លោកសម រង្ស៊ី​សុំ​ឱ្យ​តុលាការ​រក្សា​ដីការ​បញ្ជា​ឱ្យ​ក្រុមហ៊ុន Chevron ​ប្រគល់​ឯកសារ​ និង​វីដេអូ

រូបឯកសារ៖ សព​អ្នកវិភាគ​សង្គម​លោកកែម ឡី ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​ដឹក​ទៅ​កាន់​វត្ត​មួយ ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។

​លោកសមរង្ស៊ី​បាន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) ដែល​ជា​ក្រុមហ៊ុនប្រេង​ដ៏ធំ​របស់​សហរដ្ឋ​អាមេរិក​ ផ្តល់​ឯកសារ ដែល​មាន​ដូចជា ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាងសាំង​កាល់តិច (Caltex) ​ក្នុង​រាជធានី​ភ្នំពេញ​​នៅថ្ងៃ​បាញ់​សម្លាប់​លោកកែមឡី។ លោក​សម រង្ស៊ី​ចាត់​ទុក​ថា ឯកសារ​ទាំង​នេះ​អាច​ជា ​«ភស្តុតាង​ប្រយោល‍បញ្ជាក់​ពី​ការ​ជាប់​ពាក់ព័ន្ធរបស់​រដ្ឋាភិបាល‍»។

លោក​សម រង្ស៊ី ​អតីតប្រធានគណបក្ស​សង្គ្រោះជាតិ​ ស្នើ​សុំ​ឱ្យ​តុលាការ​សហរដ្ឋ​អាមេរិក​រក្សា​ដីការ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ឆេវរ៉ុន​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បាញ់សម្លាប់​លោក​កែមឡី​ ដោយ​អះអាង​ថា ឯកសារ​ទាំង​នេះ​នឹង​ជួយ​ឱ្យ​លោក​រួចផុត​ពី​ការដាក់​ទោស​ពី​បទបរិហារកេរ្តិ៍​ក្នុង​តុលាការកម្ពុជា។​

លោកសម រង្ស៊ី​បាន​បន្ថែម​ថា​ តុលាការ​ និង​អាជ្ញាធរ​កម្ពុជា​មិន​បាន​បង្ហាញ​ឯកសារ​ច្បាស់លាស់​នោះ​ទេ ក្នុង​ពេល​សវនាការ​កន្លង​មក​ ដែល​បាន​កាត់​ទោស​ឱ្យ​លោក​មានពិរុទ្ធ​ភាព​ក្នុងបណ្តឹង​បរិហាកេរ្តិ៍​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ នេះ​បើតាម​ឯកសារ​ ដែល​បាន​ដាក់​ផ្សាយ​កាលពីថ្ងៃ​ទី​២៩ខែ​មិថុនាតាម​គេហទំព័រ​តុលាការ​តំប​ន់ភាគខាងជើង​នៃ​រដ្ឋ​កាលីហ្វញ៉ា​របស់​សហរដ្ឋ​អាមេរិក។

​លោកសម រង្ស៊ី​បាន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) ដែល​ជា​ក្រុមហ៊ុនប្រេង​ដ៏ធំ​របស់​សហរដ្ឋ​អាមេរិក​ ផ្តល់​ឯកសារ ដែល​មាន​ដូចជា ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាងសាំង​កាល់តិច (Caltex) ​ក្នុង​រាជធានី​ភ្នំពេញនៅថ្ងៃ​បាញ់​សម្លាប់​លោកកែមឡី របាយការណ៍​ ឬ​ទំនាក់ទំនង​ផ្ទៃក្នុង​ ដែល​បង្ហាញ​ថា​ មន្ត្រីរដ្ឋាភិបាល​ ឬអាជ្ញាធរ​មូលដ្ឋាន​ មាន​វត្តមាន​នៅ​ឯ​ហាងសាំង​ មុនពេល​លោក​កែមឡីត្រូវ​គេ​បាញ់សម្លាប់​ អ្នក​ដែល​សាកសួរ​បុគ្គលិក​ក្រុមហ៊ុន​នៅមុន​ និង​ក្រោយ​ការបាញ់សម្លាប់ និង​ទំនាក់ទំនង​តាម​សារទូរស័ព្ទ​ ឬ​អ៊ីម៉េល​រវាង​បុគ្គលិក​ក្រុមហ៊ុន​ឆេវរ៉ុន​នៅ​កម្ពុជា​ដែល​បញ្ជាក់​ថា​មាន​គេ​មក​សួរ​ មុន​ពេល​បាញ់សម្លាប់​ពាក់​ព័ន្ធ​នឹង​សម្ភារៈ​កាមេរ៉ា​សុវត្ថិភាព ​ឬ​ពី​ដំណើរជា​ប្រចាំ​ថ្ងៃ​របស់​លោក​កែម ឡី​ជា​ដើម។

