អ្នកវិទ្យាសាស្រ្ត​និយាយ​ថា ការចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ​ មិន​ចាំបាច់​ទេ

រូបឯកសារ៖ បុគ្គលិកពេទ្យ​ម្នាក់ ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដល់​ស្ត្រី​ម្នាក់​នៅ​ទីក្រុង Tel Aviv នៃ​ប្រទេស​អ៊ីស្រាអ៊ែល កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

អ្នក​ជំនាញវ៉ាក់សាំង​អន្តរជាតិ​មួយ​ក្រុម បាន​ចេញ​មុខ​ប្រឆាំង​នឹង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​ទូទៅ​ដោយ​ថា ជា​ទស្សនមួយ​ដែល​ប្រឆាំង​ទៅ​នឹង​កិច្ចប្រឹង​ប្រែង​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងករណី​ផ្ទុះ​ឡើងថ្មីៗ​នៃ​ជំងឺ​កូវីដ​១៩។

នៅ​ក្នុង​អត្ថបទមួយដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ The Lancet medical journal ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​លើក​ឡើង​ថា ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ដែល​កំពុង​ប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភព​លោក​នៅ​ពេល​នេះ នឹង​បន្ត​ការ​ការ​ពារ​យ៉ាង​ខ្លាំង​ប្រឆាំងនឹង​វីរុស​ជំងឺ​កូវីដ​១៩ បើ​ទោះ​បី​ជា​មាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​ ដែល​មាន​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​យ៉ាង​ណា​ក្តី ជា​ពិសេស​វ៉ាក់សាំង​នេះ បាន​ប្រឆាំង​ទៅ​នឹងការឈឺ​ធ្ងន់​ធ្ងរ​ និង​ការ​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ផង​ដែរ។

និន្នាការ​នៃ​ការផ្តល់វ៉ាក់សាំង​ដូស​ជម្រុញប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ត្រូវ​បានធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​សិក្សានៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ បាន​បង្ហាញ​ថា ​ប្រសិទ្ធិភាព​នៃ​វ៉ាក់សាំង Pfizer ដែល​ចាក់​ចំនួន​២​ដូស​នោះ​ បាន​ធ្លាក់ចុះខ្លាំង​ក្នុង​ចំណោម​មនុស្ស​ចាស់ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​កាល​ពី​ដើម​ឆ្នាំ ​២០២១​នេះ។ ទិន្នន័យ​នេះ​ បាន​ធ្វើ​ឲ្យប្រទេស​អ៊ីស្រាអែល​ ចាប់​ផ្តើម​ចាក់វ៉ាក់សាំង​ដូស​ជំរុញដល់​ពលរដ្ឋ​របស់​ខ្លួន​ ដែល​មាន​អាយុ​ចាប់​ពី ៥០​ឆ្នាំ​ឡើង​ទៅ។

អ្នកសរសេរ​អត្ថបទ​វេជ្ជសាស្ត្រ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នោះ​លើក​ឡើង​ថា ការធ្វើ​ទំនើប​កម្ម​វ៉ាក់សាំង​ដើម្បី​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ គឺ​ជា​វិធី​ដ៏ប្រសើរ​មួយ​ ជាជាង​ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម​ទៅ​លើ​វ៉ាក់សាំង​ដើម​ដែល​បាន​ចាក់​រួច​ហើយ​នោះ​។

ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​អាមេរិក​ ជិត​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​មួយ​ដែល​ថា​ តើគួ​ផ្តល់​អនុសាសន៍ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ជំងឺកូវីដ១៩ដល់​កុមារ​អាយុក្រោម​១២​ឆ្នាំ​ និង​ការ​ចាក់​វ៉ាក់សាំងដូស​ជំរុញ​ដល់​ពលរដ្ឋ​អាមេរិកពេញវ័យ​ដែរ ​ឬ​យ៉ាង​ណា​នោះ។

ទាំង​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​អាមេរិក ​និង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​អាមេរិក​ បាន​ផ្តល់​អនុសាសន៍​កាល​ពី​ខែ​មុន​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នៃ​វ៉ាក់សាំង Pfizer និង Moderna ដល់​មនុស្ស​មួយ​ចំនួនដែល​មាន​ប្រព័ន្ធ​ស៊ាំ​ក្នុ​ងខ្លួន​ខ្សោយ។

ដោយ​ឡែក​ នាយករដ្ឋ​មន្ត្រី​ប្រទេស​អង់គ្លេស លោក Boris Johnson មាន​គម្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះថា រដ្ឋាភិបាល​អង់គ្លេស​ នឹង​ផ្តល់​វ៉ាក់សាំងកូវីដ​១៩ដូស​ជំរុញ​ដល់​ពលរដ្ឋ​អង់គ្លេស​ដែល​មាន​អាយុ​ចាប់​ពី​៥០ឆ្នាំ​ឡើង​ទៅ​ឲ្យ​បាន​មុន​ពេល​រដូវ​ត្រជាក់​ចូល​មកដល់ក្នុង​ពេល​ខាង​មុខ​នេះ។

នៅ​ក្នុង​ប្រទេស​រុស្សី​ឯណោះ​វិញ សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​វិមាន​ក្រឹមឡាំង​ បាន​ឲ្យ​ដឹង​ថា​ ប្រធានាធិបតី​រុស្សី​លោក Vladimir Putin កំពុងស្ថិត​នៅ​ដាច់​ពី​គេ​ ​បន្ទាប់​ពី​បុគ្គលិក​មួយ​ចំនួន​របស់លោក​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ឆ្លង​ជំងឺ​កូវីដ១៩៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តីរាយការណ៍​នេះ​ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press, Reuters និង AFP។