កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ បានចាប់ផ្ដើមហើយក្នុងទីក្រុងភ្នំពេញ ដោយប្រមុខរដ្ឋ រដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងតំណាងស្ថាប័នផ្សេងៗមកពីប្រមាណ៥០ប្រទេស គ្រោងនឹងជួបពិភាក្សាគ្នាក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកមធ្យោបាយ ឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួនក្នុងតំបន់។
កិច្ចប្រជុំកំពូលថ្នាក់តំបន់លើកទី២នេះ ដែលបានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៨ និងបញ្ចប់នៅថ្ងៃទី២១ខែវិច្ឆិកា នឹងផ្ដោតសំខាន់ទៅលើការរក្សាគុណតម្លៃជាសកលដូចជាសន្តិភាព ការផ្ទះផ្សារ ការពឹងអាស្រ័យគ្នានិងវិបុលភាពទៅវិញទៅមកជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងថ្លែងស្វាគមន៍ទទួលភ្ញៀវដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារនេះ។
ការរៀបចំកិច្ចប្រជុំកំពូលនេះ កើតឡើងចំពេលដែលប្រទេសកម្ពុជាកំពុងរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយសារការរំលាយគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងនយោបាយដ៏ប្រកៀកប្រកិតបំផុតជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលទៅលើអង្គការក្រៅរដ្ឋាភិបាលនិងបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
កិច្ចប្រជុំនេះ ត្រូវបានសហការរៀបចំរួមគ្នាដោយរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធសន្តិភាពសកល (Universal Peace Federation) ដែលជាបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលធ្វើការខាងការកសាងសន្តិភាពអន្តរសាសនា និងការអប់រំខាងសន្តិភាព។ នេះបើយោងតាមគេហទំព័រនៃកិច្ចប្រជុំកំពូលនេះ។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកដំបូង ត្រូវបានរៀបចំឡើងក្នុងប្រទេសនេប៉ាល់កាលពីឆ្នាំ២០១៨៕