មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានបដិសេធនៅលើទំព័រ Facebook របស់លោកថា លោកមិនបានស្នើសុំឲ្យសភាអឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់ពីកម្ពុជាទេ ដោយលោកស្តីបន្ទោសថា រដ្ឋាភិបាលកម្ពុជាកំពុងកុហក់ពលរដ្ឋ និងកម្មករ។
ការបដិសេធរបស់លោក សម រង្ស៊ី កើតក្រោយពេលដែលមានប្រតិកម្មយ៉ាងខ្លាំងពីសហជីពកម្មករ និងកម្មករ ដែលខ្លះបានអះអាងថា នឹងរំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើអឺរ៉ុប បិទទីផ្សារសម្រាប់ផលិតផលសម្លៀកបំពាក់ពីកម្ពុជាមែននោះ។ តែលោក សម រង្ស៊ី បានថ្លែងបំភ្លឺថា ការអះអាងទាំងឡាយនោះ គឺជាការមួលបង្កាច់រូបលោក ដោយលោកបានបញ្ជាក់បន្ថែមថា អ្វីដែលលោកបានប្រាប់ក្រុមសមាជិកសភាអឺរ៉ុបកាលពីសប្តាហ៍មុននោះគឺថា៖
«បើអស់លោកអ្នកតំណាងរាស្ត្រសភាអឺរ៉ុបធ្វើឲ្យអាជ្ញាធរប្រទេសកម្ពុជាយល់ថា ទីផ្សារសម្លៀកបំពាក់នេះមិនមែនបើកចំហជានិច្ចកាល ដោយគ្មានលក្ខខណ្ឌទេនោះ នោះពួកគេទាំងនោះអាចចាប់ផ្តើមគិតគូរពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
(ចុចមើលវីដែអូដែលលោក សម រង្ស៊ី និយាយជាភាសាបារាំងអំពីគោលជំហររបស់លោកទាក់ទងនឹងតួនាទីរបស់សភាអ៊ឺរ៉ុបក្នុងការពង្រឹងសិទ្ធិកម្មករ)
លោកថ្លែងថា លោកមិនបានអំពាវនាវទាល់តែសោះ ឲ្យសហគមន៍អឺរ៉ុបបិទទីផ្សាររបស់គេតែម្តងនោះ។ នេះបង្ហាញថា រដ្ឋាភិបាលកំពុងតែឃោសនាយ៉ាងអកុសល ដោយបកប្រែពាក្យ សម្តីរបស់លោកពីភាសាបារាំងមកភាសាខ្មែរខុសស្រឡះទាំងស្រុង។ លោកបានដាក់បង្ហោះ ខ្សែអាត់វីដេអូលើគេហទំព័រលោកផងដែរ។
លោកបន្តថា អ្វីដែលលោកបានលើកឡើងនោះគឺមិនខុសពីអ្វីដែលសហជីពធំៗនៅប្រទេសកម្ពុជាទេ ដោយបានស្នើឲ្យក្រុមហ៊ុនអន្តរជាតិធំៗ ដែលជាអ្នកបញ្ជាទិញ និងជាក្រុមហ៊ុនបរទេសទាំងនោះ គិតគូរអំពីលក្ខខណ្ឌការងារដ៏លំបាកវេទនារបស់កម្មករខ្មែរនៅប្រទេសកម្ពុជា ហើយដាក់សម្ពាធឲ្យថៅកែរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា ដំឡើងប្រាក់ខែ និងកែលំអលក្ខខណ្ឌការងារសម្រាប់ដល់កម្មករខ្មែរនោះទេ។ គេពុំទាន់ឃើញមានប្រតិកម្មពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ ទាក់ទងនឹងការចោទប្រកាន់ និងការបកស្រាយរបស់លោក សម រង្ស៊ី នេះទេ៕