មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី បានបញ្ចេញសាររិះគន់មេដឹកនាំប្រទេសកម្ពុជា ចំពោះការចាយថវិកាច្រើនលើការសាងសង់ព្រលានយន្តហោះមួយ ដែលមានខ្នាតស្រដៀងគ្នានឹងព្រលានយន្តហោះនៅប្រទេសហ្វីលីពីន ដែលជាប្រទេសនៃសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN)។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ក្រោមគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (BRI)។ អាកាសយានដ្ឋានខ្នាតធំនេះត្រូវបានសាងសង់ក្នុងទម្រង់ផ្ទេរ ឬ ហៅថា BOT បានន័យថា ព្រលានយន្តហោះនេះនឹងត្រូវប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញនៅឆ្នាំ ២០៧៣ ក្រោយការគ្រប់គ្រងដោយក្រុមហ៊ុនចិនរយៈ ពេល ៥ ០ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាខេមបូចា (Camboja)។
យោងតាមការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី លើបណ្តាញសង្គមហ្វេសប៊ុក កម្ពុជានឹងមានបំណុលកាន់តែច្រើនឡើង នៅពេលដែលប្រទេសនេះបានចំណាយប្រាក់ដ៏ច្រើនលើការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ក្រោមហិរញ្ញប្បទានរបស់ចិន។
លោក សម រង្ស៊ី លើកឡើងថា៖ «នេះជាឧទាហរណ៍ជាក់ស្តែងមួយ នៅពេលដែលកម្ពុជាយើងមានមេដឹកនាំអសមត្ថភាព ដែលឃុបឃិតជាមួយក្រុមហ៊ុនចិន កុហកនិងបោកប្រាស់ប្រជាជនខ្មែរយើង។ ទីបំផុត យើងនៅសល់តែបំណុលវ័ណ្ឌក»។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានបន្ថែមថា ប្រទេសហ្វីលីពីនបានចំណាយទឹកប្រាក់ប្រមាណ ១៩៧ លានដុល្លារ ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិដោយខ្លួនឯង បើធៀបនឹងកម្ពុជាដែលចំណាយអស់ ៨៨០ លានដុល្លារសាងសង់ដោយក្រុមហ៊ុនចិន។
បើតាមលោក សម រង្ស៊ី កម្ពុជាចំណាយលើសជិត ៥ ដងនៃព្រលាននៅប្រទេសហ្វីលីពីនដែលធំជាងព្រលាននៅកម្ពុជា ហើយវាអាចទទួលអ្នកដំណើរបានច្រើនជាងព្រលាននៅកម្ពុជា។ លោកចោទប្រកាន់ថា មេដឹកនាំកម្ពុជាបាន «ឃុបឃិតជាមួយឧក្រិដ្ឋជនចិនបង្កើតអំពើពុករលួយ និងប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មបោកប្រាស់ប្រជាពលរដ្ឋខ្មែរ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានទេនៅថ្ងៃអង្គារនេះ។ ចំណែកលោក សម រង្ស៊ី មិនឆ្លើយសំណួររបស់សំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិច ឬអ៊ីមែល ពាក់ព័ន្ធនឹងភាពខុសគ្នានៃការចំណាយលុយលើការសាងសង់ព្រលានយន្តហោះនៅសៀមរាបរបស់កម្ពុជា និងនៅប្រទេសហ្វីលីពីន។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានដាក់ទូរស័ព្ទចុះនៅពេលអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិកព្យាយាមសួរលោកអំពីតម្លៃរបស់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ។ រីឯអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន បដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
នៅក្នុងការបញ្ចេញសាររិះគន់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការប្រើប្រាស់ថវិកាច្រើនដើម្បីសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប លោក សម រង្ស៊ី បានភ្ជាប់ជាមួយរូបភាពដែលបង្ហាញថា ហ្វីលីពីនប្រើប្រាស់ថវិកាតែ ១៩៧ លានដុល្លារ សម្រាប់សាងសង់ព្រលានយន្តហោះមួយលើផ្ទៃដី ២.៣៦៧ ហិកតា ដែលធំជាងទំហំដីសាងសង់ព្រលានយន្តហោះនៅសៀមរាប។ ព្រលានយន្តហោះនៅសៀមរាបប្រើប្រាស់ដីតែ ៧០០ ហិកតាប៉ុណ្ណោះ ប៉ុន្តែថ្លៃជាងអាកាសយានដ្ឋាន Clark របស់ហ្វីលីពីន ដែលអាចទទួលបានអ្នកដំណើរចំនួន ១២ លាននាក់ក្នុងមួយឆ្នាំ ខ្ពស់ជាងព្រលានយន្តហោះនៅសៀមរាបដែលទទួលអ្នកដំណើរបានតែ ៧ លាននាក់ក្នុងមួយឆ្នាំ។
យ៉ាងណាក៏ដោយ ការចំណាយផ្លូវការលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺមានប្រមាណ ១ពាន់ ១រយលានដុល្លារអាមេរិក ហើយអាកាសយានដ្ឋាននេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។
បើតាមសេចក្តីរាយការណ៍របស់ក្រសួងព័ត៌មាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរស្ថិតក្នុងលំដាប់ ៤E មានផ្លូវរត់ប្រវែង ៣.៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មានចំណតយន្តហោះចំនួន ៣៨ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក សូ សុកេន ធ្លាប់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាបានមកពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងប្រទេសចិន។
លោកថ្លែងថា៖ «និយាយជារួម គឺការខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការជាលក្ខណៈយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយនឹងប្រទេសសាធារណរដ្ឋប្រជាមានិតចិន ហើយដូចយើងដឹងអ៊ីចឹងថា ការងារនេះគឺចេញពីការសហការ កសាងនូវសហគមន៍រួមគ្នា ជោគវាសនារួម ហើយនៅក្នុងយុគសម័យថ្មី [...] ហើយអ្វីដែលយើងបានឃើញ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធកម្រិតធំនេះ វាបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្តែងទៅលើអ្វីដែលជាការខិតខំរបស់រាជរដ្ឋាភិបាល»។
លោកបានឱ្យដឹងទៀតថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះជាហេដ្ឋារចនាសម្ព័ន្ធមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការសហការខ្ពស់ពីប្រទេសចិន ហើយការសាងសង់ព្រលាននេះទៀតសោត មានកម្រិតស្តង់ដារខ្ពស់ដែលអាចជួយជំរុញកំណើនក្នុងវិស័យទេសចរណ៍របស់កម្ពុជា៕