លោក​សម រង្ស៊ី ពិនិត្យ​ឡើង​វិញ​គុណតម្លៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ គ្រា​បក្ស​ជំទាស់​បាត់​មុខ​​ក្នុង​ការ​បោះឆ្នោត​ជាតិ

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

អតីត​ប្រធាន​គណបក្ស​ជំទាស់​លោក ​សម រង្ស៊ី ​លើក​ឡើង​ថា ​ការ​រារាំង​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​ បង្ហាញ​ថា ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​ ១៩៩១ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​នៅ​ពេល​នេះ​ ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​កែ​សម្រួល​ឡើង​វិញ​នូវ​ការ​ទទួល​ស្គាល់​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា។​

គណបក្ស​ភ្លើងទៀន ​ដែល​ជា​គណបក្ស​ជំទាស់​សំខាន់​មួយ​ ហើយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ ១​លាន​ ៦​សែន​នាក់​ កាលពី​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២​នោះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​មិន​ឱ្យ​ចូល​រួម​ឈរ​ឈ្មោះ​បោះឆ្នោត​ ព្រោះគណបក្ស​នេះ​ខ្វះ​ឯកសារ​ដើមបញ្ជាក់​ពី​ការ​ចុះ​បញ្ជី​គណបក្ស​ផ្លូវ​ការនៅក្រសួង​មហាផ្ទៃ។

លោក​ សម រង្ស៊ី​ បាន​អត្ថាធិប្បាយ​ក្នុង​អត្ថបទ​បញ្ចេញ​យោបល់​មួយ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី​ ១៤​ ខែ​មិថុនា​ ថា ​ចំណុច​សំខាន់ៗ​ពីរ​នៃ​កិច្ច​ព្រម​ព្រៀង​ប្រវត្តិសាស្ត្រ​មួយនេះ​ ដែល​រួម​មាន​ការ​រៀប​ចំ​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ​និង​នយោបាយ​ក្រៅ​ប្រទេស​ដែលត្រូវ​ឈរ​លើ​ឯករាជ្យភាព​ និង​អព្យាក្រឹត​ភាព​របស់​កម្ពុជា​នោះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​វា​ដល់​ពេល​ដែល​សហគមន៍​អន្តរ​ជាតិ​ត្រូវ​មាន​វិធានការជា​បន្ទាន់។​

នៅ​ត្រង់​បញ្ហា​ប្រជាធិបតេយ្យ​ លោក ​សម រង្ស៊ី ​រៀបរាប់​ថា​ ជំហាន​ជា​បន្ត​បន្ទាប់​ធ្វើ​ឡើងដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន សែន ​ដើម្បី​រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដានោះ​ បង្ហាញ​ថា ​ការ​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​នៅ​ឆ្នាំ​ ១៩៩១ ​ឡើង​វិញ​ គឺ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់​សម្រាប់​អនាគត​របស់​ប្រទេស។​

លោក​បាន​ផ្តល់​ការ​កត់​ចំណាំ​បន្ថែម​ថា ទោះបី​ប្រទេស​កម្ពុជា​មិនបាន​វិល​ត្រឡប់ទៅ​សង្គ្រាម​ក្តី ប៉ុន្តែ​គិត​ចាប់​តាំង​ពី​មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នោះ​មក​ ការ​ព្យាយាម​បង្កើត​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​នោះ​ ទទួល​បរាជ័យ​ទាំង​ស្រុង។​

លោក​លើក​ឡើង​ថា៖​ «កម្ពុជា​ថ្ងៃ​នេះ​គឺ​ជារដ្ឋ​ឯកបក្ស​ ដែល​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​សម្រេច​បាន​ការ​ទទួល​ស្គាល់​របស់​អន្តរជាតិ​ មិនដូចរបប​ខ្មែរក្រហម​ ដែល​មាន​លោក​ហ៊ុន សែន​ ជា​មេ​បញ្ជា​ការ​មួយ​រូប»។​

