លោក​ស ខេង ​បដិសេធ​ថា​មិន​មាន​ការ​បិទ​ព្រំដែន​និង​រារាំង​លោក​សម រង្ស៊ី​និង​មន្ត្រីបក្សប្រឆាំង​ទេ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង ចូលរួម​ទិវាបុណ្យ​ឯករាជ្យ​ជាតិថ្ងៃទី​៩ វិច្ឆកា ឆ្នាំ​២០១៩​ នៅ​រាជធានី​​ភ្នំពេញ​។ (ហ៊ុល រស្មី/VOA) ​

ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា​ អាជ្ញាធរ​កម្ពុជា​មិនបាន​បិទ​ច្រកព្រំដែន​ទេ​ ហើយ​បញ្ជាក់​ថា​ ការពង្រាយ​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិតាម​បណ្តោយ​ព្រំដែន​គឺជា​ការត្រៀម​អនុវត្ត​ដីកា​តុលាការ​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​គ្រោង​ចូលមក​កម្ពុជា​នៅ​ថ្ងៃសៅ៍​នេះ​តែប៉ុណ្ណោះ។

លោកស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ នៅក្នុង​សារ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា៖

​«រហូត​មក​ទល់ពេល​នេះ ​មិនមាន​ការបិទច្រក​ព្រំដែន​ណាមួយ​ឡើយ ​ហើយ​សកម្មភាព​ចរាចរណ៍​ និងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរណ៍​ឆ្លងកាត់​ព្រំដែន​នានា ​មាន​ដំណើរការ​ជា​ធម្មតា‍»។

ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​មានឡើង ក្រោយពី​លោកសម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ខិតខំ​ស្វែងរកវិធី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់​ពីរស់នៅ​នីរទេស​ខ្លួន​ក្រៅប្រទេស​ចំនួន​៤ឆ្នាំ​ ដើម្បី​ទៅស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ ដែល​បាន​ធ្លាក់ចុះ​ក្នុងរយៈ​ពេល​ជាង​២ឆ្នាំ​កន្លង​មក​នេះ។

លោកសម រង្ស៊ី ​និង​ថ្នាក់ដឹកនាំ​គណបក្ស​សំខាន់ៗ ​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃសៅរ៍​ ប៉ុន្តែ​មិន​ទាន់​បាន​ចូលក្នុង​ប្រទេស​កម្ពុជា​តាម​ផែនការ​ទេ ​ជំនួស​វិញ​លោកត្រូវបាន​អញ្ជើញ​ឱ្យ​ចូល​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​អ្នកតំណាងរាស្ត្រ​ម៉ាឡេស៊ី​នៅ​ក្នុង​រដ្ឋសភា​របស់​ម៉ាឡេស៊ី​ នៅថ្ងៃអង្គារ​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​លិខិត​អញ្ជើញ​របស់​លោកស្រី​ ណូរុល អ៊ីហ្សា អាន់វ៉ា (Nurul Izzah Anwar) ​អ្នកតំណាង​រាស្រ្តម៉ាឡេស៊ី​និង​ជាកូនស្រី​របស់​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម ​ប្រធាន​គណបក្ស​យុត្តិធម៌​ពលរដ្ឋ​ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ដែល​វីអូអេ​ទទួល​បាន។

លោក ស ខេង​ បាន​បន្ថែម​ដោយ​ហាក់​ដូច​ជា​បន្ទន់​ឥរិយាបទ​ថា ​នៅពេល​នេះ​មិនមាន​ការប្រកាស​ណា​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការហាមប្រាម​លោក សម រង្ស៊ី ​និង​មន្ត្រី​របស់​លោក​ មិន​ឲ្យ​ចូល​ប្រទេស​ឡើយ។

លោក​បាន​បន្ថែម​ថា៖
«ដូច្នេះ​ការវិល​ត្រឡប់​ចូល​ប្រទេស​របស់​ទណ្ឌិត​ សម រង្ស៊ី ​និង​បក្សពួក ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​គឺ​ពុំ​មាន​អ្វី​រារាំង​ឡើយ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រកាស​ផង​ដែរ​ពី​ការរក្សា​សិទ្ធិ​ក្នុង​ការចាត់​វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងឡាយ ​ដែល​ប៉ុនប៉ង​បំផ្លិច​បំផ្លាញ​សន្តិភាព ​ស្ថិរភាព​សង្គម​ និង​សន្តិសុខ​នៃ​រដ្ឋ​ ដើម្បី​ធានា​ការពារ​ឲ្យ​បាន​ជាដាច់ខាត​នូវ​សន្តិភាព ​សន្តិសុខ ​និង​សុវត្ថិភាព​សង្គម​ ជូន​ជាតិ​និង​ប្រជាជន​កម្ពុជា‍»។

លោកសម រង្ស៊ី ​និង​ថ្នាក់ដឹកនាំព្រមទាំង​សកម្មជន​ចំនួន​២០​នាក់ ​មានឈ្មោះ​ក្នុងបញ្ជី​ស្វែងរក​ចាប់​ខ្លួន​ ដោយសារតែ​ការចោទប្រកាន់ថា​មានបំណង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ លោកសម រង្ស៊ី​ ត្រូវ​បាន​កាត់ទោស​ក្នុង​បទល្មើស​ជាច្រើន​ក្នុង​នោះ ​រួម​មាន​ការប្រមាថ​ព្រះចេស្តាព្រះមហាក្សត្រកម្ពុជា​ផង​ដែរ៕