លោក​សម រង្ស៊ី​ចាត់​ទុក​ថា ឯកសារ​ទាំង​នេះ​អាច​ជា ​«ភស្តុតាង​ប្រយោល‍បញ្ជាក់​ពី​ការ​ជាប់​ពាក់ព័ន្ធរបស់​រដ្ឋាភិបាល‍»។

លោកសម រង្ស៊ី​បាន​បន្ថែមថា​៖

«ព័ត៌មាន​ទាំង​នេះ និង​ឯកសារ​ដទៃទៀត ដែល​ក្រុមហ៊ុន​ឆេវរ៉ុន​មាន​អាច​បញ្ជាក់​បាន​ថា​ ហេតុអ្វី​បាន​ជា​គុណភាព ​និង​រូបភាព​វីដេអូ ​ដែល​បាន​បង្ហាញ​នៅ​ឯ​អង្គសវនាការ​មាន​កម្រិតមិនល្អ​ និង​មិន​ពេញលេញ​បើ​ប្រៀបធៀប​នឹង​អ្វី​ដែល​ក្រុមហ៊ុន​ឆេវរ៉ុន​បាន​ផ្តល់​ជូន​ប៉ូលិស ក៏​ដូចជា​ចំណុច​ផ្ទុយគ្នា​រវាង​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​ បើ​ប្រៀបធៀប​ទៅ​នឹង​របាយការណ៍​ផ្ទៃ​ក្នុង​ឬទំនាក់ទំន​ងរបស់​ក្រុមហ៊ុន​ឆេវរ៉ុន‍»។​

រូបឯកសារៈ លោកសម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ

សេចក្តីថ្លែងការណ៍​ ដែល​លោក​សម រង្ស៊ី​ដាក់​ជូន​នេះ​ ជា​ការ​ឆ្លើយតប​នឹង​ញត្តិជំទាស់របស់​ក្រុមហ៊ុន​ឆេវរ៉ុន​ ដែល​សុំ​ឱ្យ​តុលាការ​លុបចោល​ដីការ​បង្គាប់​ឱ្យ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​នេះ​ផ្តល់​ភស្តុតាង​តាមការ​ស្នើ​សុំ​របស់​លោក​សមរង្ស៊ី​ ដើម្បី​យក​ទៅការពារ​ខ្លួន​ក្នុង​តុលាការ​កម្ពុជា​ពាក់​ព័ន្ធ​នឹង​អត្ថាធិប្បាយ​ដែល​លោក​សមរង្ស៊ី​ចោទ​ថា ​រដ្ឋាភិបាល​មាន​ចំណែក​ពាក់​ព័ន្ធក្នុង​ការ​ធ្វើ​ឃាត​លោក​កែមឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះម្នាក់។

ក្រុមហ៊ុន​ឆេវរ៉ុន​អះអាង​ថា ​ប៉ូលិស​បាន​រឹបអូស​យក​វត្ថុតាង​អស់​ហើយ​ រួមទាំងវីដេអូពី​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​ ហើយ​វីដេអូ​នោះ​ក៏​បាន​បង្ហាញ​ជូន​ក្នុ​ងពេល​ធ្វើ​សវនាការ​ក្នុង​ពេល​កន្លង​មក​ដូច្នេះ​លោក​សម រង្ស៊ីគួរតែ​ទៅ​សុំ​ពី​អាជ្ញាធរកម្ពុជា។ ​

