ព្រឹទ្ធសភានឹងពិនិត្យសំណើដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង

រូបឯកសារ៖ ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។

ព្រឹទ្ធសភាកម្ពុជាបានប្រកាសនាព្រឹកថ្ងៃអង្គារនេះថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួននឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីស្នើសុំដកអភ័យឯកសិទ្ធិរបស់លោកស្រីថាក់ ឡានី សមាជិកាព្រឹទ្ធសភា តាមការស្នើសុំពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​នឹង​ពិនិត្យ​ការ​ស្នើសុំ​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​ព្រឹទ្ធ​សភា​មួយរូប​មក​ពី​គណបក្ស​ប្រឆាំង​គឺ​លោក​ស្រី​ថាក់ ឡានី។ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ ប្រកាស​មិន​ចូលរួម​កិច្ច​ប្រជុំ​នេះ​ទេ​ ហើយ​ថា ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​ នឹង​សម្រេច​បំណង​របស់​ខ្លួន​ក្នុង​ការ​ដក​អភ័យ​ឯកសិទ្ធិ​លោក​ស្រី​ថាក់ ឡានី។​

ព្រឹទ្ធ​សភា​កម្ពុជា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​ខ្លួន​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ​សេចក្តី​ស្នើសុំ​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ស្រី​ថាក់ ឡានី​ សមាជិកា​ព្រឹទ្ធ​សភា ​តាម​ការ​ស្នើ​សុំ​ពី​អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​ និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី។​

កិច្ច​ប្រជុំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ កើត​មាន​ឡើងក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក​ស្រី​ថាក់ ឡានី សមាជិកា​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ កាលពី​ដើម​ខែ​សីហា​ បន្ទាប់​ពី​សមាជិកា​ព្រឹទ្ធ​សភា​រូប​នេះ​ ​ធ្វើ​ការ​អធិប្បាយ​អំពី​ឃាតកម្ម​លើ​លោក​កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​កាលពី​ខែ​កក្កដា​កន្លង​ទៅ។​

លោក​ហ៊ុន សែន​ បាន​ប្តឹង​លោក​ស្រី​ថាក់ ឡានី ដោយ​ការ​ស្រង់​សម្តី​របស់​លោក​ស្រី​ ដែល​បាន​និយាយ​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ថា​«ឥឡូវ​ហ្នឹង​ហ៊ុន សែន​ មិន​ដឹង​គិត​យ៉ាង​ម៉េច​ទៀត​ទេ នៅ​មិន​នៅ​ ចុះឡើងៗ​ ទៅ​បាញ់​លោក​កែម ឡី»។​

លោក​អ៊ុំ សារិទ្ធ​ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​ បាន​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​ ដែល​មាន​សមាជិក​១៣​រូប​នឹង​ធ្វើ​ការ​ប្រជុំ​សម្រេច​ទៅ​តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌​ និង​អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍។

លោក​មាន​ប្រសាសន៍​ថា​ លោក​ស្រី​ថាក់ ឡានី​ ត្រូវ​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​មិន​ជាក់​ស្តែង​ ហេតុដូច​នេះ​ តម្រូវ​ឲ្យ​ព្រឹទ្ធ​សភា​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ស្រី​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​បន្ត​នីតិវិធី។​

រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួមបាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។

លោក​បន្ត​ថា ករណី​លោក​ស្រី​ថាក់ ឡានី​ គឺ​មាន​ភាព​ខុសគ្នា​ពី​ករណី​របស់​លោក​ ហុង សុខហួរ ដែល​ត្រូវ​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង​ក្នុង​សំណុំ​រឿង​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។

«តែ​ចំពោះ​ករណី​លោក​ជំទាវ​ថាក់ ឡានី​នេះ វា​ចូល​ក្នុង​បទល្មើស​តាម​ដែល​តុលាការ​គេ​ដាក់​លិខិត​មក​ គឺ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែរ​ ប៉ុន្តែ​មិន​ជាក់ស្តែង​ទេ ​អញ្ចឹង​ត្រូវ​ការ​នីតិ​វិធី​ដក​អភ័យ​ឯកសិទ្ធិ​សិន បាន​តុលាការ​គេ​បន្ត​នីតិវិធី​គេ​ត​ទៅ​ទៀត»។​

ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក​កែម ឡី​ នេះ លោក​ហ៊ុន សែន ​ក៏​បាន​ប្តឹង​លោក​ សម រង្ស៊ី​ ​ប្រធានគ​ណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក្រោយ​ពេល​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​សរសេរ​លើ​ទំព័រ Facebook (ហ្វេសប៊ុក) កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦​ថា៖​«ការ​បាញ់​សម្លាប់​លោក​កែម ឡី ថ្ងៃនេះ​ជា​អំពើ​ឃាតកម្ម​មួយ​ទៀត​ រៀបចំ​ដោយ​រដ្ឋ​អំណាច»។​

