គណបក្ស​ប្រឆាំង​បដិសេធ​លទ្ធផល​បឋម​នៃ​ការ​នោះ​ឆ្នោត

sam rainsy denies preliminary election in a press conference, 130729

លទ្ធផល​ជា​បណ្តោះ​អាសន្ន​នៃការបោះឆ្នោតបាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​បាន​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​នោះ​ នៅ​តែ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​៥នេះ។​

តែគណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ច័ន្ទនេះ ​បាន​ប្រកាស​ទាត់​ចោល​ មិន​ទទួល​យក​លទ្ធផល​នេះ​ទេ។​ ការ​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​នេះ​ធ្វើឡើង​ដោយ​សំអាង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ​និង​បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ជាបន្ទាន់​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ធ្វើ​របាយ​ការណ៍​ចុង​ក្រោយ​អំពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ​មិន​ឲ្យ​ហួស​ថ្ងៃទី​៣១​ខែ​សីហា​នេះ។​

គណៈកម្មការ​ចម្រុះ​អាច​មាន​សមាស​ភាព​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ប្រជាជន​ គ.ជ.ប​. តំណាង​អង្គការ​សហ​ប្រជាជាតិ​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​នៅ​ក្នុង​អង្គ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លទ្ធផល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​យក​បាន​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គឺលទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​យើង​ឭ​មក​ទល់​នឹង​ពេល​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​ទទួល​យក​ទេ​ មិន​អាច​ទទួល​យក​បានទេ​ ពីព្រោះ​មាន​ភាព​ស្រពិច​ស្រពិល​ មាន​ភាព ​មាន​ការ​សង្ស័យ​ ច្រើន​ថា​ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទះ​ប្រជា​រាស្ត្រ​ខ្មែរ ​ហើយ​បំភ្លៃ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ឆន្ទៈ​ប្រជា​រាស្ត្រ​ខ្មែរ»។​

យោង​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ជា​បណ្តោះ​អាសន្នបាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ជិត​ផុត​អាណត្តិ​គឺ​លោក​ហ៊ុន សែន​បាន​ទទួល​៦៨​អាសនៈ​ ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។ ក៏ប៉ុន្តែ​បើ​តាម​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ Comfrel ​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៧​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៦​អាសនៈ។​

លោក​សម រង្ស៊ី​បាន​និយាយ​ថា​ មាន​ឈ្មោះ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១​លាន​២សែន​នាក់​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ និង​មាន​ឈ្មោះ​ស្ទួន​ជាង​ពីរ​សែន​នាក់​ ព្រម​ទាំង​ឈ្មោះ​ខ្មោច​មួយ​ចំនួន​មិន​ត្រូវ​បាន​លុប​ចោល​ចេញ​ពី​បញ្ជី​ ហើយ​និង​ការ​បិទទ្វារ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​ចេញទម្រង់​១០-១៨​ខុស​ប្រក្រតី។ លោក​បាន​បញ្ជាក់​ថា ​ភាព​មិន​ប្រក្រតី​ទាំង​នេះ​បាន​ធ្វើ​ឲ្យគណបក្ស​ប្រឆាំង​បាត់​សំឡេង​និង​បាន​កើន​សំឡេង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​បាន​បញ្ជាក់​ថា៖​ «វិធាន​ការ​ជាក់​ស្តែង​ត្រូវ​តែ​បញ្ចូល​ឈ្មោះ​ បញ្ចូល​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ទៅ​ចាំគិត​ពី​រឿង​ត្រូវ​បោះឆ្នោត​ឡើង​វិញ ​បោះ​ឆ្នោត​នៅ​ខេត្ត​ណា​ខ្លះ​ ដែល​មាន​អ្នក​បាត់​ឈ្មោះ​ច្រើន។​ បើ​បាត់​ឈ្មោះ​ទូទាំង​ប្រទេស​និង​ត្រូវ​បោះឆ្នោត​ទូទាំង​ប្រទេស​ដែរ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​លោក​ទេព​ នីថា​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំបោះ​ឆ្នោត​ តែ​មិន​អាច​ទាក់ទង​បានទេ។ ​ក៏ប៉ុន្តែ​លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ច្រាន​ចោលការ​លើក​ឡើង​របស់​គណបក្ស​ប្រឆាំង។​

លោក​ផៃ ស៊ីផាន​និយាយថា៖ ​«ការបដិសេធ​លទ្ធផល​នៃការ​បោះឆ្នោត​គ្រាន់​តែ​ជា​ល្បែង​មួយ​នៃ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់។ ដោយឡែក​ការ​សម្តែង​មតិ​របស់​មហាជន​ដែល​លោក​ខំ​ប្រឹង​ប្រែង​តស៊ូ​ទាំង​យុទ្ធនាការ​ និង​ការ​ចេញ​ទៅ​បោះឆ្នោត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ឯង»។​

មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​សេចក្តី​ថ្លែង​ការណ៍​ពី​បណ្តា​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ សហគម​អឺរ៉ុប​ ជា​ពិសេស​បណ្តា​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ ដូច​ជាប្រទេស​ចិន​ សហ​រដ្ឋ​អាមេរិក​ បារាំង​និង​ប្រទេស​អង់គ្លេស​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នៅ​ឡើយ​ទេ៕