សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយក្រុមបានជួបពិភាក្សា កាលពីថ្ងៃអាទិត្យ ជាមួយនឹងក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី Joe Biden អំពីសំណើថវិការបស់លោក Biden សម្រាប់សង្គ្រោះវិបត្តិដែលកើតឡើងដោយសារជំងឺកូវីដ១៩ ដែលមានទឹកប្រាក់ចំនួន ១,៩ លានលានដុល្លារ។
ពួកគេបាននិយាយថា ពួកគេសង្ឃឹមថា នឹងអនុម័តលើសំណើច្បាប់នេះ នៅមុនពេលចាប់ផ្ដើមនៃសវនាការចោទប្រកាន់លោកអតីតប្រធានាធិបតី Donald Trump។
ក្រុមសមាជិកព្រឹទ្ធសភាទាំងខាងគណបក្សប្រជាធិបតេយ្យ និងខាងគណបក្សសាធារណរដ្ឋ បានថ្លែងថា ពួកគេបានព្រមព្រៀងគ្នាថា អាទិភាពចម្បងនៅពេលឥឡូវនេះ គឺការបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ១៩ និងការធ្វើតេស្តរកជំងឺកូវីដ១៩។
កាលពីមួយខែមុន សភាបានអនុម័តលើកញ្ចប់ថវិកាជំនួយចំនួន ៩០០ ពាន់លានដុល្លាររួចមកហើយ។ កញ្ចប់ថវិកាជំនួយកាលពីមុននេះបានផ្ដល់ប្រាក់ចំនួនរហូតដល់ ៦០០ ដុល្លារដល់ពលរដ្ឋម្នាក់ៗ អាស្រ័យលើប្រាក់ចំណូលរបស់ពលរដ្ឋនោះ។
សំណើថវិកាលើកនេះក៏មានបញ្ចូលនូវទឹកប្រាក់បន្ថែមចំនួន ១.៤០០ ដុល្លារដល់ពលរដ្ឋម្នាក់ៗផងដែរ ហើយនៅក្នុងការពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យ អ្នកដែលជំទាស់នឹងសំណើច្បាប់នេះបានអះអាងថា ជំនួយនេះគួរតែផ្ដល់ដល់អ្នកដែលត្រូវការជំនួយខ្លាំងបំផុត។
លោក Biden បានផ្ដល់អាទិភាពកំពូលលើការដោះស្រាយវិបត្តិជំងឺកូវីដ១៩ សម្រាប់ខែដំបូងៗនៃការកាន់តំណែងរបស់លោកជាប្រធានាធិបតី។
កន្លងមក ពលរដ្ឋជាង ៤១៩.០០០ នាក់នៅក្នុងសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយពលរដ្ឋជាង ២៥ លាននាក់បានឆ្លងជំងឺនេះ៕