មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៊ី បានចូលរួមសម្តែង មរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះទាំងស្លាប់និងរបួសយ៉ាងតិច៤៣នាក់ ដោយការបាក់រលំ អគារ៧ ជាន់ក្នុងខេត្តព្រះសីហនុផងដែរ ដោយថែមទាំងបានវាយប្រហាររដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនយ៉ាងធ្ងន់ធ្ងរទៀតផង។
នៅក្នុងសារហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យលោក សម រង្ស៊ី បានអះអាងតាមខ្លឹមសារដើម ថា៖ «គ្រោះមហន្តរាយនេះ បណ្តាលមកពីអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំប្រទេសយើងសព្វថ្ងៃ។ នេះគ្រាន់តែជាសញ្ញាមួយ ដែលយើងទើបតែមើលឃើញ ទាំងអស់គ្នា តែមិនដឹងថាតើមានអគារបែបនេះប៉ុន្មានខ្នងទៀត ដែលកំពុងតែសាងសង់ដែរ ឬ ក៏ត្រូវ បានសាងសង់រួចហើយ ដោយមិនមានលិខិតអនុញាត ហើយដោយមិនបានទទួលការត្រួតពិនិត្យ អ្វីឡើយចំពោះស្តង់ដារបច្ចេកទេស និងសុវត្ថិភាព»។
អគារ ៧ជាន់ដែលសាងសង់ជិតរួចនោះ បានបាក់រលំកាលពីថ្ងៃសៅរ៍ ហើយបានសម្លាប់មនុស្ស យ៉ាងតិច១៩នាក់ និង របួស២៤នាក់ ដោយសារការសាងសង់ ដែលអាជ្ញាធរថាគ្មានច្បាប់។ ក្រុមអាជ្ញាធរនិយាយថាតួលេខនៃមនុស្សស្លាប់អាចនឹងកើនឡើង នៅពេលក្រុមជួយសង្គ្រោះកំពុងបន្តរុក រកក្នុងគំនរបាក់បែកជាច្រើនទៀតនោះ។
ក្រុងព្រះសីហនុ កំពុងរីកដុះដាលសំណង់ជាច្រើន ក្នុងរយ:ពេលពីរបីឆ្នាំចុងក្រោយនេះ ក្រោយមានកំណើនជនជាតិចិនយ៉ាងគំហុកមកក្នុងខេត្តមួយនេះ។ សំណង់ទាំងនេះមានដូចជាសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងស្នាក់សម្រាប់ជួល និងសំណង់ផ្សេងៗ៕