លោក ​ស ខេង ​ពិភាក្សា​ការ​បោះ​ឆ្នោត​ជាតិ​ជាមួយ​តំណាង​ទូត​បារាំង​ និង​អាល្លឺម៉ង់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​ពីរ​រូប​ប្រចាំ​នៅ​ប្រទស​កម្ពុជា ​កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២៣។(Facebook/Deputy Prime Minister Sar Kheng)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​ពីរ​រូប​ប្រចាំ​នៅ​ប្រទស​កម្ពុជា ​ដោយ​មាន​ការ​ពិភាក្សា​អំពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ ​និង​បញ្ហា​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​អនុវត្ត​ច្បាប់។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ ​នា​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣ ​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​១២៥​រូប ​ដោយ​មាន​ការ​ប្រកួត​ប្រជែង​ពី​គណ​បក្ស​នយោបាយ​ចំនួន​១៨។ ​ប៉ុន្តែ​ការ​បោះ​ឆ្នោត​នេះ​នឹង​មិន​មាន​វត្តមាន​គណ​បក្ស​ជំទាស់​សំខាន់​មួយ​ គឺ​គណបក្ស​ភ្លើងទៀន​ ដែល​មិន​ត្រូវ​បាន​ចុះ​បញ្ជី​ឲ្យ​ចូល​រួម​ ដោយ​សារ​ភាព​ចម្រូង​ចម្រាស​ពាក់ព័ន្ធ​នឹង​លិខិត​រដ្ឋបាល​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នេះ​នៅ​ក្រសួង​មហាផ្ទៃ។​

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​វិមាន​សន្តិភាព​ក្នុង​ទីក្រុង​ភ្នំពេញ​ ឯក​អគ្គរដ្ឋ​ទូត​សាធារណ​រដ្ឋ​បារាំង ​លោក ​Jacques Pellet ​និង​ឯកអគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​សហ​ព័ន្ធ​អាល្លឺម៉ង់​លោក ​Stefan Messerer ​បាន​លើក​ឡើង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ​ដូច​ជា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​នោះ​ក៏​មាន​អង្គការ​សង្គម​ស៊ីវិល​របស់​បារាំង ​និង​អាល្លឺម៉ង់ ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា ​និង​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ​ការ​កសាង​ក្រប​ខណ្ឌ​គតិយុត្តិ ​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​អនុវត្ត​ច្បាប់។ ​នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។​

ទំព័រ​ហ្វេសប៊ុក​នេះ​បន្ត​ថា​ លោក​ ស ខេង​ បាន​ប្រាប់​ឯក​អគ្គរដ្ឋ​ទូត​ទាំង​ពីរ​ថា​មក​ដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​បាន​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​និង​បាន​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​បរិយាកាស​សន្តិសុខ​ដែល​នឹង​មាន​ភាព​ល្អ​ប្រសើរ ​បើ​ផ្អែក​តាម​បទ​ពិសោធន៍​នៃ​ការ​បោះឆ្នោត​មុនៗ។​

នៅ​ក្នុង​បញ្ហា​សង្គម​ស៊ីវិល ​ លោក ​ស ខេង ​ថ្លែង​ថា​ ច្បាប់​សី្តពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ដែល​នៅ​ជា​ធរមាន​របស់​កម្ពុជា ​ជា​ច្បាប់​មួយ​ដែល​ត្រូវ​បាន​រៀបចំ​តាក់​តែង​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល​ដែល​ត្រូវ​បាន​សិក្សា​ពី​តាម​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​ប្រទេស​ខ្លះ​ក្នុង​សហ​ភាព​អឺរ៉ុប​ផង​ដែរ។​

រី​ឯ​ការ​កសាង​ក្រប​ខណ្ឌ​គតិ​យុត្តិ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា​ និង​បារាំង​ ​ ​ប្រទេស​ទាំង​ពីរ​នៅ​បន្ត​សហ​ប្រតិបត្តិ​ការ​លើ​បញ្ហា​នេះ។​

គេ​មិន​ទាន់​ដឹង​ជាក់​ច្បាស់​ថា​ ភាគី​បារាំង​ និង​អាល្លឺម៉ង់ ​និង​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​លោក​ ស ខេង​ ​បាន​ពិភាក្សា​អំពី​អវត្ត​មាន​របស់​គណ​បក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ​ឬ​យ៉ាង​ណា​ទេ ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ។​

វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​បារាំង ​និង​អាល្លឺម៉ង់ ​តាម​សារ​អ៊ីមែល ​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​ខៀវ សុភ័គ ​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp​ នៅ​ថ្ងៃ​អង្គារនេះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​ពីរ​រូប​ប្រចាំ​នៅ​ប្រទស​កម្ពុជា ​កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២៣។(Facebook/Deputy Prime Minister Sar Kheng)

ជំនួប​រវាង​ទូត​បរទេស​ចំនួន​២ ​និង​លោក ​ស ខេង ​កើត​ឡើង​ ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស​ ដែល​លោក​ថា​ប្រើ​ប្រាស់​ស្តង់ដារ​ពីរ ​និង​លូកដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ​ក្នុង​នោះ​មាន​ករណី​លោក ​កឹម សុខា ​មេ​ដឹក​នាំ​គណ​បក្ស​ជំទាស់​ផង​ដែរ។ ​លោក ​ហ៊ុន សែន ​បាន​ប្រតិកម្ម​ថា​ តំណាង​ទូត​ទាំង​នោះ​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ​កឹម សុខា ​ដែល​លោក​ថា​ នេះ​បង្ហាញ​ពី​ការ​មិន​ទុក​ចិត្ត​មួយ​សម្រាប់​រូប​លោក​ជា​ថ្នាក់​ដឹកនាំ​ប្រទេស។​

លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ​ ភិរិទ្ធ ​បង្ហាញ​ការ​យល់​ឃើញ​ថា​ប្រទេស​ទាំង​ពីរ ​គឺ​បារាំង ​និង​អាល្លឺម៉ង់​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ធានា​ថា ​កម្ពុជា​មាន​ប្រព័ន្ធ​នយោបាយ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ​ពីព្រោះ​ជា​ប្រទេសហត្ថ​លេខីកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ វាជា​កាតព្វ​កិច្ច​របស់​គេ​ដែរ​ ពីព្រោះ​ប្រទេស​ទាំង​អស់​ហ្នឹងជា​ប្រទេស​ហត្ថ​លេខី​ នៅ​ក្នុង​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ ដើម្បី​ឲ្យ​កម្ពុជា​ហ្នឹង​ទទួល​យក​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស។ ​អ៊ីចឹង​ គេ​មើល​ឃើញ​ខ្លួន​គេ​ គេ​ធ្វើ​ខ្លួន​គេ​ទៅ។ ​អ៊ីចឹង ​យើង​អត់​ អត់​មាន​អី​ មានសិទ្ធិ​អី​ ទៅ​ឲ្យ​គេ​ធ្វើ​ទេ ​ណ៎ា​ ពីព្រោះ​អី​ អា​ហ្នឹង​ វា​ជា​កាតព្វ​កិច្ច​ទាំង​អស់​គ្នា។​ គេ​ហៅ​ទាំង​នយោបាយ​ក្នុង​ស្រុក​ និង​នយោបាយ​ក្រៅ​ស្រុក។ ​អង្គ​ទូត​ទាំង​អស់​ហ្នឹង​ គេ​គិត​ពិចារណា ​តែ​គេ​ធ្វើ​តាម​ឆន្ទៈ​របស់​គេ»។ ​

បារាំង​ និង​អាល្លឺម៉ង់​ គឺ​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ ដែល​ជារឿយៗ​បាន​ព្រមាន​ដក​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​ដល់​កម្ពុជា​ តាម​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «អ្វីៗ​ទាំង​អស់​ លើក​លែង​តែ​សព្វាវុធ» ​ហៅ​កាត់​ថា EBA ​(Everything But Arms) ​បើ​កម្ពុជា​នៅ​បន្ត​រអិល​ធ្លាក់​ពី​គន្លង​ប្រជា​ធិបតេយ្យ។​

អ្នក​វិភាគ​នយោបាយ​ លោក ​សេង សារី ថ្លែង​ថា​ ជំនួប​រវាង​លោក ​ស ខេង​ និង​ឯក​អគ្គរដ្ឋ​ទាំង​ពីរ​នឹង​មិន​មាន​លទ្ធផល​ជា​វិជ្ជមាន​លើ​លទ្ធភាព​ដែល​គណបក្ស​ភ្លើង​ទៀន​អាច​បាន​ចូលរួម​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ឡើយ ​ពីព្រោះ​ថា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​មិន​អាច​អារ​កាត់​លើរឿង​នេះ​ទេ ​ក្នុង​ពេល​រដ្ឋាភិបាល​មិន​ទាន់​ទុក​ចិត្ត​លើ​ប្រទេស​ប្រជា​ធិបតេយ្យ​ខ្លះ ​ដោយ​សារ​តែ​រឿង​ដែល​បាន​កើត​ឡើង​ជាមួយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​កន្លង​មក ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។​

