លោក​សម រង្ស៊ី​ជឿជាក់​លើ​គ.ជ.ប​ថ្មី​តែ​បន្ត​តាម​ដាន​ការងារ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ (សឹង សុផាត/VOA)

លោក​ សម រង្ស៊ី​ កំពុង​ធ្វើ​ដំណើរ​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី​ មើល​ឃើញ​ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប) ​ថ្មី​ធ្វើ​ការគួរ​ឱ្យ​ទុកចិត្ត​បាន ​ហើយ​លោកជឿជាក់​ថា​ ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នឹង​ល្អ​ប្រសើរ។​

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​ពិសេស​កាល​ពី​ថ្ងៃពុធ​ថា លទ្ធផល​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នឹង​មិន​ត្រូវ​មាន​ការ​តវ៉ា​ទៀត​អ្វីទេ។

លោក​សម រង្ស៊ី​បាន​បន្ថែម​ថា៖

«នៅ​ប្រទេស​កម្ពុជា​យើង​អ្វី​ដែល​ជា​សមិទ្ធផល​ដ៏​ល្អ ​គឺ​ឥឡូវ​នេះ​មាន​ការ​រៀបចំ​គណៈកម្មការ​រៀបចំ​ ការ​បោះឆ្នោត​ថ្មី​មួយ។ អីចឹង​មិន​ត្រូវ​មាន​ការ​តវ៉ា​អ្វី ​ទៀត​ទេ​ពីព្រោះ​គណបក្ស​ទាំង​អស់​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​ចូលរួម​មើល​ការ​ខុស​ត្រូវ​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ជឿ​ថា​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នឹង​ល្អ​ប្រសើរ‍»។​

លោក សម រង្ស៊ី បាន​បន្ថែម​ថា​បើ​ទោះ​បី​ជា​គណបក្សរបស់​លោក​ធ្លាប់​សម្តែង​ការ​ខក​ចិត្ត​លើ​ការ​ជ្រើស​រើស​លោក​ ទេព នីថា​ ឱ្យ​បន្ត​តំណែង​ជា​អគ្គលេខាធិការ​គ.ជ.ប​ដដែល​ប៉ុន្តែ​របៀប​ធ្វើ​ការ​របស់​ស្ថាប័ន​បោះឆ្នោត​ថ្មី​នេះ​ខុស​ពី​មុន​ហើយរបៀប​សម្រេច​ចិត្ត​ខុស​ពីមុន​ដែល​មាន​លក្ខណៈ​បក្ស​ពួកនិយម។

«លោក ​ទេព នីថា ​មុន​និង​លោក​ ទេព​ នីថា ​ក្រោយ​ខុស​គ្នា​ពីព្រោះ​ ធ្វើ​ការ​ក្នុង​បរិបទ​ ក្នុង​ក្របខណ្ឌ​ របៀប​ធ្វើការ​ របៀប​ធ្វើ​សេចក្តី​សម្រេច​ របៀប​ចាត់​ចែង​ខុស​គ្នា។ ពីមុន​បុគ្គល​ម្នាក់​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត។ គេ​បក្ស​គេ​តែ​មួយ​គេ​ឃុបឃិត​គ្នា​ទៅ​ធ្វើ​អ្វី ​បាន​តាម​ចិត្ត​ប៉ុន្តែ​ឥឡូវ​អត់​ទេ។ មាន​របៀប​មាន​វិន័យ​មាន​យន្តការ​ឃ្លាំមើល​តាម​ដាន​គ្នា​ទៅវិញ​ទៅមក​។ អីចឹង​ហើយ​ទាល់​តែ ​រៀបចំ ​បាន​ល្អ​ដូច​យើង​បាន​ធ្វើ​ទើប​យើង​មាន​ជំនឿ‍»។

ទស្សនា​កម្មវិធី​នេះ​ទាំង​ស្រុង​តាម​ Facebook៖

យ៉ាងណា​ក៏ដោយ​លោក​បន្ថែម​ថា​ លោក​ស្នើ​សុំ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​បន្ត​តាម​ដាន​ការងារ​របស់​ស្ថាប័ន​បោះឆ្នោត​នេះ។ ​

លោក​ សម រង្ស៊ី​ កំពុង​ធ្វើ​ដំណើរ​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា។ លោក​បាន​ជំរុញ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ការ​ទាមទារ​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ដោយ​លោក​បញ្ជាក់​ថា​ច្បាប់​បោះឆ្នោត​គួរ​តែ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឱ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​ហើយ​គណបក្ស​របស់​លោក​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើការ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ។

ក្រៅ​ពី​លោក សម រង្ស៊ី ​មាន​មន្ត្រី​គណបក្ស​ជាច្រើន​បានចេញ​ដំណើរ​មក​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់​ដូចជា​នៅ​សហរដ្ឋ​អាមេរិក ​កាណាដា ​សហគមន៍​អឺរ៉ុប​និង​អូស្ត្រាលី​ជាដើម​ដើម្បី​ជួប​អ្នក​គាំទ្រ។

