ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃពុធនេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី«ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ដែលច្បាប់នេះចែងកំហិតអំពើល្មើសមួយចំនួន ក្នុងនោះមានការនាំចូលសមាសភាពចង្រៃដែលបង្កហានិភ័យដល់ផលិតផលរុក្ខជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
សេចក្តីប្រកាសឲ្យដឹងថា អង្គប្រជុំដែលមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន៥៩ នាក់«បានពិនិត្យហើយឲ្យយោបល់ឯកភាពទាំងស្រុង»លើសេចក្តីព្រាងច្បាប់ទាំងមូល «ដោយឥតកែប្រែ» ចំនួន៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់ដែលមាន១៥ជំពូកនិង១១៣មាត្រានេះ ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីដើមខែមេសាឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះធ្វើឡើងស្របពេលដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូងដែលកម្ពុជារំពឹងថា នឹងអាចនាំចេញផលិតផលកសិកម្មច្រើនទៅប្រទេសទាំងនោះ។
សេចក្តីព្រាងច្បាប់នេះអនុញ្ញាតឲ្យផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី២៥លានរៀលទៅ៥០លានរៀលចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលក្នុងអំពើល្មើសដូចជាបោះបង់ចោលដោយចេតនា ឬពង្រាយនូវសមាសភាពចង្រៃ ឬទំនិញជាប់សមាសភាពចង្រៃគ្រប់ប្រភេទនៅកម្ពុជា ការលាតត្រដាងព័ត៌មានភូតគាមអនាម័យផ្ទុយពីព័ត៌មានផ្លូវការដែលបញ្ចេញដោយអង្គភាពជំនាញ។
ក្រៅពីទោសទណ្ឌព្រហ្មទណ្ឌក៏មានការដាក់ទណ្ឌកម្មរដ្ឋបាលផងដែរដូចជាការព្រមានជាលាយលក្ខណ៍អក្សរនិងការផ្អាកអាជីវកម្មបណ្តោះអាសន្នជាដើម។
សេចក្តីព្រាងច្បាប់កំណត់ពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀលចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាដែលនាំចូលនាំចេញរុក្ខជាតិ ផលិតផលរុក្ខជាតិ ឬទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ ឬផ្ទុយពីលក្ខខណ្ឌតម្រូវក្រោមបញ្ញត្តិនៃច្បាប់នេះ។ អំពើល្មើសដូចជាធ្វើពាណិជ្ជកម្ម ឬដាំដុះ កែច្នៃ ចរាចរ ដឹកជញ្ជូនផលិតផលរុក្ខជាតិ «ដែលបានដឹងថាមានវត្តមានសមាសភាពចង្រៃ»ឬមានការរាលដាលឆ្លងសមាសភាពចង្រៃក៏ត្រូវពិន័យជាប្រាក់ដែរ។
បើតាមសេចក្តីថ្លែងហេតុរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ដែលវីអូអេទទួលបាន ច្បាប់នេះនឹងផ្តល់នូវជំនឿចិត្តដល់ប្រទេសដៃគូពាណិជ្ជកម្ម និងផ្តល់កម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