លោក​សោ ចាន់ដេត​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ចំនួន​១១​រូប ​នឹង​មិន​ចូលរួម​កិច្ច​ណាមួយ​នៅ​ក្នុង​ការ​ដក​អភ័យ​ឯកសិទ្ធិ​លោក​ស្រី​ថាក់ ឡាក់នី ដែល​លោក​អះអាង​ថា​ កំពុង​រស់​នៅ​ក្នុង​កន្លែង​មាន​សុវត្ថិភាព​នោះ​ទេ។​ លោក​ថ្លែង​ថា​ ការ​ប្រើ​ផ្លូវ​ច្បាប់​មក​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង​ គឺ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ចាស់​ដដែលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​យល់​ថា​ លោក​ស្រី​ថាក់ ឡានី​ នឹង​ត្រូវ​ប្រឈម​មុខ​នីតិវិធី​របស់​តុលាការ​បន្ត​ទៀត​ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​ច្រើន​លើសលុប​ក្នុង​ព្រឹទ្ធ​សភា។​

«ជា​គោល​ការណ៍ ​វា​ទៅ​ជា​អញ្ចឹង​ហើយ​ ពីព្រោះ​ក្នុង​អចិន្ត្រៃយ៍​កម្លាំង​របស់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​គេ​ទាំង​អស់​ហើយ​អញ្ចឹងណ៎ា។ អញ្ចឹង​គឺ​គោល​ការណ៍​ វា​ទៅ​ហើយ។​ វា​នឹង​លើក​ហើយ​ ព្រោះ​គេ​ដាក់​របៀប​វារៈ​នឹង​មក​ ហើយ​ជា​ការណ៍​ពិត​ហើយ»។​

បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ បាន​ចោទ​ប្រកាន់​ថា ការ​អធិប្បាយ​របស់​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ និង​លោក​ស្រី​ថាក់ ឡានី សមាជិកា​ព្រឹទ្ធ​សភា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​របស់​លោក។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោកស្រី​ថាក់ ឡានី បាន​ទេ​ នាថ្ងៃ​អង្គារនេះ។​ លោក​ សំ សុគង់ មេធាវី​ការពារ​ក្តី​លោកស្រី​ថាក់ ឡានី បាន​ថ្លែង​ថា​ ជំហរ​មេធាវី​គឺ​ចង់​ឲ្យ​ព្រឹទ្ធ​សភា​ធ្វើ​ការ​សម្រេច​របស់​ខ្លួន​ទៅ​តាម​នីតិ​វិធី​ច្បាប់​ត្រឹមត្រូវ។​ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើការ​អធិប្បាយ​ទៅ​លើ​ការ​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​កូនក្តី​លោក​ទេ។​ លោក​ថា​ ការ​តស៊ូ​ផ្នែក​ច្បាប់​នឹង​បន្ត​នៅ​ស្ថាប័ន​តុលាការ។

«គោល​បំណងដែលមេធាវី​ចង់​បាន​ហ្នឹង​ គឺ​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​មុន​នឹង​ធ្វើ​អី្វមួយ ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ កោះ​ហៅ​សមាជិក​ព្រឹទ្ធសភា​ដែល​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ហ្នឹង ​ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។​ ប៉ុន្តែ​អាការ​ដក​បាន ឬ​អត់​បាន​ហ្នឹង​ សំខាន់​គឺ​លើ​នីតិវិធី​របស់​ព្រឹទ្ធសភា​ទេ។ ​ខ្ញុំ​ក៏​អត់​ដឹង​ច្បាស់​ដែរ»។​

ក្រោយ​ការ​ដាក់​ពាក្យ​បណ្តឹង លោក គី តិច​ មេធាវី​របស់​លោកហ៊ុន សែន ​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពាក្យ​បណ្តឹង​របស់​លោក​ហ៊ុន សែន​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​បាន​ស្នើ​ឲ្យ​តុលាការ​ដាក់​ទោស​លោក​សម រង្ស៊ី​ និង​លោកស្រី​ ថាក់ ឡានី ​ឲ្យ​ជាប់​ពន្ធនាគារ​ និង​សង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​១០០​រៀល​ក្នុង​ម្នាក់ៗ​ សម្រាប់​ការ​អធិប្បាយ​អំពី​ឃាតកម្ម​លោកកែម ឡី​នេះ។

ក្រុម​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ប៉ាន់​ស្មាន​ទុក​ជាមុន​ថា​ រឿង​ក្តីក្តាំដែល​នាំឲ្យ​កើន​កម្តៅ​នយោបាយ​នេះ​នឹង​ចុះ​ថមថយ​មក​វិញ​ នៅ​ពេលវេលា​ដែល​កៀក​នឹង​ការ​បោះឆ្នោត។​

នៅ​ក្នុង​សេចកី្ត​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធ​សភា​ចុះថ្ងៃ​ទី​៣០​ ខែ​សីហា​នេះ កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​នឹង​បើក​កិច្ច​ប្រជុំ​ វេលា​ម៉ោង​៨​និង​៣០​នាទី​ ព្រឹក​ស្អែក​នេះ៕