លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារនោះ បានធ្វើការអំពាវនាវតាមវីដេអូដែលលោកបានបង្ហោះនៅលើគេហទំព័របណ្តាញសង្គម Facebook របស់លោកឱ្យប្រជាពលរដ្ឋទុកចិត្តថា លោកនឹងការពារប្រជាជន ប្រទេសជាតិ និងសម្បត្តិធម្មជាតិជូនប្រជាពលរដ្ឋខ្មែរ។
នៅក្នុងវីដេអូដែលលោកបានបង្ហោះកាលពីចុងសប្តាហ៍មុន ហើយដែលមានរយៈពេលប្រហែលមួយនាទីកន្លះនោះ លោកសម រង្ស៊ី បានមានប្រសាសន៍ថា លោកនឹងការពារប្រទេសជាតិ ជួយប្រជាជនក្រីក្រនិងទន់ខ្សោយ និងការពារធនធានធម្មជាតិនានាមិនឲ្យបាត់បង់។
លោកបានបន្ថែមថា៖
« ខ្ញុំនឹងខិតខំរកមធ្យោបាយ ដើម្បីនាំមកនូវការផ្លាស់ប្តូរដូចបងប្អូនជនរួមជាតិចង់បាន។ ផ្លាស់ប្តូរឱ្យមានអ្នកដឹកនាំថ្មី រដ្ឋាភិបាលថ្មី ដែលចេះការពារប្រជារាស្ត្រខ្មែរ ជាពិសេសប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រទន់ខ្សោយ។ ហើយដែលចេះការពារទឹកដីយើង។ កុំឱ្យបាត់បង់ដូចសព្វថ្ងៃទៀត។ ចេះការពារទ្រព្យសម្បត្តិជាតិ ព្រៃឈើព្រៃភ្នំ បឹងបួរ ស្ទឹងទន្លេ រ៉ែ ទ្រព្យសម្បត្តិធម្មជាតិ និងទ្រព្យសម្បត្តិវប្បធម៌ជាច្រើនទៀត»។
ដោយឡែក កាលពីថ្ងៃអាទិត្យ លោក សម រង្ស៊ី ក៏បានបង្ហោះរូបភាពការប្រជុំមួយនៅលើគេហទំព័របណ្តាញសង្គមរបស់លោក ដែលលោកបានធ្វើតាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិកត្រូនិក Skypeជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។ នៅក្នុងវីដេអូនោះ លោកបានមានប្រសាសន៍ទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិថា៖
«ដោយសារតែអ្នកគាំទ្រសកម្មជន សកម្មនារីទាំងអស់ ទឹកចិត្តយើងដូចគ្នាគឺសំឡុតអត់ខ្លាច។ ទិញមិនលក់ បំបែកមិនបានគឺខ្មែរនៅតែខ្មែរ។ អ្នកស្នេហាជាតិនៅតែជាអ្នកស្នេហាជាតិ។ គណបក្សសង្គ្រោះជាតិនៅតែសង្គ្រោះជាតិ»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានមានប្រសាសន៍ថា លោក សម រង្ស៊ី បានផ្តល់ការសន្យាជាច្រើនដង ហើយការសន្យាទាំងនោះមិនត្រូវបានរក្សានោះទេ។ ទោះជាយ៉ាងនេះក៏ដោយ លោក អ៊ូ វីរៈ មានប្រសាសន៍ថា អ្នកគាំទ្រលោក សម រង្ស៊ី ជាលក្ខណៈបុគ្គល នឹងនៅតែបន្តគាំទ្រលោក តែការផ្លាស់ប្តូរជំហររបស់លោក សម រង្ស៊ី ជាមួយគណបក្សកាន់អំណាចអាចធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ការទុកចិត្តទៅលើរូបលោក។
«មានគោលនយោបាយច្បាស់លាស់ ឬក៏អត់ ឬមួយនិយាយតាមការនឹកឃើញ។ ខ្ញុំមើលទៅអ្វីដែលគេអត់ទុកចិត្ត គឺគាត់និយាយតាមការនឹកឃើញ ហើយនិយាយខុសគ្នារហូតតាមកាលៈទេសៈ និងតាមពេលវេលាហើយតាមមនុស្សផង»។
លោកបានបន្ថែមថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភពីលោក សម រង្ស៊ី គឺសម្តីរបស់គាត់។ ម្តងគាត់ត្រូវគ្នាជាមួយលោក ហ៊ុន សែន ទៅគាត់និយាយផ្សេង។ ម្តងគាត់ត្រូវគ្នាជាមួយចិន គាត់និយាយផ្សឹង។ ពេលទៅដល់សហរដ្ឋអាមេរិក ត្រូវគ្នាជាមួយសហរដ្ឋអាមេរិកគាត់និយាយផ្សេងទៀតទៅ»។
លោក សុខ ឦសាន្ត អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បាននិយាយថា ការឃោសនារបស់លោក សម រង្ស៊ី មិនធ្វើឱ្យគណបក្សប្រជាជនមានការព្រួយបារម្ភនោះទេ។
«មានតែសមាជិករបស់គណបក្សសង្គ្រោះជាតិបកមកគណបក្សប្រជាជន។ ខ្ញុំទៅតាមស្រុកតាមអីនៅខេត្តព្រៃវែងមណ្ឌលរបស់ខ្ញុំ ឃើញថាមកចូលបន្តបន្ទាប់ហើយ»។
តុលាការបានកោះហៅលោក សម រង្ស៊ី ឲ្យបង្ហាញខ្លួននៅតុលាការក្នុងសំណុំរឿងបរិហារកេរ្តិ៍លោក ហេង សំរិន ដែលទាក់ទិននឹងការលើកឡើងថា មានកងទ័ពវៀតណាមបង្កប់ខ្លួនក្នុងជួរកងទ័ពកម្ពុជា។
ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានទទួលដីកាចាប់ខ្លួន និងដីកាកោះជាបន្តបន្ទាប់នៅចុងឆ្នាំ២០១៥ ក្រោយពេលមានភាពប្រេះឆានយោបាយជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី ត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្ត្រពីគណបក្ស ប្រជាជនកម្ពុជាសម្រេចលុបចោលអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រនៅខែវិច្ឆិកា ដើម្បីបើកផ្លូវឱ្យតុលាការអនុវត្តសំណុំរឿងបរិហារកេរ្តិ៍ និងញុះញង់ ដែលលោកបានថ្លែងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានឃុបឃិតជាមួយក្រុមខ្មែរក្រហម ពេលដែលលោក ហោ ណាំហុង នៅជាប់ក្នុង ពន្ធនាគារបឹងត្របែក៕