លោក​ សម រង្ស៊ី ​បាន​ពន្យល់​ថា៖ ​

«យើង​ចង់​បង្ហាញ​ថា​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នក​ដែល​មាន​សមត្ថភាព​ច្រើន​ ចំនួន​ក៏​ច្រើន​ អ្នក​ដែល​មាន​សមត្ថភាព​ក៏​ច្រើន​យើង​ត្រូវ​តែ​ចែក​ការ​គ្នា​ធ្វើ។ ខ្លះ​ធ្វើ​ការ​នៅ ​ក្នុង​ប្រទេស​ខ្លះ​ទៅ ធ្វើ​ការ​ទៅ ​ជួប​បងប្អូន​នៅ ​ឯនាយ​សមុទ្រ​នៅ​ច្រើន​ប្រទេស​ច្រើន​ទ្វីប​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​នៅ​ច្រើន​ប្រទេស​ជា​មិត្ត​។ ការចែក​ការ​គ្នា​ធ្វើ​នេះ​គឺ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គណបក្ស​ទាំង​មូល‍»។​

លោក​សម រង្ស៊ី ​យល់​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ចន ឃែរី ​គឺ​មាន​ប្រយោជន៍ ​ហើយ​ស្រប​នឹង​ពេល​វេលា​កាលៈទេសៈ​ដែលត្រូវ​ឱ្យ​ខ្មែរទាំងអស់​នឹក​ឃើញ​និង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​ សម រង្ស៊ី ​បាន​បញ្ជាក់​ថា​កម្ពុជា​ត្រូវ​ការ​ទាំង​ជំនួយ​សម្រាប់​សិទ្ធិ​មនុស្ស​និង​អភិបាល​កិច្ច​ល្អនិង​ការ​ធ្វើពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ព្រោះ​កត្តា​ទាំងពីរ​នេះ​ដើរ​ទន្ទឹម​គ្នា។ ​

«សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​មហា​អំណាច​ដែល​ធានា​ឱ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ឱ្យ​បាន​ពេញលេញ​ គោរព​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​ធានា​ឱ្យ​មាន​អភិបាលកិច្ច​ល្អ។​ ហើយ​មាន​តែ​អភិបាល​កិច្ច​ល្អ​ហ្នឹង​ទេ​ដែល​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​រួចផុត​ពី​ភាព​ក្រីក្រ​ដែល​យើង​ទាំងអស់​គ្នា​ចង់​ឃើញ​ឱ្យ​មានការ​វិវត្ត​ន៍​បែប​ហ្នឹង។ ហើយ​លោក​ ចន​ ឃែរី ​គាត់​មក​ដល់​កម្ពុជា​គាត់​រំលឹក​គោលការណ៍​ទាំង​អស់​ហ្នឹង​ហើយ​ពេល​នេះ​ប្រទេស​កម្ពុជា​យើង​ក៏ ​ត្រូវការ​ជំនួយ​សហរដ្ឋ​អាមេរិក​ជំនួយ​ខាង​វិនិយោគ​ ជំនួយ​ខាង​ពាណិជ្ជកម្ម»។

លោក សម រង្ស៊ី​ បន្ថែម​ថា​កម្ពុជា​ជ្រើសរើស​យក​ការ​រាប់​អាន​មិត្ត​ភក្តិ​ច្រើន​ជាជាង​លម្អៀង​តែ​ទៅ​ខាង​ណា​មួយ៖

«យើង​ធ្វើ​អ្វី​ ក៏ ​ធ្វើ​ដែរ​ឱ្យ​តែ​ចំណេញ​ប្រទេស​ជាតិ។ យើង​មិន​ទៅ​លម្អៀង​ខាងណា​ខាងណា​ទេ​ឱ្យ​តែ​គេ​គោរព​អធិបតេយ្យ​ភាព​ជាតិ​យើង។ គេ​គោរព​ភាព​ថ្លៃថ្នូរ​របស់​យើង។ គោរព​ផលប្រយោជន៍​របស់​យើង​គឺ​យើង​សហការ​ជាមួយ​ប្រទេស​ជាមួយ​មហា​អំណាច​ទាំងអស់​ពីព្រោះ​បំណង​យើង​តែ ​មួយ​គត់​គឺ​ការពារ​ប្រទេស​កម្ពុជា​ឱ្យ​បាន​នៅ​គង់​វង្ស​ ហើយ​ជំរុញ​ឱ្យ​ប្រទេស​យើង​មានការ​រីកចម្រើន​ពិត​ប្រាកដ​ដើម្បី​លើក​តម្កើង​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ។ ដូច្នេះ​យើង​ត្រូវ​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ក៏​យើង​ត្រូវ​ការ​។ ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ក៏​យើង​ត្រូវ​ការ​។ ជាមួយ​មហាអំណាច​ណា​ដទៃ​ទៀត​ក៏​យើង​ត្រូវ​ការ‍»។

លោក​ សម រង្ស៊ី​ បាន​ជួប​ជាមួយ​នឹង​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​នៅ​ខាង​សភាជាតិ​ក្នុង​ដំណើរ​របស់​លោក​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ។​