លោក ស ខេង ប្រកាស​បន្ត​គោរព​ការជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​តាម​បក្ស​សម្រេច

រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និយាយ​ជាមួយ​អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

ឧបនាយករដ្ឋ​មន្ត្រី​លោក ស ខេង ដែល​ត្រូវ​អ្នក​តាមដាន​នយោបាយ​កម្ពុជា​ខ្លះ​មើល​ឃើញ​ថា​ ជា​បេក្ខជន​ម្នាក់​ដែល​មាន​សក្តានុពលអាច​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែរ​នោះ នៅ​ថ្ងៃ​អង្គារ​ បាន​ប្រកាស​ជា​សាធារណៈ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​លោក​នឹង​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជាក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ចំពោះ​ការ​ជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត។

ការ​ថ្លែង​របស់​លោក ស ខេង បែប​នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន កាល​ពី​សប្តាហ៍​មុន បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​កូន​ប្រុស​ច្បង​របស់​ខ្លួន​ គឺ​លោក ហ៊ុន ម៉ាណែត ​ជា​បេក្ខជន​ម្នាក់​សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ បន្ត​ពី​រូប​លោក។

ក្រោយពី​ការប្រកាស​របស់​លោក​ ហ៊ុន សែន​នោះ មាន​ការ​ចេញ​សារ​អបអរសាទរ​ព្រោងព្រាត​ពី​ក្រុម​អ្នក​គាំទ្រ​លោក​ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​មិន​មាន​ការ​ចេញ​សារ​ណា​មួយ​ពី​លោក ស ខេង​និង​ក្រុម​អ្នក​គាំទ្រ​លោក​ ស ខេង ទៅ​លើ​បេក្ខភាព​របស់​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​នេះ​ទេ រហូត​មក​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

​នៅ​ថ្ងៃ​ចន្ទ លោក ហ៊ុន សែន​ ក៏​បាន​ថ្លែង​ជា​សាធារណៈ​ម្តង​ទៀត ដោយ​លើក​ឡើង​ថា​ការ​ប្រកាស​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជាអគ្គ​មេ​បញ្ជាការ​រង​កងទ័ព​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​គឺដើម្បី​ប្រកួត​ប្រជែង​ជាមួយ​កូន​ៗ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ជំនាន់ថ្មី​ មិន​មែន​ប្រកួត​ជាមួយ​អ្នក​ដឹក​នាំ​ចាស់ៗ​ក្នុង​ជំនាន់រូប​លោក​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​លោក​ ស ខេង ដែល​ផ្ញើ​«ជូន​ជន​រួម​ជាតិ»​នៅ​ថ្ងៃ​អង្គារ​នេះ លោក ស ខេង ​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក ជា​ ស៊ីម​ផង​នោះ បានសរសេរ​ថា ​លោក​ក៏​តែងតែ​គោរព​សេចក្តី​សម្រេច​របស់​មហាសន្និបាត​និង​សន្និបាត​គណបក្ស​របស់​លោក​ក្នុង​ការ​តែង​តាំង​លោក ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​នេះ​និង​អាណត្តិ​បន្ត​បន្ទាប់​ទៀត។

ប៉ុន្តែ​លោក​ឧបនាយករដ្ឋ​មន្ត្រី​រូប​នេះ មិន​បាន​បញ្ជាក់ថា​តើ​លោក​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត​ សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ដូច​ដែល​លោក​ ហ៊ុន សែន​ បាន​ប្រកាស​គាំទ្រ​ដែរ​ឬ​អត់​នោះ​ទេ៕