លោកសម ​រង្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ដាក់​ជូន​តុលាការសហរដ្ឋ​អាមេរិកថា​ នោះ​ជាការ​មិន​អាច​ធ្វើ​បាន​ទេ។​
លោក​បាន​បន្ថែម​ថា៖

«ខ្ញុំបានព្យាយាម​សុំ​ភស្តុតាង​ដើម្បី​យក​មក​ការពារខ្លួន​នៅក្នុង​សំណុំរឿងជាច្រើន​ប្រឆាំង​នឹង​ខ្ញុំ​ក្នុង​រយៈ​ពេល​មួយទសវត្សរ៍នេះ​។ បើទោះបីជា​ច្បាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​មានសិទ្ធិ​សុំ​ភស្តុតាង​មែន​ ប៉ុន្តែ​ជារឿយៗ​តុលាការ​ និង​អាជ្ញាធរ​មិន​ទទួល​យក​ពាក្យ​សុំ​ឬផ្តល់តាម​សំណើរបស់​ខ្ញុំ​ឡើយក្នុងពេល​កន្លងមកនេះ‍»។​

តុលាការ​កម្ពុជា​បាន​កាត់​ទោសបុរសម្នាក់​ឈ្មោះ​អឿត អាង​ហៅ​ជួប​សម្លាប់​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ​ក្រោយ​ពី​បុរស​នោះ​សារភាព​ថា​ ខ្លួន​បាន​បាញ់​សម្លាប់​លោក​កែម ឡី​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ ដោយសារ​តែ​មិន​ព្រម​សងប្រាក់​ជំពាក់​ចំនួន​ ៣.០០០ដុល្លារ។ ប៉ុន្តែ​ក្រុមគ្រួសារ​លោក​កែម ឡី​ និង​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​បុរសនោះ​មិន​ជឿ​ថា ​ជា​ការ​ពិត​ទេ។

លោក​រីឆាដ រ៉ូជឺ មេធាវី​តំណាងឱ្យ​ជនរងគ្រោះ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិប្រឆាំងនឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី ថ្លែងការណ៍គាំទ្រ​ដល់ការ​ស្នើសុំ​របស់​លោកសម រង្ស៊ី​ដោយ​បញ្ជាក់​ថា ​ស្ថាប័ន​តុលាការ​កម្ពុជា​មិន​មាន​ឯករាជ្យភាព ​និង​ជារឿយៗ​រំលោភ​ច្បាប់​អន្តរជាតិ​ និង​ច្បាប់​កម្ពុជា​ខ្លួនឯង។​

លោ​កបាន​បន្ថែម​ថា៖

«អាជ្ញាធរ​កម្ពុជា(​ក្នុងនោះមាន​ប៉ូលិស​ និង​ក្រុមព្រះរាជអាជ្ញា​)​ មាន​ប្រវត្តិ​ក្នុងការ​បំភ្លៃភស្តុតាង​ក្នុង​ពេល​ស៊ើបអង្កេត​សំណុំរឿង​ធ្វើ​ឃាតនយោបាយ។ មាន​គ្រប់ហេតុផល ដែល​ត្រូវជឿជាក់​ថា​ អាជ្ញាធរ​មាន​ចេតនា​លាក់​បំបាំង​ការពិត​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី​‍»។

ក្រុមហ៊ុនប្រេងChevron ​បានសុំ​ពេល​រហូតដល់ថ្ងៃ​ទី​២៧ ខែ​កក្កដា​ ដើម្បី​ឆ្លើយតប​នឹង​អំណះអំណាង​បន្ថែម​របស់​លោក​សម រង្ស៊ី។ នេះ​បើតាមឯកសារព្រមព្រៀង​រួមគ្នា​រវាងមេធាវី​របស់​ក្រុមហ៊ុន​ និង​មេធាវី​របស់​លោកសមរង្ស៊ី៕