លោក Sanders និង Biden ប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ​នេះ

  • Mike O'Sullivan

លោក Bernie Sanders (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont និង​លោក Joe Biden (ស្ដាំ) អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក ជជែក​ដេញដោល​គ្នា​ដើម្បី​ប្រជែង​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ ទីក្រុងCharleston រដ្ឋSouth Carolina ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០។

អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន ៦ ក្នុង​សហរដ្ឋ​អាមេរិក នឹង​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ សម្រាប់​ការ​ប្រកួត​លើក​នេះ យើង​ឃើញ​មាន​តែ​បេក្ខជន​នាំ​មុខ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​នៅ​ប្រជែង​គ្នា ដែល​នោះ​គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders និង​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden។

លោក Joe Biden បាន​ជួបជុំ​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋ Missouri កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​លោក​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី Super Tuesday កាល​ពី​សប្ដាហ៍​មុន ដែល​ធ្វើ​ឲ្យ​លោក​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ប្រជែង​ដំណែង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ។ រដ្ឋ Missouri នឹង​រៀបចំ​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេល​ជាមួយ​នឹង​រដ្ឋ Michigan, Idaho, Mississippi, North Dakota និង Washington។

លោក Bernie Sanders បាន​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Illinois ដែល​នៅ​ក្នុង​រដ្ឋ​នេះ អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ១៧ ខែ​មិនា​ខាង​មុខ។

គូ​ប្រជែង​សំខាន់ៗ​បាន​លះបង់​ការ​ប្រកួត ហើយ​ភាគ​ច្រើន​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​លោក Biden ដែល​ក្នុង​នោះ​មាន​ដូចជា​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar និង​អតីត​អភិបាល​ក្រុង New York លោក Mike Bloomberg ជា​ដើម។

កាល​ពី​ថ្ងៃ​អាទិត្យ អតីត​បេក្ខជន​ប្រជែង​ដំណែង​នេះ​មួយ​រូប​ទៀត​គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ California អ្នកស្រី Kamala Harris ក៏​បាន​ផ្ដល់​ការ​គាំទ្រ​លើ​លោក Biden ផង​ដែរ។

អ្នកស្រី Harris ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​សម្រេចចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ថា ខ្ញុំ​នឹង​គាំទ្រ​លោក Joe Biden ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក‍»។

លោក Sanders បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «សប្ដាហ៍​នេះ‍» របស់​ទូរទស្សន៍ ABC កាល​ពី​ថ្ងៃ​អាទិត្យ​ថា រឿង​នេះ​មិន​មែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ទេ។

លោក Sanders បញ្ជាក់​ដូច្នេះ​ថា៖ «អ្វី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បង្ហាញ​យ៉ាង​ច្បាស់ និង​អ្វី​ដែល​ក្រុម​អ្នក​កាន់​អំណាច​ចង់​បាន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​រួម​កម្លាំង​គ្នា​គាំទ្រ​លោក Biden និង​ព្យាយាម​ផ្ដួល​ខ្ញុំ‍»។

លោក Biden និយាយ​ថា លោក Sanders ដែល​ហៅ​ខ្លួន​លោក​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​នោះ មាន​លក្ខណៈ​ជ្រុល​និយម​ខ្លាំង​ពេក​ដែល​ពិបាក​ឲ្យ​គេ​រួម​គ្នា​គាំទ្រ​លោក។

លោក Biden ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​សន្យា​ជាមួយ​អ្នក​ថា​យើង​នឹង​ប្រមូល​ផ្ដុំ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​គ្រប់​ជាតិ​សាសន៍​ពណ៌​សម្បុរ ភេទ ស្ថានភាព​ជីវភាព​រស់នៅ អ្នក​ប្រជាធិបតេយ្យ អ្នក​សាធារណរដ្ឋ និង​អ្នក​ឯករាជ្យ‍»។

លោក Sanders និយាយ​ថា លោក​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​កម្មករ អ្នក​ធ្វើ​ការ និង​អ្នក​បោះ​ឆ្នោត​ដែល​ជា​យុវជន។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា យើង​នឹង​ឈ្នះ។ យើង​បាន​ឈ្នះ​នៅ​រដ្ឋ California, Utah, Colorado និង​រដ្ឋ Vermont។ យើង​ក៏​បាន​ឈ្នះ​សំឡេង​ឆ្នោត​នៅ​រដ្ឋ​ចំនួន ៣ ផ្សេង​ទៀត​មុន​ហ្នឹង​ផង​ដែរ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋ Michigan នេះ និង​នៅ​រដ្ឋ Washington ក៏​ដូចជា​នៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ‍»។

មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​លោក Jesse Jackson បាន​ផ្ដល់​ការ​គាំទ្រ​ដល់​លោក Sanders កាល​ពី​ថ្ងៃ​អាទិត្យ។

ករណី​នេះ​អាច​ជួយ​លោក Sanders ឲ្យ​ពង្រីក​ការ​ឃោសនា​របស់​លោក​កាន់តែ​ទូលំទូលាយ​ជាង​មុន​ថែម​ទៀត​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដែល​ជា​ក្រុម​អ្នក​បោះ​ឆ្នោត​ដ៏​សំខាន់​មួយ​ដែល​ផ្ដល់​ការ​គាំទ្រ​ខ្លាំងក្លា​ដល់​លោក Biden៕

ប្រែ​សម្រួល​ដោយ​លោក ភី សុភាដា