មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​មួយ​រូប​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង

មនុស្ស​ម្នា​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​ផ្សាយ​ពី​រូប​របស់​លោក Thae Yong Ho មន្រ្តី​ការ​ទូត​ជាន់​ខ្ពស់​របស់​ស្ថានទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ក្រុង​ឡុងដ៍ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

មន្ត្រី​ជាន់​ខ្ពស់​ទី២​នៅ​ឯ​ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នេះ​បើយោង​តាម​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង។​

លោក​ Thae​ Yong​ Ho​ បាន​មក​ដល់​រដ្ឋធានី​សេអ៊ូល​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​ លោក​ Jeong Joon Hee។ លោក​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ថា​៖ «ពួក​គេ​បច្ចុប្បន្ន​នេះ​ កំពុង​ស្ថិត​ក្រោម​កិច្ច​ការពារ​របស់​រដ្ឋាភិបាល‍»។​

លោក​ Jeong​ បាន​ថ្លែង​ថា ​ លោក​ Thae​ បាន​ប្រាប់​ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ថា​ លោក​រត់​គេច​ចេញ​នេះ​ គឺ​ដោយ​សារ​តែ​លោក​ស្អប់​ខ្ពើម​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ ដែល​ដឹកនាំ​ដោយ​លោក គីម ជុងអ៊ុន ហើយ​ដើម្បី​ស្វែង​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ដោយសារ​តែ​លោក​បារម្ភ​ពី​អនាគត​របស់​កូនៗ​របស់​លោក​ផង​ដែរ។​

លោក​ Thae ត្រូវ​បាន​គេ​ជឿថា​បាន​ធ្វើ​ការ​នៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍​អស់​រយៈ​ពេល​១០ឆ្នាំ​មក​ហើយ​ ដែល​លោក​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់​គ្រង​ទៅ​លើ​មុខ​មាត់​របស់​ប្រទេសកូរ៉េ​ខាង​ជើង​ ដែល​ត្រូវ​បាន​រង​ការ​រិះគន់​ទៅ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ និង​ការ​រិះគន់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ។ លោក Thae ត្រូវ​បាន​គេ​ជឿ​ថា​ ជា​មន្ត្រី​ការ​ទូតជាន់​ខ្ពស់​បំផុត​មួយ​រូប​របស់​កូរ៉េ​ខាង​ជើង​ដែល​រត់​គេច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្រសួង​ការបរទេស​បាន​ច្រាន​ចោល​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទៅ​លើ​បញ្ហា​នេះ​នោះ​ទេ​ ប៉ុន្តែ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ការពារ​ទៅ​លើ​ជន​ភៀស​ខ្លួននិង​ជន​សុំ​សិទ្ធិ​ជ្រក​កោន​របស់កូរ៉េ​ខាង​ជើង៕