លោក​សម រង្ស៊ី​ ទទួល​ស្បថ​ជាមួយ​លោក​ហ៊ុន សែន​ តែ​ថា​វា​មិន​អាច​បញ្ជាក់​ការណ៍ពិតទេ

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​សម រង្ស៊ី​ ប្រកាស​ថា​ លោក​នឹង​ស្បថ​ទាក់​ទង​នឹង​ការ​ចោទ​ថា ​មាន​ការ​លួច​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ឆ្នាំ​២០១៣។ ​ប៉ុន្តែ​លោក​អះអាង​ថា ​មាន​តែ​ការ​ធើ្វ​តាម​បច្ចេកទេស​ទើប​អាច​បញ្ជាក់​ការណ៍​ពិត​បាន។​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី​ ទទួលការ​បបួល​ទៅ​ស្បថ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទាក់ទង​ការ​ចោទ​ថា ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ឆ្នាំ​២០១៣។​

ការ​លើក​ឡើងរបស់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ចំពោះ​ការ​ស្បថ​នេះ​គឺ​ធ្វើ​ឡើង ​បន្ទាប់​ពី​រូប​លោក​បាន​ត្រឡប់​មក​ពី​ការ​ធ្វើ​ដំណើរ​នៅក្រៅ​ប្រទេស​អស់​រយៈពេល​មួយ​ខែ​កន្លង​ទៅ​នេះ។​

ថ្លែង​ចំពោះ​មុខ​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា ​ការ​ស្បថ​អាច​ធ្វើ​ឡើង​ពេល​ណា​ក៏​បាន​ តែ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ត្រូវ​ធ្វើ​ឡើង​តាម​បែប​វិទ្យា​សាស្រ្ត។​

«រឿង​ស្បថ​ជា​រឿង​មួយ​ ជា​រឿង​អបិយ​ជំនឿ​ ប៉ុន្តែ​យើង​ត្រូវ​ផ្តោត​អារម្មណ៍​ទៅ​លើ​បច្ចេកទេស​ វិទ្យាសាស្រ្ត​ បើ​ចង់​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​កន្លង​ទៅ​មាន​ភាព​សុក្រិត្យ​ ឬ​ក៏​យ៉ាង​ដូចម្តេច​គួរ​ណាស់​យើង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ទៅ។​ យើង​បើក​ហិប​ឆ្នោត​ យើង​បើក​បាវ​ដែល​យើង​ដាក់​សន្លឹក​ឆ្នោត​ យើង​រាប់​ឡើង​វិញ​ទៅ​តាម​បច្ចេកទេស​ច្បាស់​លាស់​ហ្នឹង ​យើង​ដឹង​ស​ខ្មៅ​ភ្លាម»។​

លោក​បន្ថែម​ថា៖ ​«រឿង​ស្បថ​មិន​អី​ទេ​ ចាំ​ពេល​ណា​ក៏បាន​ដែរ​ ប៉ុន្តែ​អ្វី​ដែល​ចាំ​បាច់​យើង​ត្រូវ​តែ​ធ្វើ​អ្វី​តាមបច្ចេកទេស​ច្បាស់​លាស់»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ចំនួន​៦៨ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥ក្នុង​សម័យ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​ដោយ​ចោទ​ថា​ លទ្ធផល​មាន​ការ​គៃបន្លំ ​ហើយ​បាន​តវ៉ា​ ដែល​នាំ​ឱ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ​នេះ​ បាន​បបួល​លោក​សម រង្ស៊ី​ រួមទាំង​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ស្បថ​នៅ​ឯ​ព្រះ​អង្គ​ដងកើ​ អំពី​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​លួច​សន្លឹក​ឆ្នោត។​

លោក​ថ្លែង​នៅ​ឯ​រដ្ឋ​សភា​កាល​ពី​ពេល​នោះ​ថា៖ ​«ខ្ញុំ​គិត​ថា​ មាន​តែ​វិធី​មួយ​គត់​ដែល​ដោះ​ស្រាយ​បាន​បញ្ហា​ គឺ​ស្បថ​តែម្តង​ ស្បថ​ឲ្យ​រន្ទះ​បាញ់​តែម្តង​បានៗ!​ ខ្ញុំ​ថា ​ចាំ​ឯក​ឧត្តម​ សម រង្ស៊ី​ មក​ ខ្ញុំ​បបួល​ធ្វើ​ពិធី​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើ។ ​ទីមួយ​អារឿង​លួច​សន្លឹក​ឆ្នោត​នេះ​ ត្រូវ​តែ​បបួល​គ្នា​ស្បថ​ បើ​អ្នក​ណា​មិន​ហ៊ាន​ស្បថ​គឺ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ប្រជាជាតិ​តែ​ម្តង»។​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​ យល់​ថា ​ការ​យក​ការ​ស្បថ​មក​លាយ​ឡំ​ក្នុង​នយោបាយ​គឺ​ជា​គ្រោះ​ថ្នាក់​មួយ​ដល់​ប្រទេស​ជាតិ។​

«ពាក្យ​លោក​ថា ​ការ​ស្បថ​គឺ​ជា​រឿង​ទាល់​ច្រក​របស់​មនុស្ស​ ហើយ​សម្រាប់​អ្នក​នយោបាយ​គឺ​ជា​រឿង​ទាល់​ច្រក​ផង​ ជារឿង​បោក​ប្រាស់​ផង។​ ខ្ញុំ​មើល​ទៅ​មិន​មាន​ប្រយោជន៍​អី​ទេ។​ ជាក់​ស្តែង ​យើង​ត្រូវ​ការ​ភស្តុតាង​ទាំង​សងខាង​ច្បាស់​លាស់​ ហើយ​ប្រជា​ពលរដ្ឋ​គួរ​តែ​តាមដាន​ខ្លឹម​សារ​ជាជាង​លើការ​ស្បថ​ហ្នឹង។​ បើ​សិន​ស្បថ​រួច​ខ្លួន​ ស្បថ​រួច​ខ្លួន​ ម្នាក់ៗ​ចេះ​តែ​ស្បថ​ហើយ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​តាម។​ ខ្ញុំ​មើល​ទៅ​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​ជាតិ​យើង។​ ជាក់​ស្តែង​បើ​សិន​ស័ក្តិសិទ្ធ​មែន​គឺ​អ្នក​នយោបាយ​ស្រុកខ្មែរ​ប្រហែល​ជា​អត់​មាន​នៅ​ច្រើន​ទេ​ដល់​ពេល​បច្ចុប្បន្ន​នេះ»។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ទើបតែ​ត្រឡប់​មក​ពី​ការ​ជួប​សន្ទនា​ជាមួយក្រុម​អ្នក​គាំទ្រ​នៃ​គណ​បក្ស​របស់​លោក​នៅ​សហ​រដ្ឋ​អាមេរិក​ ប្រទេស​បារាំង​ និង​កាន់ណាដា​ ក្នុង​ដំណើរ​ដែល​មាន​រយៈ​ពេល​មួយ​ខែ​នេះ៕