សេចក្ដីរាយការណ៍មួយរបស់កាសែត The New York Times បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រមួយ ក្រុមដែលមានគ្នាចំនួន ២៣៩ នាក់ មកពីប្រទេសចំនួន ៣២ នឹងបោះពុម្ពផ្សាយលិខិតចំហមួយច្បាប់នៅក្នុងព្រឹត្តិប័ត្របែបវិទ្យាសាស្ត្រមួយផ្ញើទៅកាន់អង្គការសុខភាពពិភពលោក WHO ក្នុងសប្ដាហ៍នេះ។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះចង់ឲ្យអង្គការសុខភាពពិភពលោកកែប្រែអនុសាសន៍របស់ខ្លួនអំពីវិធីបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩។
ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះនិយាយថា ជំងឺកូវីដ១៩ គឺឆ្លងតាមខ្យល់ ដែលមានន័យថា ភាគល្អិតនៃវីរុសកូរ៉ូណាថ្មីដែលបង្កជាជំងឺកូវីដ១៩ នេះ អាចហើរនៅក្នុងខ្យល់ក្នុងបរិវេណបិទជិត និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន នៅពេលដែលគេដកដង្ហើមស្រូបយកភាគល្អិតនោះចូលទៅក្នុងខ្លួន។
កន្លងមក អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈតំណក់ទឹកពីផ្លូវដង្ហើម ពោលគឺតំណក់ទឹកពីការក្អក ឬកណ្ដាស់របស់អ្នកជំងឺ ប៉ុន្តែតំណក់ទឹកទាំងនោះធ្លាក់ចេញពីខ្យល់យ៉ាងឆាប់រហ័ស ដោយសារតែទំហំរបស់វាធំ។
កាសែត The New York Times បានឲ្យដឹងថា ប្រសិនបើវីរុសកូរ៉ូណាថ្មីនេះអាចឆ្លងតាមខ្យល់មែននោះ «នោះការគ្រប់គ្រងជំងឺនេះនឹងពិបាកខ្លាំង»។ វិធានការថ្មីក្នុងការបង្ការជំងឺនេះរួមមានដូចជា ការពាក់ម៉ាស់ក្នុងបរិវេណបិទជិត បើទោះជារក្សាគម្លាតពីគ្នាហើយក៏ដោយ ហើយបុគ្គលិកពេទ្យត្រូវពាក់ម៉ាស់ប្រភេទ N95 ជាកំហិត ដើម្បីការពារកុំឲ្យតំណក់ទឹកតូចបំផុតពីផ្លូវដង្ហើមអាចជ្រៀតចូលបាន នៅពេលដែលពួកគេមើលថែអ្នកជំងឺកូវីដ១៩។
លើពីនេះទៅទៀត គេត្រូវកែច្នៃប្រព័ន្ធខ្យល់ចេញចូលដើម្បី «កាត់បន្ថយកុំឲ្យខ្យល់វិលចុះវិលឡើងបាន»។
កាសែត The New York Times បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យមើលឡើងវិញនូវអ៊ីមែលផ្ទៃក្នុងរបស់អង្គការសុខភាពពិភពលោក និងបានសម្ភាសអ្នកវិទ្យាសាស្ត្រចំនួន ២០ នាក់ ដែលរួមមានទាំងអ្នកប្រឹក្សាមួយចំនួនរបស់អង្គការសុខភាពពិភពលោកផងនោះ រូបភាពដែលលេចឡើងបង្ហាញពីអង្គការសុខភាពពិភពលោកនេះគឺថា «ទោះបីជាមានឆន្ទៈល្អក៏ដោយ ក៏អង្គការនេះមិនបានចេញវិធានការផ្អែកតាមវិទ្យាសាស្ត្រនោះទេ»។
កាសែត The New York Times បានរាយការណ៍ថា ការកើនឡើងនូវចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ បន្ទាប់ពីបើកដំណើរការសេដ្ឋកិច្ចនិងសង្គមវិញនោះ កាន់តែបញ្ជាក់ថា «អ្វីដែលអ្នកវិទ្យាសាស្ត្រជាច្រើនបាននិយាយអស់រយៈពេលជាច្រើនខែមកហើយថា វីរុសកូរ៉ូណាថ្មីអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សនៅជុំវិញបានតាមរយៈខ្យល់ក្នុងបរិវេណបិទជិត» នោះ គឺពិតប្រាកដមែន៕