ការ​រុករក​ជន​រងគ្រោះ​ដោយសារ​ការ​បាក់ដី​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បញ្ចប់

រូបឯកសារ៖ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រតិបត្តិការស្វែងរកសាកសពជនរងគ្រោះដោយសារករណីបាក់ដីមួយកន្លែង នៅទី​ប្រជុំជន Batang Kali នៃរដ្ឋ Selangor របស់​ម៉ាឡេស៊ី​ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២។

ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​បញ្ចប់​ការ​ស្វែងរក​សាកសព​ជន​រងគ្រោះបន្តទៀត​ហើយ​ ក្រោយ​មាន​ការ​បាក់ហូរដី​ដ៏​ធំ​មួយ​ពេល​ព្រលឹម​ នៅ​កន្លែងបោះតង់​សម្រាក​មួយ​កន្លែងនៅ​ភាគខាង​ជើងទីក្រុង​កូឡាឡាំពួ​ នៃ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ធ្នូ​កន្លង​ទៅ​នេះ ដែល​បាន​សម្លាប់​មនុស្សចំនួន​ ៣១ ​នាក់នោះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ក្រុម​មន្ត្រី​ម៉ាឡេស៊ី​ ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ត្រូវ​បាន​ដក​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។ ​

ប៉ូលិស​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​ចំនួន​ ៩២​ នាក់ ដែល​មាន​កូន​ក្មេង​ជា​ច្រើននាក់​ផង​ដែរ​ ពេល​នោះកំពុង​លង់លក់​ក្នុង​ដំណេក​ នៅជំរំ​បោះតង់​មួយ​កន្លែង​ដែល​គ្មាន​ច្បាប់អនុញ្ញាត​ត្រឹមត្រូវ ក្នុងកសិដ្ឋាន​សរីរាង្គមួយ​ក្នុង​ទី​ប្រជុំជន Batang Kali នៃរដ្ឋ Selangor របស់​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូកន្លង​ទៅ ​ស្រាប់​តែ​មានដី​និង​ល្បាប់​ភក់រាប់តោន​ហូរធ្លាក់​យ៉ាង​គំហុក​ពី​លើភ្នំ​មួយនៅ​ក្បែរ​នោះ។​

អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ ​សុទ្ធតែ​ជនជាតិ​ម៉ាឡេស៊ី​ទាំង​អស់​ ដែលក្នុង​ចំណោម​នោះ​ក៏​មាន​កូនក្មេង​ ១១​ នាក់​ផង​ដែរ ហើយមនុស្ស​ ៦១ ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឱ្យ​រួច​ជីវិត។​

មន្ត្រី​ជាន់​ខ្ពស់​ជួយ​សង្គ្រោះមួយ​រូបគឺ​លោក​ Hafisham Mohamad Noor បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ទ៌មាន​ AFP ថា៖​ «យើង​បាន​រកឃើញ​សាកសព​ចុងក្រោយដែល​ជា​ក្មេង​ប្រុស​ម្នាក់។ យើង​នឹង​បិទបញ្ចប់​ប្រតិបត្តិការ​ស្វែងរក​និង​សង្គ្រោះ​នេះ»។

ជន​រង​គ្រោះជា​ច្រើនគឺ​ជា​ក្រុមគ្រួសារ​ ដែល​មកលំហែកាយសម្រាប់ការ​ឈប់​សម្រាក​ចុងឆ្នាំ​របស់​ពួក​គេ។​ ​

ទី​ភ្នាក់ងារ​រដ្ឋាភិបាល​និង​ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះ​ជិត​ ៧០០ ​រយនាក់​ និង​ភ្នាក់ងារ​សេវា​សង្គ្រោះបន្ទាន់​ ដែល​គាំទ្រ​ដោយឆ្កែហិត​ក្លិននិង​ម៉ាស៊ីន​ជីកដី​ធំៗ​ផង​ដែរនោះ​ បាន​ជីកកកាយ​នៅ​តាម​ដីភក់​និង​គំនរ​បាក់បែក​ ដើម្បី​ស្វែង​រក​ជន​រងគ្រោះ​និង​សាកសពនៃ​អ្នកដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ។​ ​

ការ​បាក់ដីកើត​ឡើង​ជា​រឿយៗ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ខ្លាំង​ ដែលជា​ញឹកញាប់​កើត​ឡើងនៅ​ចុង​ឆ្នាំ។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ​គេ​ពុំ​ឃើញមាន​ភ្លៀង​ធ្លាក់ខ្លាំងពេលយប់នៅ​ក្នុងតំបន់​ប្រជុំជន ​Batang Kali នោះ​ឡើយ ​នៅ​មុន​ការ​បាក់​ដី​នោះ។​ ​

គេនៅ​ចាំ​ព្រឹត្តិការណ៍​មួយដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់យ៉ាង​ច្រើន​បំផុត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ ​គឺការ​បាក់​ដី​កាល​ពី​ឆ្នាំ​ ១៩៩៣​ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នោះ​ បាន​ធ្វើ​ឱ្យ​អគារលំនៅដ្ឋាន​កម្ពស់​ ១២​ ជាន់​មួយ​កន្លែង នៅ​ជិត​រដ្ឋធានី​កូឡាឡាំពួ​ បានបាក់​រលំ​ ដោយ​សម្លាប់​មនុស្ស​អស់​ ៤៨​ នាក់​នៅ​ពេល​នោះ៕​