បណ្ដាអង្គការទាំងនោះបាននិយាយថា ភស្តុតាងលក្ខណៈវិទ្យាសាស្ត្របង្ហាញយ៉ាងច្បាស់ថា សកម្មភាពមនុស្សជាមូលហេតុនៃបម្រែបម្រួលអាកាសធាតុ។ អង្គការ Intergovernmental Panel on Climate Change ហៅកាត់ថា IPCC ជាស្ថាប័នឯករាជ្យមួយដែលធ្វើការវាយតម្លៃផ្អែកលើវិទ្យាសាស្ត្រ។
អង្គការនេះបានព្រមានថា បើមិនមានកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់នានាលើសពីអ្វីដែលមានស្រាប់នោះទេ នៅចុងសតវត្សរ៍នេះ កម្តៅផែនដីនឹងបង្កឲ្យមានហានិភ័យខ្ពស់ដែលកើតចេញពីផលប៉ះពាល់ដ៏ខ្លាំង សាយភាយគ្រប់ទីកន្លែង និងមិនអាចបកក្រោយវិញបាន។
អ្នកនាំពាក្យរបស់អង្គការ IPCC គឺលោក Jonathan Lynn និយាយថា ស្ថាប័នវិទ្យាសាស្ត្រនេះរកឃើញថា ការកម្រិតបម្រែបម្រួលអាកាសធាតុអាចនឹងទាមទារឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងចំនួនដ៏ច្រើននិងប្រកបដោយនិរន្តភាព ហើយបូករួមជាមួយនឹងការសម្របខ្លួនផងនោះ វានឹងអាចកម្រិតហានិភ័យនៃបម្រែបម្រួលអាកាសធាតុបាន។
លោក Lynn និយាយថា៖ «នៅក្នុងការវិភាគទៅលើការសម្រេចចិត្តដើម្បីដាក់កម្រិតទៅលើការប្រែប្រួលអាកាសធាតុនិងផលប៉ះពាល់របស់វា អង្គការ IPCC បានកត់សម្គាល់ថា ការបម្រែបម្រួលអាកាសធាតុជាបញ្ហារួម ដែលទាមទារឲ្យមានវិធានការរួមក្នុងកម្រិតសាកល។ ការកាត់បន្ថយផលប៉ះពាល់ដែលមានប្រសិទ្ធភាពនឹងមិនអាចសម្រេចបានទេ ប្រសិនបើម្នាក់ៗគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះ។ នៅដំណាក់កាលនេះ វាមិនទាន់ច្បាស់ទេថាតើការដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសនេះនឹងប៉ះពាល់យ៉ាងដូចម្តេចលើការបញ្ចេញឧស្ម័ននាពេលអនាគត»។
លោក Deon Terblanche គឺជាប្រធានផ្នែកបរិស្ថាន និងស្រាវជ្រាវបរិយាកាសរបស់អង្គការឧត្តុនិយមពិភពលោក។ លោកនិយាយថា កាលឡើងកម្តៅភពផែនដីនឹងបន្តកើតមាន ដរាបណាពិភពលោកនៅតែបន្តបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាពិសេសឧស្ម័នកាបូនិច ទៅក្នុងបរិយាកាស។
លោក Deon Terblanche និយាយថា៖ «សូម្បីតែការកាត់បន្ថយការបំភាយឧស្ម័ននេះក៏មិនធ្វើឲ្យមានការកាត់បន្ថយកម្រិតនៃឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដែរ ដោយសារតែឧស្ម័នទាំងនោះប្រមូលផ្តុំគ្នាយ៉ាងក្រាស់ក្រែល ហើយឧស្ម័នកាបូនិចបានស្ថិតនៅក្នុងបរិយាកាសរាប់រយឆ្នាំមកហើយ។ អាកាសធាតុនឹងបន្តឡើងកម្តៅ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ»។
លោកបានព្រមានថា នៅក្នុងស្ថានភាពអាក្រក់បំផុត ការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចនឹងបណ្តាលឲ្យមានការកើនឡើងកម្តៅដល់ទៅ០,៣អង្សារសេ លើសកម្រិតមួយដែលមានកាលពីមុនសម័យបដិវត្តន៍ឧស្សាកម្ម៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