លោក​បន្ថែម​ថា​ ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ​គឺ​នៅ​ងាក​ទៅ​រក​អំពើ​ហិង្សា​បើចាំបាច់​ ហើយប្រជាធិបតេយ្យ​ក៏​មិន​មាន​ច្រើន​ជាង​ក្រោម​ការ​ដឹកនាំ​របស់​ប៉ុល ពត​ ដែរ។

ទាក់ទិន​ការ​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ លោក​ សម រង្ស៊ី​ លើក​ឡើង​ថា​ គណបក្ស​ភ្លើងទៀន​ ដែល​មាន​លោក​ជា​ស្ថាបនិក​ ត្រូវ​បាន​រារាំង​ជាផ្លូវ​ការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​ដែល​គ្រោង​ធ្វើ នៅ​ថ្ងៃទី​ ២៣ ​ខែ​កក្កដា​ ដោយសារ​តែ​គណបក្ស​មិន​អាច​បញ្ជាក់​បាន​លិខិត​ចម្លង​ផ្លូវការនៃ​ឯកសារ​ដើម​សម្រាប់​ការ​ចុះ​បញ្ជី​គណបក្ស​ កាល​ពី​ឆ្នាំ​ ១៩៩៨។ ​លោក​អះអាង​ថា ​ឯកសារ​នេះត្រូវ​បាន​រឹប​អូស​ដោយ​រដ្ឋាភិបាលនៅ​ពេល​កម្លាំង​រដ្ឋាភិបាលចូល​លុក​លុយ​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ឆ្នាំ​ ២០១៧។​

ចំពោះ​គោល​នយោបាយ​ក្រៅ​ប្រទេស​របស់​កម្ពុជា ​លោក​ សម រង្ស៊ី​ ថា​ ចំណង​ទាក់​ទង​រវាង​កម្ពុជា​ ​និង​ចិនកាន់​តែមាន​លក្ខណៈ​ជ្រាលជ្រៅ​ និង​ស្មុគស្មាញ ហើយ​អាច​បង្ក​ផល​វិបាក​ជា​ច្រើន​ផង​ដែរ។​

រូបឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ទោះ​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក្តី​ អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន​ យល់​ឃើញ​ថា អវត្តមាន​របស់​គណបក្ស​ភ្លើងទៀន​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ មិន​ជាប់​ពាក់ព័ន្ធនឹងសេចក្តី​ត្រូវ​ការ​ឱ្យពិនិត្យ​ខ្លឹម​សារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឡើង​វិញ​នោះ​ទេ​ ព្រោះ​អ្វី​ដែល​កំពុង​កើត​ឡើង​មិន​មែន​ជា​វិបត្តិ​ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះ​ឡើយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា៖ «អវត្តមាន​របស់​គណបក្ស​ភ្លើង​ទៀនមិន​មែន​ជា​វិបត្តិ​នយោបាយ​របស់​កម្ពុជា​ ឬ​សន្តិសុខ​របស់​កម្ពុជា​ទេ​ គឺ​ជា​លទ្ធផល​នៃ​ការ​មិន​ឆ្លើយ​តប​ពី​នីត្យានុកូល​ភាព​តម្រូវ​ការ​របស់​ គ.ជ.ប ​ក៏​ដូច​ជា​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ដែរ»។​

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា​ កម្ពុជា​គឺ​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ ហើយ​ក៏​មិន​មាន​ជំហរ​ទន់​ទោរ​ទៅ​រក​ប្រទេស​ណា​មួយ​ដែរ​ មិន​ថា ប្រទេស​ចិន​ ឬ​ក៏​ប្រទេស​វៀតណាម​នោះ​ឡើយ។​

លោក​ ផៃ ស៊ីផាន​ អះអាងទៀត​ថា​ ​អ្វី​ដែល​លោក​ សម រង្ស៊ី ​បាន​លើក​ឡើង​ខាង​លើនោះ​ គឺ​ប្រាស​ចាកពី​ការណ៍​ពិត ហើយ​មិន​អាច​ទទួល​យក​បាន​ទេ។​

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ កញ្ញា ​Stephanie Arzate ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិច​អ៊ីមែល​ថា​ ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ សហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ ក្នុង​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

កញ្ញា​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ ​«ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ឈរ​ជា​មួយ​ប្រជាជន​កម្ពុជា​ ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​គោល​ការណ៍​របស់​ខ្លួន​ រួម​ទាំង​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ និង​សិទ្ធិ​មនុស្ស»។​

វីអូអេ​ព្យាយាម​ទាក់ទង​ទៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​តាម​សារ​អេឡិចត្រូនិច​អ៊ីមែល​ សុំ​ការ​បកស្រាយ​អំពី​ទំនាក់​ទំនង​នយោបាយ​កម្ពុជា-ចិន ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ កាល​ពី​ថ្ងៃទី​ ១២​ ខែ​ឧសភា ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ការ​រំឭក​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​នោះ ​ដែល​បាន​បញ្ចប់​សង្គ្រាមរយៈពេល​រាប់​ទសវត្សរ៍​ និង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព។​

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ ដែល​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ខ្មែរ​បួន​ភាគី​ឈប់​បាញ់​គ្នា​ នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិបតេយ្យ​ភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ គឺ​ជា​ស្នា​ព្រះហស្តរបស់​ព្រះ​បរមរតន​កោដ្ឋ ​សម្តេច​ឪ​ព្រះ​បាទ​នរោត្តម​ សីហនុ ​ដែល​ជា​អ្នក​ផ្តួច​ផ្តើម។​

សកម្មជន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​លោក ​ស៊ុន ស្រ៊ន​ ប្រាប់​វីអូអេ​ថា​ ​ប្រទេស​កម្ពុជា​បាន​ដើរ​ឆ្ងាយ​ចេញ​ពី​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ដែល​បាន​នាំ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​ក្នុង​កិច្ច​ព្រម​ព្រៀងអន្តរជាតិនេះ​ ដូចជា​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​មាន​ការ​ព្រួយ​បារម្ភ​នឹង​ដំណើរ​ការ​ផ្សះផ្សា​ខាង​នយោបាយនៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«នេះ​ជា​ដំណាក់កាល​មួយ​ដែល​កិច្ច​ព្រម​ព្រៀង​ប៉ារីស​នេះ​ដើរ​តួនាទី​សំខាន់​ទាំង​ការ​ផ្សះផ្សា​ផ្ទៃ​ក្នុង​ជាតិ​ខ្មែរ​ ហើយ​នឹង​ការ​មិន​ឱ្យ​មាន​ការ​លូក​ដៃ​ផ្ទៃ​ក្នុង​ពី​បរទេស​ជា​ដើម។ ​អ៊ីចឹង​កិច្ច​ព្រមព្រៀង​ប៉ារីស​គឺ​ត្រូវ​តែ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្មែរ​បច្ចុប្បន្ន​នេះ ​ទើប​ទាន់​ពេល​វេលា​ មិន​អាច​បណ្តោយ​ឱ្យ​បាន​ទៀត​ទេ»។​

សកម្មជន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសនេះ​បន្ថែម​ថា ​ការ​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​នេះ​ឡើង​វិញអាច​ធ្វើ​ទៅ​បានតាមរយៈ​វិធី​សាស្ត្រ​ផ្សេងៗ​ ដូច​ជា​ការ​កោះ​ហៅ​ភាគី​ជម្លោះ ដោយ​មាន​ការ​ចូល​រួម​ពី​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ ​ឬ​ក៏​ប្រជា​ពលរដ្ឋ​ខ្មែរ​ដាក់​សំណើទៅប្រទេស​ហេត្ថលេខី​ដែល​មាន​ស្ថាន​បេសកកម្ម​ការទូត​ប្រចាំ​នៅ​កម្ពុជា៕