សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងពាក់ព័ន្ធនឹងករណីសមគំនិតក្លែងឯកសារសាធារណៈរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអ្នកកាន់ទំព័រហ្វេសប៊ុក (Facebook) របស់លោក២នាក់ទៀត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងជំនួយការ២នាក់ទៀតឈ្មោះ អ៊ឹង ជុងលាង ហៅម៉ាប់ និងឈ្មោះ សម្បត្តិ សត្យា ឬសត្យាសម្បត្តិ ត្រូវព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសមគំនិត និងក្លែងឯកសារសារធារណៈ។
ករណីនេះជាសំណុំរឿងដែលត្រូវបំបែកចេញពីសំណុំរឿងរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សជំទាស់ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទក្លែងឯកសារសាធារណៈកាលពីខែសីហា ឆ្នាំ២០១៥ ក្រោយពេលលោកបង្ហោះវីដេអូដែល លោកធ្វើការអត្ថាធិប្បាយ លើឯកសារមួយស្ដីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៧៩។ វីដេអូនោះត្រូវបានគេបង្ហោះ នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាជាឯកសារក្លែងក្លាយ។
នៅព្រឹកថ្ងៃសុក្រនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងលើករណីលោក សម រង្ស៊ី និងជំនួយការ២នាក់ ដោយពុំមានវត្តមាន ចុងចោទទាំង៣រូប ដោយពួកកំពុងស្ថិតនៅក្រៅប្រទេស។
ក្រៅពីអានចម្លើយសារភាពពីមុនៗរបស់លោក ហុង សុខហួរ ចៅក្រម និងមេធាវីបានធ្វើការសាកសួរលោក ហុង សុខហួរ ដែលជាសាក្សីតែម្នាក់គត់នៅក្នុងសវនាការ។ លោក ហុង សុខហួរ ត្រូវបានសួរសំណួរពាក់ព័ន្ធនឹងមូលហេតុដែលលោកបង្ហោះវីដេអូស្ដីពីឯកសារសន្ធិសញ្ញាព្រំដែននោះ ដំណើរការនៃការយកឯកសារនោះទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ក៏ដូចជាអ្នកពាក់ព័ន្ធនឹងការបង្ហោះនេះ។
ក្រោយពីការសួរដេញដោលរយៈពេលជិត២ម៉ោង ភាគីតំណាងអយ្យការលោក សៀង សុខ បានស្នើឱ្យតុលាការរក្សាការចោទប្រកាន់អ្នកទាំង៣ពីបទសមគំនិតដោយលោកអះអាងថា មុនពេលបង្ហោះវីដេអូ មានការកាត់តជាមុន ដោយលោកថាមានជាប់ពាក់ព័ន្ធជាមួយចុងចោទទាំង៣។
ចំណែកមេធាវី២រូបដែលតំណាងឱ្យលោក សម រង្ស៊ី និងជំនួយការទាំង២នាក់បានស្នើឱ្យតុលាការទម្លាក់បទចោទលើកូនក្ដីរបស់លោកដោយធ្វើការបញ្ជាក់ថាភស្តុតាង និងសាក្សី គឺពុំមានចំណុចណាដែលដាក់បន្ទុកលើកូនក្ដីរបស់ខ្លួនពីបទសមគំនិតនោះទេ។
បន្ទាប់ពីសេចក្ដីសន្និដ្ឋានរបស់តំណាងអយ្យការ និងមេធាវី លោក លាង សំណាត់ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសបិទសវនាការ ដោយប្រកាសថា សាលក្រមនៃសំណុំរឿងនេះនឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក។
លោក សំ សុគង់ មេធាវីតំណាងឱ្យលោក សម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានក្រោយពីសវនាការថា យោងតាមភស្តុតាង និងសាក្សីដែលមាននៅក្នុងសវនាការ កូនក្ដីរបស់លោកគឺ លោក សម រង្ស៊ី មិនមានជាប់ពាក់ព័ន្ធនឹងការសមគំនិតនោះទេ។ ទោះយ៉ាងណា លោកថា លោកពុំមានសង្ឃឹមថា សាលក្រមនៅចុងខែធ្នូនោះនឹងផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់លោកនោះទេ។
លោកមានប្រសាសន៍ថា៖ «ជាបទពិសោធ រឿងរបស់ឯកឧត្ដម សម រង្ស៊ី ជាច្រើននៅតុលាការនេះគឺភាគច្រើនកម្របានយុត្តិធម៌ណាស់ ភាគច្រើនមានការផ្ដន្ទាទោស ឬកាត់ទៅឱ្យមានទោស ទោះបីជាពេលខ្លះយើងប្រឹងប្រែង ខាងក្រុមមេធាវីការពារប្រឹងប្រែងក្នុងការបង្ហាញភស្តុតាងដោះបន្ទុក ឬមានភស្តុតាងដោះបន្ទុកក៏ដោយ ក៏នៅតែមិនទទួលបានជោគជ័យ ឬក៏មិនលទ្ធផលដូចការរំពឹងទុករបស់មេធាវីទេ»។
