អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបម្រើផលប្រយោជន៍យុទ្ធសាស្ត្រវាតទីនិយមរបស់ចិនកុម្មុយនិស្ត ដែលត្រូវការពង្រឹងឥទ្ធិពលទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិនរួចទៅហើយ។
បើតាមផែនការមេដែលរដ្ឋាភិបាលបានរចនារួចហើយនោះ ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះមានចំណុចចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។
រដ្ឋាភិបាលអះអាងថា ប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកមួយនេះ ហើយព្រែកជីកមួយនេះនឹងបង្កើតការងារសម្រាប់ពួកគេផងដែរ។
ផ្ទុយពីការពន្យល់របស់រដ្ឋាភិបាល លោកសម រង្ស៊ីបានផ្តល់ការអត្ថាធិប្បាយតាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ថា ព្រែកជីកនេះមិនមែនជាលាភសម្រាប់កម្ពុជា តែវានឹងនាំគ្រោះមកឱ្យពលរដ្ឋខ្មែរទៅវិញ។
លោកលើកឡើងថា៖«គម្រោងជីកព្រែកភ្ជាប់ទីក្រុងភ្នំពេញទៅដល់សមុទ្រ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ។ របប ហ៊ុន សែនបានសម្រេចធ្វើតាមសំណើចិនកុម្មុយនិស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវ ជីកព្រែកបែបនេះដោយមិនទាន់បានធ្វើការសិក្សា គ្រប់ជ្រុងជ្រោយនៅឡើយ»។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះអះអាងថា មូលដ្ឋានកងទ័ពជើងទឹករាមក៏នឹងដាក់ប្រទេសកម្ពុជាឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ ព្រោះលោកយល់ឃើញថា ទីតាំងនោះក៏នឹងរួមចំណែកបម្រើដល់យុទ្ធសាស្ត្រវាតទីនិយមរបស់ចិន។
លោកថ្លែងថា៖ «មូលដ្ឋានសឹករបស់ចិននៅរាមក៏ជាឈ្នាន់ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ របបហ៊ុន សែន និង ហ៊ុន ម៉ាណែតអាចនាំមកគ្រោះថ្នាក់ប្រទេសកម្ពុជា ដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីចិន ជួយការពារអំណាចផ្តាច់ការរបស់ខ្លួន»។
ជាការឆ្លើយតបទៅនឹងលោក សម រង្ស៊ី នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ថា«ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់សម្រាប់ប្រទេសនិងប្រជាជនខ្មែរ ប៉ុន្តែបែរជា សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំងដើម្បីប្រឆាំង ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ»។
នាយករដ្ឋមន្ត្រីវ័យក្មេងដែលកាន់អំណាចបានជាង៨ខែរូបនេះចោទជាសំណួរថា៖ «តើអ្នកនយោបាយចាស់វស្សាម្នាក់នេះជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់?»
លោក សម រង្ស៊ី ប្រាប់វីអូអេតាមសារអ៊ីម៉ែលបន្ថែមថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងតែដើរតាមគន្លងដ៏គ្រោះថ្នាក់របស់ ប៉ុល ពត និងថាពួកគេទាំងពីរបម្រើប្រយោជន៍ចិន ដោយការបំផ្លាញប្រយោជន៍កម្ពុជា។
លោកបញ្ជាក់ថា៖«មិនមានការសិក្សាហ្មត់ចត់ណាមួយត្រូវបានធ្វើឡើងលើផលប៉ះពាល់នៃព្រែកជីកដែលបានគ្រោងទុកនេះ ដែលមានគោលបំណងសំខាន់ដើម្បីផ្តល់ឱ្យប្រទេសចិននូវច្រកចូលជាយុទ្ធសាស្ត្រទៅកាន់ឈូងសមុទ្រថៃ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនទៅកាន់ និងពីប្រទេសចិន ដើម្បីគាំទ្រដល់មូលដ្ឋានយោធាចិននៅរាមដោយសុវត្ថិភាព»។
គម្រោងព្រែកជីកហ្វូណនតេជោនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬ BRI) របស់រដ្ឋាភិបាលចិន។ គម្រោងដ៏មានមហិច្ឆតារបស់កម្ពុជាមួយនេះក៏កំពុងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនរាយការណ៍ថា វាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ប្រសិនបើវាត្រូវបានប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
បញ្ញវន្តវៀតណាមជាច្រើននាក់ក៏បានធ្វើការពិភាក្សាយ៉ាងផុលផុសលើគម្រោងនេះថា អាចនាំមកនូវវត្តមានយោធារបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមដែលជាមិត្តប្រពៃណីរបស់កម្ពុជា។
អ្នកសិក្សាស្រាវជ្រាវកិច្ចការអន្តរជាតិ និងបញ្ញជនខ្លះនៅប្រទេសកម្ពុជាក៏បានពិនិត្យលើគម្រោង និងបានធ្វើការវិភាគថា គម្រោងនេះ ទំនងជាអាចជួយកម្ពុជាបន្ថយការពឹងផ្អែកលើវៀតណាម បើទោះបីជាវាកំពុងក្លាយជាចំណុចរសើបមួយក្នុងទំនាក់ទំនងកម្ពុជាវៀតណាម។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ការលើកឡើងចំណុចរសើបរបស់អ្នកនយោបាយគឺដើម្បីបង្កើតព្រឹត្តិការណ៍នយោបាយ ដែលលោកថា ដើម្បីប្រយោជន៍នយោបាយរៀងៗខ្លួន មិនមែនប្រយោជន៍ជាតិឡើយ។
បើតាមអ្នកវិភាគរូបនេះ ការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធជាមួយអនុត្តរភាពរបស់ចិនគឺមិនមានអំណះអំណាងអ្វីទេ និងថា ការលើកឡើងថា គម្រោងព្រែកជីកមានសារៈសំខាន់ខ្លាំងក្លា ក៏មិនសំខាន់ដែរ ដោយហេតុថាបើសិនជាសំខាន់មែន កម្ពុជានឹងធ្វើដោយខ្លួនឯង ដោយមិនទុកឱ្យចិនធ្វើនោះទេ។
លោកបញ្ជាក់ថា៖ «បើយើងទុកឱ្យចិនធ្វើ យើងនៅតែកម្ចីលុយចិន ហើយយើងត្រូវការថវិកា ត្រូវការពេលវេលា៥០ឆ្នាំ។ អ៊ីចឹងប្រយោជន៍ហ្នឹងវាមិនសូវបានមកឱ្យយើងប៉ុន្មានទេ។បើសិនបានមកយើងក៏យើងហ្នឹងម្ចាស់ការមាំទាំ ហើយថវិកាប្រើដោយតម្លាភាពណាស់ អាហ្នឹងបានយើងអាចទាញយកអត្ថប្រយោជន៍ពិតប្រាកដ»។
បើតាមលោក ឯម សុវណ្ណារ៉ា ការកសាងព្រែកជីកមិនជារឿងចាំបាច់ដែលត្រូវតែធ្វើនោះទេ ដោយសារតែកម្ពុជាមិនមែនជាដែនដីបិទជិត(landlock) ដូចឡាវទេ និងថា អ្វីដែលកម្ពុជាត្រូវធ្វើនោះគឺការបង្កើនផលិតផល ផ្លូវដឹកជញ្ជូនឱ្យមានគ្រប់តំបន់សំខាន់ៗ។
លោកបន្ថែមថា ការបណ្តាក់ទុនតាមបែប BOT ដោយទុកឱ្យគេគ្រប់គ្រងរហូតដល់៥០ឆ្នាំ ជាការខាតបង់អត្ថប្រយោជន៍ជាតិ៕