ព្រឹទ្ធសភា​​នឹង​ពិនិត្យ​លើ​វិសោធន​កម្មច្បាប់​គណបក្ស​នយោបាយ​ដែល​អាច​បើក​ផ្លូវ​ឱ្យ​មន្ត្រី​បក្ស​ជំទាស់​​១១៨រូប​ចូល​ធ្វើ​នយោបាយ​វិញ

រូបឯកសារ៖ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ធ្វើ​សេចក្តី​ថ្លែងការណ៍មួយនៅទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

ព្រឹទ្ធសភា​កម្ពុជា​ដែល​មាន​សមាជិក​ទាំងអស់​មក​ពី​គណបក្ស​កាន់​អំណាច​នឹង​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​សប្តាហ៍​ក្រោយ។ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ថ្លែង​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ជា​ការ​បំបែក​ភាព​ទាល់​ច្រក​មួយ​ឲ្យ​អ្នក​នយោបាយ​ ដែល​គោរព​ច្បាប់​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​កម្ពុជា​នឹង​បើក​ការប្រជុំ​ពិនិត្យ​និង​សម្រេច​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​ថ្មី​មួយ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​នឹង​អាច​បើក​ផ្លូវ​ឱ្យ​អតីត​មន្ត្រី​បក្ស​ជំទាស់​ទាំង១១៨​រូប​បាន​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គ​លេខាធិការ​នៃ​ព្រឹទ្ធសភា​កម្ពុជា។

លោក​ អ៊ុំ សារិទ្ធ​ ​អគ្គលេខាធិការ​នៃ​ព្រឹទ្ធសភា​កម្ពុជា​និង​ជា​មន្ត្រី​អ្នក​នាំពាក្យ​នៃ​ស្ថាប័ន​ធ្វើ​ច្បាប់​កំពូល​នេះ​មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ពិនិត្យលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥ថ្មី​ (ស្ទួន)​ នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ខាង​មុខ​នេះ។

លោក អ៊ុំ សារិទ្ធ​ ​សមាជិក​ព្រឹទ្ធ​សភា​របស់​បក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា​ ទោះបី​ព្រឹទ្ធសភា​មាន​តែ​សមាជិក​ស្ទើរ​តែ​ទាំង​អស់​មក​ពី​គណបក្ស​កាន់​អំណាច​ក្តី​ ​ក៏​ការ​ផ្លាស់​ប្តូរ​យោបល់​នឹង​កើត​មាន​ឡើង​ ដោយ​យោង​តាម​យន្តការ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ។

«ការ​ពិភាក្សា​គ្នា​តែង​តែ​មាន​យោបល់ច្រើន​ មិនមែន​នេះ​ទេ។ សមាជិក​សភា​លោក​បំពេញ​ សមាជិក​ព្រឹទ្ធ​សភា​តួនាទី​ ភារកិច្ច​របស់​លោក​រៀង​ខ្លួនៗ​ អ៊ីចឹង​ លោក​តែង​តែ​មាន​យោបល់​ទៅ​លើ​អ្វី​ដែល​បញ្ហា​ដែល​លើក​ឡើង»។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ព្រឹទ្ធសភា​ចុះថ្ងៃទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០១៨នេះ​ លោក​សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​នឹង​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នោះ។ កិច្ច​ប្រ​ជុំ​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ដដែល​នោះ​ នឹង​ពិនិត្យនិង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី(ស្ទួន)នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទៅក្នុង​របៀប​វារៈ​នៃ​សម័យ​ប្រជុំ​លើក​ទី​២​ ព្រឹទ្ធសភា​ នីតិកាល​ទី៤។

កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​នេះ​ រដ្ឋ​សភា​ឯកបក្ស​ប្រទេស​កម្ពុជាបាន​បោះឆ្នោត​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​ (ស្ទួន)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​គេ​រំពឹង​ថា ​នឹង​អាច​ជួយ​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប អាច​វិល​ចូល​ឆាក​នយោបាយ​ឡើង​វិញ។

លោក​ ​ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ ​អះអាង​ថា ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយនេះ ​គឺ​សម្រាប់​គ្រប់​បក្ស​នយោបាយ​ទាំង​អស់​ ​ហើយ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដាក់​លិខិត​ស្នើ​មក​លោក ​ដើម្បី​ទទួល​បាន​នីតិ​សម្បទា​ពី​ព្រះ​មហាក្សត្រ​ឡើង​វិញ​ ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់ ប្រសិន​បើ​ពួក​គេ​ចង់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក​ ​សម រង្ស៊ី​ ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ពេល​នេះ​ទទួល​បាន​ការ​គំាទ្រ​ពី​សមាជិក​បក្ស​ប្រឆាំង​ពីក្រៅ​ប្រទេស​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​នោះ​ បាន​ទាត់​ចោល​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន។

