ការផ្លាស់ប្ដូរនយោបាយបែបសម្ងាត់ ដែលធ្វើឡើងរយៈពេល ៥ ឆ្នាំម្ដងក្នុងប្រទេសវៀតណាមបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ ដោយគណបក្សកុម្មុយនីស្តវៀតណាម ត្រៀមជ្រើសរើសមេដឹកនាំរបស់ខ្លួនដែលនឹងត្រូវប្រឈមជាមួយនឹងភាពគឃ្លើនកាន់តែខ្លាំងឡើងរបស់ប្រទេសចិន និងភាពតានតឹងកើនឡើងផ្នែកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។
តំណែងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាតំណែងថ្នាក់ដឹកនាំសំខាន់ ៣ ទៀត នឹងត្រូវគេបោះឆ្នោតជ្រើសរើសនៅក្នុងសមាជគណបក្សក្នុងទីក្រុងហាណូយ ដែលភាគច្រើននឹងធ្វើឡើងដោយសម្ងាត់ និងបន្ដរហូតដល់ថ្ងៃទី ២ ខែកុម្ភៈខាងមុខ។
នៅមុនសមាជិកគណបក្សកុម្មុយនីស្ដវៀតណាមនេះចូលមកដល់ គេឃើញមានការបង្ក្រាបទៅលើក្រុមប្រឆាំងជាបន្ដបន្ទាប់ ហើយការបង្ក្រាបនេះបានកើនឡើង នៅក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ។ នេះបើតាមការលើកឡើងរបស់អង្គការសិទ្ធិមនុស្សនានា។
ក្រុមអ្នកវិភាគនិយាយថា មេដឹកនាំគណបក្សកុម្មុយនីស្តវៀតណាមបច្ចុប្បន្ន លោក Nguyen Phu Trong ដែលបានកាន់តំណែងជាប្រធានាធិបតីវៀតណាម ចាប់តាំងពីឆ្នាំ ២០១៨ មកផងដែរនោះ កំពុងស្វះស្វែងចង់បានការកាន់តំណែងមួយអាណត្តិទៀតជាអគ្គលេខាធិការបក្ស ទោះបីជាលោកមិនត្រូវបានគេរំពឹងថា នឹងបន្ដកាន់តំណែងទាំងពីរនេះទៀតក្នុងពេលតែមួយក៏ដោយ។
ប៉ុន្តែការកាន់តំណែងកំពូលនេះមួយអាណត្តិទៀតសម្រាប់លោក Trong វ័យ ៧៦ ឆ្នាំ ដែលជាអ្នកអភិរក្សនិយមមានទំនោរទៅរកប្រទេសចិនរូបនេះ នឹងជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏ល្បីល្បាញរបស់លោក ដែលត្រូវបានអនុវត្តនៅក្នុងជួរគណបក្ស កងកម្លាំងប៉ូលិស និងកងកម្លាំងយោធា។
ដងផ្លូវនានាត្រូវបានបិទកាលពីព្រឹកថ្ងៃអង្គារ នៅជុំវិញមជ្ឈមណ្ឌលសមាជជាតិក្នុងទីក្រុងហាណូយ ដោយមានការការពារសន្ដិសុខតឹងរ៉ឹង នៅពេលដែលគណៈប្រតិភូបានធ្វើដំណើរទៅដល់ទីនោះដើម្បីចូលរួមក្នុងពិធីបើកសមាជគណបក្ស៕