លោក​សម រង្ស៊ី​ មក​រដ្ឋធានី​វ៉ាស៊ីនតោន​ជួប​មន្រ្តី​អាមេរិក​និង​អ្នក​គាំទ្រ

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)

លោក​សម រង្ស៊ី​ ក៏​មាន​គម្រោង​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បាន​សាកសួរ​ពាក់​ព័ន្ធ​នឹង​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នឹង​ធ្វើ​ដំណើរ​មក​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​មន្ត្រី​សហរដ្ឋ​អាមេរិក​ពី​ការ​វិវត្តន៍​នយោបាយ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស។​

លោក​សម រង្ស៊ី​ ក៏​មាន​គម្រោង​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បាន​សាកសួរ​ពាក់​ព័ន្ធ​នឹង​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​ពាក់​ព័ន្ធ​នឹង​សម្ព័ន្ធ​ភាព​រវាង​លោក​សម រង្ស៊ី ​និង​លោក​កឹម​ សុខា​អនុប្រធាន​គណបក្ស​ បន្ទាប់​ពី​លោក​កឹម សុខា ​ទទួល​បាន​ព្រះរាជទាន​ទោស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​មិន​សហការ​ជាមួយ​នឹង​តុលាការ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ គីវ ខេន​ អ្នក​រៀបចំ​កម្មវិធី​ជួបជុំ​នេះ។​

ព្រះរាជទាន​ទោស​តាម​ការ​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នាំ​ឱ្យ​មាន​ការ​សង្ស័យ​ពី​ទំនាស់​ផ្ទៃក្នុង​នៅក្នុង​គណបក្ស​ប្រឆាំង​ ហើយ​អាច​នឹង​មាន​ការ​ព្រមព្រៀង​សម្ងាត់​ណា​មួយ​រវាង​គណបក្ស​ធំៗ​ទាំងពីរ​នេះ ​ជាពិសេស​លើ​បញ្ហា​ប្រើប្រាស់​ផែនទី​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម។

ការជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​គាំទ្រ ​នឹង​ធ្វើឡើង​យប់​ថ្ងៃ​ពុធ​ នៅ​ភោជនីយដ្ឋាន​ New Fortune ​ក្នុង​រដ្ឋ​ម៉ារីឡែន៕