លោក​ សម រង្ស៊ី​ អំពាវនាវ​ឱ្យ​មាន​ការ​ផ្តល់​ឱកាស​ស្មើ​គ្នា​ដល់​យុវជន​ដើម្បី​កាន់​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី

រូបឯកសារ៖ លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សភា​អឺរ៉ុប​ក្នុង​ប្រទេស​ប៊ែលហ្សិក​ កាល​ពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP Photo/Virginia Mayo)

មេ​ដឹក​នាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី​ បាន​បន្ត​វាយ​ប្រហារ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ពាក់​ព័ន្ធ​នឹងការ​ផ្ទេរអំណាច​ និង​ការ​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​កម្មសិទ្ធិ​ឯក​ជន​ ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ។

​លោក​ សម រង្ស៊ី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ ​ខណៈ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក​ និង​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ជាមួយ​នឹង​យុវជនខ្មែរមួយ​ចំនួន​ ដែល​ជាអ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ។

នៅ​ក្នុង​ការ​បង្ហោះសារ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​លោក សម រង្ស៊ី​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹក​ដី​កម្ពុជា​តែមួយ​គត់។ នេះ​មាន​ន័យ​ថា​ ក្រុមគ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​មិន​អាច​តាំង​ខ្លួន​ថា​ ជា​ម្ចាស់​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ សម រង្ស៊ី​ បាន​លើកឡើងកាលពី​ថ្ងៃទី​ ១៨​ ខែ​កញ្ញា​ ឆ្នាំ​ ២០២២​ ក្នុង​សម្តី​ដើម​ថា៖ «រំដោះប្រទេសកម្ពុជា​ពី​ត្រកូល ​ហ៊ុន សែន​ ដែល​បាន​ចាប់​យក​ប្រទេស​យើង​ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​របស់​ពួក​គេ»។

លោក​ សម រង្ស៊ី​ បាន​ថ្លែង​បន្ថែម​ថា​៖ «​បញ្ឈប់​ការ​មើល​ងាយ​ពី​សំណាក់​ត្រកូល​ហ៊ុន សែន មក​លើ​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​ ដោយ​ពួក​គេ​ចាត់​ទុក​ថា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ ១៦​ លាន​នាក់​ និង​ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​ ៤-៥ លាន ​គ្រួសារ មាន​តែគ្រួសារ ហ៊ុន សែន មួយ​គត់ ដែលអស្ចារ្យ​លើស​គេ​ឯង​ទាំងអស់។ ពួក​គេ​ចាត់​ទុក​យ៉ាង​ងងើល​ថា​ គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ មក​ពីគ្រួសារ​ខ្មែរ​ណា​មួយ​ ក្រៅ​ពី​គ្រួសារ ហ៊ុន សែន ទេ ដែល​អាច​មក​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​កំពូល​សម្រាប់ប្រទេស​យើង»។

លោក​ សម រង្ស៊ី​ បាន​ស្នើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ ដោយ​ស្មើ​ភាព​គ្នា​ ក្នុង​ជួរ​យុវជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន មក​ពី​គ្រួសារ​សាមញ្ញ រាប់​លាន​គ្រួសារ​ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ឬខ្សែ​ស្រឡាយ ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅប្រទេស ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ប្រទេស​ជំនាន់​ក្រោយ និង​មិន​អនុញ្ញាត​ដាច់​ខាត​ ឱ្យ​ឪពុក​ដែល​កំពុង​តែ​កាន់​អំណាច​ក្នុង​ដៃ​ លើក​បន្តុប​កូន​ខ្លួន​ឯង​ តាម​តែ​ចិត្ត​នោះ។

ទោះ​យ៉ាង​ណា​ក្តី កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​ ២០២២ ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រាប់​ក្រុមនិស្សិតក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​មួយក្នុង​ទីក្រុង​ភ្នំពេញថា កូនប្រុស​ច្បង​របស់​លោក​គឺ​លោក​ ហ៊ុន ម៉ាណែត ដែល​ជា​មេដឹកនាំ​យោធា​មួយ​រូបនោះ មិន​អាច​ឡើង​កាន់​អំណាច​ដោយ​គ្មាន​ការ​គាំទ្រពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ការ​បោះឆ្នោត​បាននោះទេ។

លោក​បាន​ថ្លែង​ក្នុង​គ្រា​នោះ​ថា​៖​ «ឥឡូវ​វា​នៅ​វិល​វល់​ អារឿង​ផ្ទេរ​អំណាច​តពូជ​តពង្ស​ទេ ខ្ញុំ​បាន​និយាយ​ហើយ​តើ​ខ្ញុំ​អត់​មាន​ត្រូវ​ការអប់​រំ​កូន​ខ្ញុំ​ឱ្យ​ធ្វើ​មេចោរ​ទេ។ ហើយ​សូម​សួរ​ទាំង​អស់​គ្នា​ អ្នក​ណា​មិន​ចង់​ឱ្យ​កូន​ខ្លួន​ឯង​ធ្វើ​ធំ។ មើល!​ ឆ្លើយមក!​ ប៉ុន្តែ​ការ​ធ្វើ​ធំ​នេះ​ មិនមែន​ចេះ​តែ​ចាប់​ដាក់​ទេ​ សុំ​ជម្រាប​ បើសិន​ជា​កូន​ខ្ញុំមិនគ្រប់​លក្ខខណ្ឌ​ ខ្ញុំ​មិន​អាច​ឱ្យប្រទេ​សនេះ​ ឬគណបក្ស​នេះ​ ជាពិសេស​ប្រទេស​នេះ​បំផ្លាញ​ដោយ​ដៃ​កូន​របស់​ខ្ញុំ​ទេ!​ អត់​ទេ!»៕