​ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​លើក​ចុង​ក្រោយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ អាច​ហោះ​បាន​ចម្ងាយ​ខ្លី​ជាង​គ្រាប់​មីស៊ីល ដែល​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​នៅ​ក្នុង​ការ​សាកល្បង ៣ លើក​ចុងក្រោយ នា​ពេល​ថ្មីៗ​នេះ»។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in បាន​បើក​ការ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក នៅ​ឯ​វិមាន​ប្រធានាធិបតី ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​នេះ។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ជា​ច្រើន​ប្រភេទ​រួច​មក​ហើយ នៅ​ក្នុង​កម្រិត​ខ្លាំងក្លា​មួយ​ដែល​មិន​ដែល​ធ្វើ​ឡើង​ពី​មុន​មក ចាប់តាំង​ពី​ដើម​ឆ្នាំ​មុន​មក​ម្ល៉េះ។

កាល​ពី​មួយ​សប្ដាហ៍​មុន កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​មួយ​នៅ​ក្នុង​រយៈ​កម្ពស់​ហោះ ដ៏​ខ្ពស់​មិន​ធម្មតា​មួយ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គ្រាប់​មីស៊ីល​នេះ​អាច​ជា​គ្រាប់​រ៉ុកកែត​ដែល​ប្រើ​សារធាតុ​រាវ​ជា​កម្លាំង​ជំរុញ​យ៉ាង​ហោច​ណាស់​ពីរ​ប្រភេទ​បញ្ចូល​គ្នា ដែល​មាន​សមត្ថភាព​អាច​ហោះ​បាន​រហូត​ដល់ ៤ ពាន់ ៥ រយ គីឡូម៉ែត្រ៕