លោក​ ​សម រង្ស៊ី​ ​បាន​បញ្ជាក់​ឲ្យដឹង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូថា​ មាន​អ្នក​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​៩៩%​ នៃ​សមាជិក​១១៨​នាក់​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ​ ​មិន​ចុះ​ញ៉ម​តាម​លោក​ ​ហ៊ុន សែន​ ​ដោយ​ពួក​គេ​បាន​បដិសេធ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ពី​លោក​ហ៊ុន សែន។

លោក​ ​សម រង្ស៊ី​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​ ​សម រង្ស៊ីសូម​កោត​សរសើរ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ ចំនួន​៩៩ភាគរយ​ លើ​១១៨​នាក់ ដែល​បាន​ប្តេជ្ញា​ចិត្ត​មិន​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ ពី​ជន​ផ្តាច់​ការ ហ៊ុន សែន។ ការផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​តទៅ​ទៀត ជូន​ទៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ និង​ការ​ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់​ មក​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​អស់​នោះ ​គឺ​ជា​ការ​ទាមទារ​មួយ​របស់​សហភាព​អឺរ៉ុប»។

​លោកសម រង្ស៊ី បាន​បន្ថែម​ថា៖

«ដូច្នេះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​១១៨រូប​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​តទៅ​ទៀត​ ដោយ​មិន​ចាំបាច់​ធ្វើ​ថោក ទៅ​សុំ​សិទ្ធិ​នោះ​ពី ហ៊ុន សែន ដែល​កំពុង​តែ​ភ័យ​ស្លន់​ស្លោ​ពី​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប»។

លោក​ ​អ៊ុំ សារិទ្ធ​ ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​យល់ថា​ ការ​កែប្រែ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​នឹង​បន្ត​ទៅ​មុខ​ ទោះ​ជា​មាន​ការ​រិះគន់​ពី​លោក​សម រង្ស៊ី ​ក៏ដោយ។ លោក​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ ក៏នឹង​មិន​ផ្តល់​សិទ្ធិ​អំណាច​បន្ថែម​ទៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នោះ​ដែរ។

«​ការ​រៀបចំ​ក្រប​ខណ្ឌ​ច្បាប់​ ដើម្បី​ឲ្យ​មាន​មូលដ្ឋាន​ក្នុង​ការ​លើក​លែង​ទោស​ចំពោះ​អ្នកណា​ដែល​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ ដូច្នេះ​យើង​ពិចារណា​លើ​រឿង​ច្បាប់​ទេ​ មិនមែន​រឿង​[អំណាច]​ អ្នកណា​មាន​អំណាច​ អត់​អំណាច​អីនោះ​ទេ​ មិនមែន​ចឹង។ យើង​ចង់​ឲ្យ​មាន​ច្រក​ចេញ​សម្រាប់ ​បន្ធូរបន្ថយ​ ការ​អនុវត្តន៍​ច្បាប់​ចំពោះ​ករណី​បុគ្គល​ខ្លះ​ ដែល​អនុវត្ត​ច្បាប់​បាន​ល្អ​ត្រឹម​ត្រូវ»។

​កាលពីឆ្នាំ​២០១៧​ ​តុលាការ​កំពូល​ប្រទេស​កម្ពុជា​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំឆ្នាំ​ពីក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១៨នាក់​ ​ហើយ​តុលាការ​ដដែល​នេះ​ ​ក៏​បាន​រំលាយ​គណ​បក្ស​នេះ​ចោល។

តុលាការ​កំពូល​បាន​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ក្រុមមន្ត្រី​ទាំងនេះ​ និង​រំលាយ​គណបក្ស​ប្រឆាំង​ចោល​ ដោយសំអាងថា​ គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ការ​ដក​ហូត​សិទ្ធិ​នយោបាយ​ ​និង​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​ដោយ​រលូន​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៨។​ ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​រិះគន់​ និង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​បស្ចិម​ប្រទេស​ដែល​បាន​បន្តទាមទារ​ឱ្យបើក​លំហ​សិទ្ធិ​សេរីភាព ​និង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​សម្រាប់​មន្ត្រី​គណបក្ស​ប្រឆាំង​ ដែល​ទទួល​បាន​ការ​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ក្នុង​ការ​បោះឆ្នោត​ពីរ​លើក​ចុងក្រោយ​ គឺ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧៕