គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​ចម្លើយ​ពី​អ.ស.ប.​ទេ

លោក​សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ស្នើ​សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​បញ្ជូន​អ្នក​សង្កេត​ការណ៍​​បោះ​ឆ្នោត​មក​កម្ពុជា។

ភ្នំពេញ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម​ រ​ង្ស៊ី​បាន​ស្នើ​សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​បញ្ជូន​អ្នក​សង្កេត​ការណ៍បោះ​ឆ្នោត​មក​កម្ពុជា​ ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ​ព្រមាន​លោក​ចំពោះ​គម្រោង​ការ​ដឹកនាំ​បាតុកម្ម។​

នៅ​ក្នុង​លិខិត​កាលពី​ថ្ងៃ​អង្គារ​ទី​៦​ ខែសីហា​ ដែល​ធ្លាក់​ដល់​ដៃ​បណ្តាញ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​សម​ រ​ង្ស៊ី​បាន​ស្នើ​ឲ្យ​លោក​បាន់​ គីមូន​ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​សង្កេត​ការណ៍​មក​ចូល​រួម​ក្នុង​ដំណើរ​ការ​នៃ​គណៈ​កម្មការ​ចម្រុះ​ដើម្បី​វាយ​តម្លៃ​លើ​សុពល​ភាព​នៃ​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​កម្ពុជា។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​ត្រី​ភាគី​មួយ​កាលពី​សប្តាហ៍​មុន ​ដែល​ចូលរួម​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ ដែល​កើតឡើង​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា។​ ក៏​ប៉ុន្តែ​គណៈ​កម្មការ​នេះ​បាន​ជាប់​គាំង​ទៅ​វិញ​ នៅ​ពេល​នេះ​ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​ជាតិ​ និង​អន្តរ​ជាតិ​ រួម​ជាមួយ​នឹង​សមាជិក​មក​ពី​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​អាជ្ញា​កណ្តាល​នៅ​ក្នុង​គណៈ​កម្មការ​នេះ។​

នៅ​ក្នុង​លិខិត​ទៅ​កាន់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក​សម​ រង្ស៊ី​បាន​លើក​ឡើង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អង្គការ​ជំនាញ​ផ្នែក​ត្រួត​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ «ជឿ​ថា ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​បង្ក​ឲ្យ​មាន​លទ្ធផល​បោះ​ឆ្នោត​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ​ទេ»។​

លោក​សម​ រង្ស៊ី​បាន​រំឭក​ពី​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ឆ្នាំ​១៩៩៣​ ហើយ​លោក​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ជឿ​ថា៖​«អង្គការ​សហ​ប្រជាជាតិ​អាច​ និង​គួរ​បន្ត​ដើរតួ​ក្នុង​ការ​ធានា​ថា ​ដំណើរ​ការ​និតិ​វិធី​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​ដែល​ផុយ​ស្រួយ»​ ដូច​ជា​ប្រទេស​កម្ពុជា​នេះ។​

លោក ​Martin​ Nesirky ​ អ្នក​នាំពាក្យ​របស់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន់​ គីមូន​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​តាម​សារ​អេឡិក​ត្រូនិក​នៅឡើយ​នៅ​ថ្ងៃ​នេះ។​

ដោយឡែក​លោក​យឹ​ម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថាលោក​បាន់ គីមូន​មិន​ទាន់​ឆ្លើយ​តប​មក​លោក​សម រង្ស៊ី​នៅឡើយ​ទេ។​

អ្នកស្រី​ជា​ វ​ណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា ​អ្នក​នយោបាយ​កម្ពុជា​គួរ​ព្យាយាម​ដោះស្រាយ​បញ្ហា​នយោបាយ​ក្នុង​រង្វង់​ប្រជាជាតិ​ក្នុង​ប្រទេស​ប្រសើរ​ជាង​ការ​ស្វែងរក​អន្តរាគមន៍​ពី​ខាង​ក្រៅ ​ឬ​ពី​អង្គការ​សហ​ប្រជាជាតិ។​

អ្នកស្រី​និយាយថា៖​ «បើសិនណា​យើង​ប្រឹង​រក​មធ្យោបាយ​ដោះស្រាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ហ្នឹង​តាម​រយៈ​ស្ថាប័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ហាក់​ដូច​ជា​ត្រឹមត្រូវ​ជាង។​ រឿង​អង្គការ​សហ​ប្រជាជាតិ​មាន​ប្រសិទ្ធិ​ភាព​នៅ​ពេល​ណា​ដែល​សមាជិក​ជា​ប្រទេស​ពីរ​ផ្សេង​គ្នា ​ម្ល៉ោះ​ហើយ​អង្គការ​សហ​ប្រជាជាតិ​ចូល​ទៅ​ធ្វើ​អន្ត​រាគមន៍​ទៅ។​ ប៉ុន្តែ​បញ្ហា​របស់​យើង​ជា​បញ្ហា​ផ្ទៃ​ក្នុង»។​

យ៉ាងណា​ក៏​ដោយ ​លោក​ទេព​ នី​ថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​បញ្ជាក់​ជា​ញឹកញាប់​ថ្មីៗ​នេះ​ថា​ ពុំ​មាន​ច្បាប់​ណា​អនុញ្ញាត្ត​ឲ្យ​មាន​វត្តមាន​អង្គការ​សហ​ប្រជាជាតិ​ ឬ​សង្គម​ស៊ីវិល​លូក​ដៃ​ចូល​ដោះស្រាយ​បញ្ហា​បោះ​ឆ្នោត​នេះ​ទេ។​
ក្នុង​ពេល​នេះ​មិន​មាន​ការ​ចរចា​ណា​មួយ​សម្រាប់​ទម្លាយ​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​ នេះ​បើ​ផ្អែក​តាម​ប្រភព​ពី​មន្ត្រី​គណបក្ស​ទាំង​ពីរ។​

​លោក​យឹ​ម​ សុវណ្ណ​បញ្ជាក់​ថា​ គណបក្ស​ទាំង​ពីរ​កំពុង​សម្លឹង​រក​លទ្ធភាព​ដោះ​ស្រាយ។
លោក​និយាយ​ថា៖​ «ម្នាក់​កំពុង​តែ​អង្គុយ​គិត​រិះរក​មធ្យោបាយ​ ឬ​យន្តការ​ណាមួយ​ដែល​អាច​នឹង​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​យុត្តិធម៌​បាន។ ​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​រង់ចាំ​បន្តិច»។​

ក្នុង​ពេល​ដែល​រង់ចាំ​ដំណោះស្រាយ​ភាព​ចម្រូង​ចម្រាស់​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​លោក​សម​ រ​ង្ស៊ីបាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ ដែល​លោក​អះអាង​ថា​ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​បាត់បង់​សំឡេង​ឆ្នោត។​

ប៉ុន្តែ​នៅ​ថ្ងៃនេះ​ លោក​ស​ ខេ​ង​ ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សរសេរ​លិខិត​ជូន​ទៅ​ដល់​លោក​សម​ រ​ង្ស៊ី​ថា​ លោក​សម​ រ​ង្ស៊ី​ត្រូវ​ទទួល​ខុស​ត្រូវ​ ប្រសិនបើ​ការ​ធ្វើ​បាតុកម្ម​នោះ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ បង្ករ​អសន្តិសុខ​ជាតិ​ ខូច​សណ្តាប់ធ្នាប់​សាធារណៈ ​និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ឯកជន​ជាដើម៕