លោក សំ សុគង់ លើកឡើងផងដែរថា ក្នុងសវនាការនាថ្ងៃនេះ ក្រុមប្រឹក្សាជំនុំជម្រះបានសួរសាក្សីគឺដូចជាការសួរជនជាប់ចោទទៅវិញ ដោយសារតែចៅក្រមសួរពីអង្គហេតុ ឬមូលហេតុនៃការប្រព្រឹត្តបទល្មើស ច្រើនជាងសំណួរពាក់ព័ន្ធនឹងបទសមគំនិត។
កាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយលោកចាត់ទុករឿងនេះថាជារឿងនយោបាយ។ លោកហៅតុលាការថាជា «តុលាការអាយ៉ង» ដោយចាំតែធ្វើការចោទប្រកាន់តាមបញ្ជាអ្នកដឹកនាំនយោបាយដែលចង់កម្ចាត់គូប្រកួតរបស់ខ្លួនប៉ុណ្ណោះ។
លោក សម រង្ស៊ី សរសេរបន្តថា ឯកសារដែលលោក ហុង សុខហួរ បានបង្ហោះនោះត្រូវបានចែកចាយនៅលើអ៊ីនធឺណិតយូរយារមកហើយ។ លោកសរសេរបន្តក្នុងន័យដើមដូចនេះថា៖ «តើហេតុអ្វីបានជាតុលាការអាយ៉ង និងអ្នកដឹកនាំនយោបាយនៅប្រទេសកម្ពុជាសព្វថ្ងៃ មិនទៅរករឿងអង្គការ និងក្រុមផ្សេងៗ នៅក្រៅប្រទេស ដែលគេបានបង្ហោះទូទាំងពិភពលោក តាំងពីយូរយារណាស់មកហើយ នូវឯកសារដែលលោក ហុង សុខហួរ ទើបតែបានយកមកបង្ហោះ តាមក្រោយគេនេះ»។
លោក សម រង្ស៊ី អះអាងទៀតថា នៅថ្ងៃទី១១ ខែសីហា ២០១៥ ពេលដែលលោក ហុង សុខហួរ បង្ហោះឯកសារពាកព័ន្ធនឹងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមនោះ លោកកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិករហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំដដែលទើបលោកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនបានពាក់ព័ន្ធអ្វីនៅក្នុងការបង្ហោះឯកសារនេះនោះទេ។
លោក លី សុផាន់ណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់ VOA តាមបណ្ដាញសង្គម Whatsapp នាល្ងាចថ្ងៃសុក្រនេះថា តុលាការជំនុំជម្រះដោយពិនិត្យទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដើម្បីមានមូលដ្ឋានចេញសាលក្រម។ លោកបន្តថា មេធាវីការពារជនជាប់ចោទ ឬជនជាប់ចោទខ្លួនឯងដែលត្រូវបានសម្រេចផ្ដន្ទាទោសតែងតែនិយាយថាមិនយុត្តិធម៌សម្រាប់ខ្លួនជានិច្ចនៅពេលតុលាការសម្រេចដាក់ទោស។
លោកសរសេរបន្តក្នុងន័យដើមដូចនេះថា៖ «ជនជាប់ចោទមានសិទ្ធិប្ដឹងនឹងសេចក្ដី សម្រេចរបស់តុលាការតាមនីតិវិធី ហើយត្រូវជៀសវាងនូវការបកស្រាយឬអត្ថាធិប្បាយណាមួយដែលបានដាក់សម្ពាធលើសេចក្ដីសម្រេចរបស់តុលាការដែលបញ្ញត្តិថាជាបទល្មើសព្រហ្មទណ្ឌ»។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ចាត់ទុករឿងក្ដីប្រឆាំងលោក សម រង្ស៊ី និងជំនួយការរបស់លោកនេះថាជារឿងនយោបាយ ហើយតុលាការនឹងមិនអាចផ្ដល់យុត្តិធម៌ដល់អ្នកទាំងនោះបានទេ។ ទោះយ៉ាងណា លោកថាស្ថានភាពនយោបាយនាពេលនេះមានភាពប្រសើរឡើង បន្ទាប់ពីមានការលើកលែងទោសលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំង។
លោកមានប្រសាសន៍ថា៖ «ប្រសិនជាអ្នកនយោបាយឬក៏គណបក្សនយោបាយហ្នឹងគាត់ត្រូវរ៉ូវគ្នាផ្នែកនយោបាយ អ៊ីចឹងអ្នកទាំងអស់ហ្នឹង ទោះបីជាមានការកាត់[ទោស]ដោយតុលាការក៏ដោយ តាមវិធីណាក៏ដោយនឹងអាចឈានទៅដល់ការលើកលែងទោសជាបន្តបន្ទាប់បាទ»។
លោក អំ សំអាត បន្តថា លោកស្វាគមន៍ការណ៍ដែលអ្នកនយោបាយងាកទៅរកការចរចាគ្នាដែលឈានដល់ការដោះលែងអ្នកជាប់ពន្ធនាគារមួយចំនួន។ ទោះយ៉ាងណា លោកអំពាវនាវឱ្យអ្នកនយោបាយទាំងអស់បញ្ឈប់ការយកសកម្មជនសិទ្ធិមនុស្ស គណបក្សនយោបាយ សកម្មជនដីធ្លី និងតុលាការធ្វើជាឧបករណ៍នយោបាយ៕