ដូច្នេះ​លោក​ជឿ​ថា​ ​មាន​ភាគ​រយ​តិច​ណាស់​ដែល​គណបក្ស​ជំទាស់​ធំ​មួយ​នេះ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ។​

ប៉ុន្តែ​លោក ​សេង សារី​ បារម្ភ​ថា​ ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ ​EBA ​អាច​មាន​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ បើ​មើល​ទៅ​លើ​ការ​ព្រមាន​មុនៗ​របស់​សហភាព​អឺរ៉ុប។​

បណ្ឌិត សេង សារី អ្នក​វិភាគ​នយោបាយ​កម្ពុជា។ (រូបថត​ផ្ដល់​ឱ្យ​ដោយ​បណ្ឌិត សេង សារី)

លោក​ប្រាប់​វីអូអេ​នៅ​អង្គារ​នេះ​ថា៖ ​«ប៉ុន្តែ​ផល​ប៉ះពាល់​អវិជ្ជមាន​ហ្នឹង ​ដែល​យើង​ឃើញ​នៅ​មុខ​ហ្នឹង​ គឺ​រឿង​ការ​បាត់​បង់​ EBA​ ១០០​ភាគ​រយ​ ឬ​ក៏នឹង​មាន​ការ​បាត់​បង់​ EBA ​ទាំង​ស្រុង​តែម្តង​ ដោយ​សារ​តែ​សហគមន៍​អឺរ៉ុប​ហ្នឹង​ បាន​ធ្វើ​ការ​ព្រមាន​កាល​ពី​ប៉ុន្មាន​ខែ​មុន​ហ្នឹង​ថា ​បើ​ក្នុង​ករណី​កម្ពុជា​មិន​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​តម្លាភាព​ យុត្តិធម៌​ ដែល​អាច​ទទួល​យក​បាន​ទេ​ កម្ពុជា​នឹង​បាត់​បង់​ EBA ​ទាំង​ស្រុង។ ​ដូច្នេះ​អាហ្នឹង​មួយ​ហើយ​ដែល​យើង​ឃើញ​ច្បាស់​វា​នឹង​អាច​កើត​ឡើង»។​

លោក​បន្ថែម​ថា​ ផលវិបាក​ទី២សម្រាប់​កម្ពុជា​ ពេល​គ្មាន​បក្ស​ជំទាស់​ចូលរួម​ការ​បោះ​ឆ្នោត​នោះ​ គឺ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុន​ដាប​មួយ ​ពិបាក​នឹង​កែ​ខៃ​ឡើង​វិញ ​ក្រោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គ​ការ​សហ​ប្រជាជាតិ​ និង​សហគមន៍​អន្តរ​ជាតិ​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។​

អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel)​ លោក ​កន សាវាង្ស​ យល់​ថា​ វា​លឿន​ពេក​ក្នុង​ការ​អត្ថាធិប្បាយ​ពី​ផល​វិបាក​ផ្សេងៗ​ដែល​កម្ពុជា​នឹង​ពើប​ប្រទះ​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ដែល​គ្មាន​គណបក្ស​ជំទាស់​ចូលរួម​នោះ។​

បើ​តាម​អ្នក​សម្រប​សម្រួល​អង្គការ​ខុមហ្វ្រែល​រូប​នេះ​ សង្គម​ស៊ីវិល​នឹង​បន្ត​តាម​ដាន​រឿង​នេះជា​មួយ​នឹង​ស្ថាប័ន​អន្តរ​ជាតិ​ផ្សេង​ទៀត។ ​លោក​បន្ថែម​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ភា្ញក់​ផ្អើល​ផង​ដែរ​ចំពោះ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ ​នៅ​ពេល​គណ​បក្ស​ភ្លើង​ទៀន​ ដែល​បាន​ចូល​រួម​ការ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ តែ​បែរ​ជា​មក​ខក​ខាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ​ឆ្នាំ​២០២៣​នេះទៅ​វិញ៕​


(កញ្ញា មាស ដា​ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍)