កសិករ​នៅ​តំបន់​ជាប់​មាត់​​សមុទ្រ​កម្ពុជា​រង​ផល​ប៉ះពាល់​ ដោយ​សារ​ទឹក​ប្រៃ​ជ្រៀត​ចូល​ស្រែ

លោក សន ទូច ជាកសិករក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារទឹកប្រៃតាមព្រែកសមុទ្រ ហូរចូលស្រែរបស់អ្នកស្រី។ (លាស់ លីបលីប/VOA Khmer)

«អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»៖ ភាគទី ១

រាយការណ៍ដោយ ស៊ុន ណារិន និង លាស់ លីបលីប

កំណត់​និពន្ធ៖ ក្នុងអំឡុងពេលជិតមួយទសវត្សរ៍កន្លងទៅនេះ ការប្រែប្រួលអាកាសធាតុបាននិងកំពុងផលប៉ះពាល់ជាច្រើន ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ និងប្រជានេសាទនៅកម្ពុជា ដែលភាគច្រើនពឹងផ្អែកលើកត្តាធម្មជាតិក្នុងការបង្កបង្កើតផលកសិកម្ម និងប្រមូលជលផលជាប្រចាំថ្ងៃ។
ជាក់ស្តែង ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ដៃ​សមុទ្រ​ក្នុង​ខេត្ត​ជាប់​មាត់សមុទ្រ​ កំពុង​រង​គ្រោះ​ដោយសារ​ទឹក​ប្រៃ​ជ្រៀត​ចូល​ស្រែ​របស់ពួកគេ​ ដែល​ជា​វិបត្តិ​អាកាសធាតុ​ នៅ​ពេល​កម្តៅ​ផែន​ដី​កើន​ឡើង ដែល​បណ្តាល​ឲ្យ​កម្ពស់ទឹក​សមុទ្រ​កើន​ឡើង​ជា​បន្តបន្ទាប់។ ប្រជាកសិករនៅតំបន់ទាំងនោះអះអាង​ថា ​ស្រែ​របស់​ពួកគេ​បាន​ខូច​ខាត​ជា​រៀងរាល់​ឆ្នាំ ហើយ​ជំនន់​ទឹក​ប្រៃកើន​ឡើង​កាន់តែខ្លាំង​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
សម្រាប់​ភាគទី ១​ នៃ​សេចក្តីរាយការណ៍​លម្អិត​ដែល​មាន​ចំណង​ជើង​ថា «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» អ្នក​រាយការណ៍​របស់​វីអូអេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ និងខេត្តកំពត ដែល​នៅ​ទី​នោះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់ដែលមិនអាចស្មានទុកមុននៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍនានា។

ស្រែរបស់កសិករក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានទឹកប្រៃហូរចូល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)


ភូមិជំពូខ្មៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ — ពីរបី​ឆ្នាំ​ជាប់គ្នា​ហើយ ដែល​អ្នកស្រី ង៉ែត ស្រី​ កសិករ​ធ្វើស្រែ​ម្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ ព្រួយ​បារម្ភ​អំពី​ការធ្វើ​ស្រែ​មិន​បាន​ផល ដោយសារ​ទឹក​សមុទ្រ​ជ្រៀត​ចូល​ដី​ស្រែ​របស់​អ្នកស្រី។

រស់​នៅ​ក្នុង​ភូមិ​ជំពូខ្មៅ ឃុំ​ទួលទទឹង ស្រុក​ព្រៃនប់ ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រៃ​កោងកាង កសិករ​អាយុ​ ៥៨ឆ្នាំ​រូបនេះ​ ឲ្យ​ដឹង​ថា ​ទឹក​សមុទ្រ​បាន​បំផ្លាញ​ស្រែ​របស់​អ្នកស្រី​កាន់​តែ​ធ្ងន់ធ្ងរ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កាល​ពីឆ្នាំ​ ២០២០ អ្នកស្រី​បាន​បាត់បង់ទិន្នផល​ស្រូវ​ស្ទើរទាំងស្រុង​ដោយសារ​ទឹក​ប្រៃ​លិច​ស្រែ​របស់​អ្នកស្រី​ ២ហិកតា​កន្លះ។

ក្នុង​បទ​សម្ភាសន៍ជាមួយ​វីអូអេ នៅ​ផ្ទះ​របស់​អ្នកស្រី​កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​ កសិករ​រូបនោះ​បាន​រៀបរាប់​ថា៖​«ស្រែ​ខ្ញុំ​លិចទឹក​ប្រៃ​ចូល​ខូច ២ហិកតា​កន្លះ​ ហើយ​អ្នក​ជិតៗ​ ខ្ញុំ​ហ្នឹង​ខូច​ដែរ ម្នាក់​ ២[ឬ] ៣ហិកតា»។

កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។​ កម្រិត​ទឹក​សមុទ្រ​ក៏​ត្រូវ​បាន​ព្យាករ​កើន​ឡើង ដោយសារ​ការ​ឡើង​កម្តៅ​ផែនដី ដែល​ជា​ក្តី​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​ដៃ​សមុទ្រ ហើយ​ជីវភាព​របស់​ពួកគេពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ និង​នេសាទ។

អ្នកស្រី​ ង៉ែត ស្រី ដែល​មាន​កូន​ ៦នាក់ បាន​ថ្លែង​ថា ​អ្នកស្រី​បន្ត​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​ស្រែ​ជា​រៀងរាល់ឆ្នាំ ដោយសារ​បញ្ហា​ទឹក​សមុទ្រ​ឡើង​នេះ។

អ្នកស្រី​បញ្ជាក់​ថា៖ «ហើយ​ឥឡូវ​ដឹង​ធ្វើ​ម៉េច!​ឲ្យ​[អាជ្ញាធរ​]ជួយ​ឲ្យ​ចាក់​ទំនប់​ចាក់អី​ឲ្យ​ កុំ​ឲ្យ​ទឹក​ប្រៃ​វា​ចូល​ទៀត​ហ្នឹង។​ឥឡូវ​ឆ្នាំ​នេះខ្លាច​ដែរ​ហ្នឹង​ណាខ្លាច​ឆ្នាំ​នេះ​ខូច​ទៀត​អ៊ីចឹង​ពី​ព្រោះ​អី​ខូច​ ២​ឆ្នាំ​រួច​មក​ហើយ ខ្ញុំ។ ប៉ុន្តែ​ឆ្នាំ​មុន [២០១៩]​ វា​មិន​សូវ​ខូច​ច្រើន​ដូច​ឆ្នាំ​ទៅ​ទេ​ណា។ ឆ្នាំ​ទៅ​ [គឺ]​ឆ្នាំ​២០២០ ហ្នឹង​ គឺ​ខូច​ខ្លាំង។ បើ​គិត​ថា​ ខ្ញុំ​ធ្វើ​បា​នផល​វា​១០​តោន​[ ទំហំ​ដី] ២​ហិក​តា​កន្លះ ឥឡូវ​ខូច ​បាន​ ២​តោន[ស្រូវ]ហ្នឹង។ ១០​តោន​ បាន​តែ ២​តោន​មិន​រួច​ខ្លួន [ថ្លៃ]ដើម​[និង] ពូជ[ស្រូវ]​យើង​ផង ហើយ​បាត់​ហើយ​ ៨​តោន​ហ្នឹង»។

អ្នកស្រី ង៉ែត ស្រី ជាកសិករក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារទឹកប្រៃតាមព្រែកសមុទ្រហូរចូលស្រែរបស់អ្នកស្រី។ (ស៊ុន ណារិន/VOA Khmer)

កសិកររូប​នោះ​បាន​ជួល​ដីស្រែ​របស់​គេ​ចំនួន​ ២ហិកតា​កន្លះ កាលពីឆ្នាំ ​២០១៩ និង​ឆ្នាំ ​២០២០ ដើម្បី​ធ្វើ​ស្រែ​បន្ថែម​ពី​លើ​ដីរបស់​អ្នកស្រី​ ២​ហិកតា​កន្លះដូចគ្នា។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ ២០២១ នេះ អ្នកស្រី​ឈប់​ជួល​ដី ដែល​មួយ​ហិកតា​ត្រូវ​ផ្តល់​ស្រូវ​ដល់​ម្ចាស់ដី​ចំនួន​ ១តោន ​ក្នុង​មួយ​ឆ្នាំ។ ក្រោយ​ពី​ទឹក​ប្រៃ​ជ្រៀត​ចូល​ដីស្រែ​នោះ​ត្រូវបាន​ម្ចាស់ដើម​លក់​ឲ្យ​គេ ហើយ​បច្ចុប្បន្ននេះ ដីស្រែ​នោះ​ត្រូវ​បាន​យក​មកប្រើប្រាស់​ដើម្បី​ចិញ្ចឹម​បង្គា​វិញ ដោយ​សារគុណភាព​ដីមិន​អាច​ធ្វើ​ស្រែ​បាន។

អ្នកស្រី ង៉ែត ស្រី ដែល​រស់នៅ​តំបន់​នោះ​ជាង ​២០ ​ឆ្នាំមក​ហើយ បញ្ជាក់​ថា​ អាកាសធាតុ​បាន​ប្រែប្រួល​ជា​បន្តបន្ទាប់ ជាពិសេស​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹក​ប្រៃ ដែល​ប៉ះពាល់​ស្រែ​របស់​អ្នកភូមិ​រស់​នៅ​ក្បែរ​ព្រែក​សមុទ្រ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «អាកាស​ធាតុ​ប្រែ​ប្រួលក្តៅ គឺ​ក្តៅ​ខ្លាំង​អ៊ីចឹងទៅ។ ជួន​ណា​ ភ្លៀង​ខុស​ធម្មតា​អ៊ីចឹង ​ហើយ​ទឹក​នៅ​ហ្នឹង​មិន​ដែលលិចទេ។ [ហើយ​កាល]ពី​ឆ្នាំ​ទៅ​លិច​ដល់​តែ ​៣​ដង​។ ហើយ​ឆ្នាំ​ហ្នឹង​គេ​អត់​បិទ​ហុង​ទេ​ [ទំនប់​មាត់​ទ្វារ​ទឹក] ប៉ុន្តែ​អត់​បាន​លិច​ទេ។ ពីឆ្នាំ​ទៅ ​គេ​បិទ​ហុង​លិច​ ៣​ដង​ នៅ​កន្លែង​ខ្ញុំ​ហ្នឹង។ ប៉ុន្តែ​ឆ្នាំ​នេះ​អត់​ទាន់​បា​ន​លិច​ទេ»។

រស់​នៅ​មិនឆ្ងាយប៉ុន្មាន លោក សន ទូច អាយុ​ ៦០ឆ្នាំ ដែល​ជា​អ្នក​ជិត​ខាង​របស់អ្នកស្រី​ ង៉ែត ស្រី ដែរ បាន​ឲ្យដឹង​ថា​ ស្រែ​របស់​លោក​ប្រមាណ ​៣ហិកតា ក៏​រង​គ្រោះ​ដោយសារ​ទឹក​ប្រៃ​ជ្រៀត​ចូល​ដូចគ្នា។

តាំងពីយូរ​លង់​មក​ហើយ បួនដប់​ម្ភៃឆ្នាំ​មុន គឺ​អត់​មាន​ដូច​សព្វថ្ងៃ​នេះ​ទេ។ សព្វថ្ងៃ​នេះ វា[កម្រិត​ទឹក​ប្រៃ]​អាច​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ។​ អ៊ីចឹង​អ្នក​ដែល​រស់​នៅ​ក្បែរ​តំបន់​ទឹក​ព្រែក​ទឹក​ហ្នឹង ប្រឈម​នឹង​អាច​លិច​លង់​ នៅ​ថ្ងៃអនាគត​ នៅ​ពេល​ណាមួយ»

កសិករ​ដែល​ជាអ្នកនេសាទ​ផង​ដែរ និង​មាន​កូន ៥​នាក់ អះអាង​ថា អាកាសធាតុប្រែ​ប្រួល​ខ្លាំង​ បើទោះ​ជា​លោក​មិនដឹង​ច្បាស់​ថា​ តើ​អ្វី​ទៅ​ជា​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​ក៏ដោយ។ លោក​បន្ថែម​ថា ​ជំនន់​ទឹក​ប្រៃ​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​តំបន់​របស់​លោក។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​នៅ​ទី​នេះ​ ៣០​ឆ្នាំ​ជាង ​វា​មិនដែល​លិច​ដល់​ថ្នាក់​ហ្នឹង។ វាលិចដែរ​ វា​លិច​ស្ទើរ តែ​ឆ្នាំ​ទៅ​ លិច​មែន​ទែន​ហ្មង​ ២​ឆ្នាំ​ហ្នឹង។ ទឹក​វា​ឡើង​ ទឹក​ធំ​មែន​ទែន​ហ្មង។ យើង​រាល់​ឆ្នាំ​ទឹក​ធម្មតា​ល្មម ដល់​ឆ្នាំ​ទៅ [​និង]​ឆ្នាំទៅមួយ ដល់​កហ្មង​ លិច​ក្បាល​ទំនប់​ហូរ​ប្រឡោះហ្នឹង ទឹក​ហូរ​ក្បាល​ទំនប់​មក​[ចូល​ស្រែ]»។

បើ​តាម​ផែនការ​យុទ្ធសាស្រ្ត​បម្រែ​បម្រួលអាកាសធាតុ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ​ ២០១៣ ឲ្យដឹង​ថា​ កម្ពស់ទឹក​សមុទ្រ​អាច​ឡើង​ដល់ ​០,៥៦ម៉ែត្រ​ នៅ​ត្រឹម​ឆ្នាំ​ ២០៩០ ក្នុង​សេណារីយ៉ូ​បម្រែ​បម្រួល​អាកាសធាតុ​កម្រិត​ខ្ពស់ ដែល​អាច​ជន់​លិច​ផ្ទៃដី​ប្រមាណ​ ២៥.០០០​ហិកតា និង​បង្កើន​ហានិភ័យ​ជួបគ្រោះ​ខ្យល់​ព្យុះ​ និង​ប៉ះពាល់​តំបន់​សមុទ្រ​និង​វិស័យ​ទេសចរណ៍។

របាយការណ៍​បន្ត​ថា​ កម្រិត​ទឹក​សមុទ្រ​កើន​ឡើង​នឹង​បង្ក​ការ​ខូច​ខាត​ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ដែល​ប៉ះពាល់​ដល់​តំបន់ប្រជុំជន និងធនធាន​ធម្មជាតិ។

ស្រែរបស់កសិករក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានទឹកប្រៃហូរចូល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

ស្រែអំបិលរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពត ខេត្តកំពត នៅមុនរដូវធ្វើស្រែអំបិលខិតជិតមកដល់ កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

បាតុភូតធម្មជាតិ ឬសកម្មភាពមនុស្ស?

នៅក្នុង​ខេត្ត​កំពត​ជាប់​ខេត្ត​ព្រះសីហនុ ប្រជាកសិករ​ក្នុង​ភូមិបឹង​តាព្រៀប សង្កាត់​ត្រើយ​កោះ ក្រុងកំពត ក៏​ជួប​វិបត្តិ​ទឹក​ប្រៃ​ជ្រៀត​ចូលស្រែ​របស់​ពួកគេ​ដូចគ្នា។

អ្នកស្រី ឌឺ ប៉ឺន អាយុ​ ៤០ឆ្នាំ ឲ្យដឹង​ថា​ ទឹក​ប្រៃបានជ្រៀត​ចូលស្រែ​របស់​អ្នកស្រី​ប្រមាណ​កន្លះ​ហិកតា កាល​ពីឆ្នាំ​មុន ហើយ​បំផ្លាញ​ស្រូវ​ដែល​ជិត​ប្រមូល​ផល។

អ្នកស្រី​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖ «ដីវា​ក្រហម​ងាប់អស់។ ដីវាច​ង្រៃ ជាតិ​ប្រៃ។ ងាប់ស្រែ​អស់បី[ប្លង់]។ វា​នៅ​ម្តុំគ្នា ហើយ​របស់​គេ​មួយ​គំនរ​ដែរ​ហ្នឹង បីបួន​ប្រាំ[ប្លង់] សុទ្ធ​តែ​ធំៗ ហើយ​ងាប់​ទាំងអស់ រួចអត់​បាន​ហូប​ទេ។ ឥឡូវឆ្នាំ​ហ្នឹង ក៏​មាន​ងាប់​ដែរ តែ​ងាប់​មួយ​ចំហៀង។ អាហ្នឹង​ដូចថា​ភ្លៀង​មក យើ​ងទប់​វា ហើយ​ដាក់​ទឹកសាប​ឲ្យ​វា​នៅ​ហ្នឹង កុំ​ឲ្យវា​ចេញ​ចូល​»។

អ្នកស្រី​បន្ថែម​ថា ប្រជាពលរដ្ឋ​មិនធ្វើ​ស្រែ​ទេ​នៅឆ្នាំ​នេះ ដោយសារ​ខ្លាច​ទឹក​ប្រៃ​ឡើង​មក​ទៀត ហើយ​បំផ្លាញស្រែ​របស់​ពួកគេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្លាច​បាក់​ទឹក​មក​ទៀត ខ្លាច​ទឹក​ប្រៃ​មកទៀត តែ​ចូល​មក​អត់បាន​ស៊ីទៀត​ហើយ។ ឥឡូវ វា​កំពុង​តែ​ល្អ តែ​ល្អ​បាន​តែ​មួយ​ចំហៀង ព្រោះ​អាមួយ​ចំហៀង​ទៀត វា​អត់​ដុះទេ ងាប់ វា​នៅ​ជាតិ​ប្រៃ»។

អ្នកស្រី​មិន​ដឹងមូលហេតុ​នៃ​ការ​ហូរទឹកប្រៃ​ចូលស្រែ​ទេ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា​ នេះ​ជា​បាតុភូតធម្មជាតិលើក​ទី ២ នៃ​ជីវិត​របស់អ្នកស្រី​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​តាំងពី​ក្មេង​មក។

ក្រៅពី​អាកាសធាតុ​ប្រែប្រួល អ្នកស្រី​ក៏​ត្អូញត្អែរ​ពីការ​អភិវឌ្ឍ​នៅ​លើ​តំបន់​ក្បែរ​ព្រែក​ដែល​ធ្វើ​ឲ្យ​ស្វាមី​របស់អ្នកស្រី​ដែល​ជា​អ្នកនេសាទ​ពិបាក​ធ្វើ​ដំណើរ​តាមទូក។

អ្នកស្រី​ថ្លែង​ថា៖ «​[អា​កាស​ធាតុ]ប្រែ​ខុស​ពីមុន​អត់​ដូច​ពី​មុន​ទេ។ បើ​ក្តៅ​ក៏​ក្តៅ​ខ្លាំង​ជាង​ពីមុន​ដែរ ហើយ​បើ​ភ្លៀង​តិច​ជាង​មុន ពី​ព្រោះឥឡូវ​វា​មិន​សូវ​មា​នដើម​ឈើ​ដូច​ពី​មុន​ហ្ហា ​ពី​មុន​ដើម​ឈើ​ធំៗ​ហ្ហា [តែ​] ឥឡូវ​គេ​អា[​កាប់​ដើម​ឈើ]​ចោល​អស់​ហើយ ​ដូចព្រៃ​មួយ​ជួរ​នា​មាត់​សមុទ្រ​ហ្នឹង​ហ្ហា សុទ្ធ​តែព្រៃ​ តែ​ឥឡូវ​អត់​មាន​ទេ។ [គេ]​ចាក់​ធ្វើ​កំផែង​ថ្ម កំផែង​អី​[តើ​] សល់​អី​វា​[គឺ]មិនដូច​ដើម​ឈើទេ​វា[កំផែងថ្ម] អត់​មាន​បាន​ទប់​ដូច​ដើម​ឈើ​ហ្ហា។ នា​មាត់​ព្រែក​អី ឥឡូវ​គេ​យក​អស់​ហើយ​ហ្នឹង​ដី​សមុទ្រ​អី​ហ្នឹង​យូរ​ៗឆ្លង​ទូកចង់​អត់[​បាន]»។

ទិដ្ឋភាពឆ្នេរសមុទ្រក្នុងក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី​ ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

ទូកនេសាទសំចតនៅសមុទ្រក្នុងខេត្តកំពត កាលពីកាលពីថ្ងៃទី​ ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

លោក ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន ប្រាប់វីអូអេ​កាលពី​ពេលថ្មីៗ​ថា​ ប្រទេស​កម្ពុជា​ងាយ​រង​គ្រោះ​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ដោយសារ​កត្តា​សេដ្ឋកិច្ច សមត្ថភាព​ឆ្លើយ​តប ហិរញ្ញវត្ថុ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋក្នុង​ការ​ត្រៀមខ្លួន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​អាកាសធាតុ នៅ​មាន​កម្រិត​នៅឡើយ។

លោក​បន្ថែម​ថា​ តំបន់​ឆ្នេរ​ក៏​ទទួល​រង​ពី​ផល​ប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​ធ្ងន់​ធ្ងរ​ផង​ដែរ ក្នុង​នោះ​មាន​ការជ្រៀត​ចូល​ទឹកប្រៃ ការ​កើន​ឡើង​នាវ៉ូ​ទឹក​សមុទ្រ ខ្យល់​ព្យុះ ទឹកជំនន់​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន ការ​ហូរ​ច្រោះ និង​ការ​បាក់​ដី​ជាដើម។

លោក ហាក់ ម៉ៅ កត់​សម្គាល់​ថា នាវ៉ូ​ទឹក​សមុទ្រ​នៅ​កម្ពុជា នឹង​អាច​កើនឡើង​ដល់​មួយម៉ែត្រ ឬពីរម៉ែត្រ​នៅ​ឆ្នាំ​ ២១០០ តាម​ការ​ព្យាករ​ ហើយ​វា​នឹង​អាច​ជន់លិចទីរួម​ខេត្ត​កោះកុង។

លោក​ថ្លែង​ថា៖ «យើងឃើញ​ថា​ខេត្ត​ព្រះសីហនុ​យើង​គឺ​កំពុងតែ​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ហ្នឹង​ធ្ងន់​ធ្ងរ​ជាង​គេ ប៉ុន្តែ​រយៈពេល​វែង ​ប្រសិន​បើ​នីវ៉ូ​កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង តាម​ការ​ព្យាករ យើង​ឃើញ​ថា​ ខេត្ត​កោះកុង ជា​ខេត្ត​ដែល​ងាយ​រង​លិច​ជាងគេ»។

​នៅ​ក្នុង​ខេត្ត​កោះកុង​វិញ អ្នកស្រី ហង្ស សុភា អាយុ ​៣៨ឆ្នាំ ជា​កសិករ​រស់​នៅ​ក្នុង​ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា ​រៀបរាប់ថា ​ការ​ធ្វើ​ស្រែរបស់​អ្នកស្រី ទទួល​ផល​មិន​ទៀង​ទាត់​ឡើយ ដោយសារ​តំបន់​ដែលអ្នកស្រី​ធ្វើ​ស្រែ​ទាប ដូច្នេះ​វា​ងាយទឹក​ប្រៃ​ហូរចូល។

អ្នកស្រី​ថ្លែ​ងថា៖ «គេ​ជីក​ប្រឡាយ​ឲ្យ ប៉ុន្តែ​ប្រឡាយ​ហ្នឹង ​វាបាក់​អ៊ីចឹង​វា​ខូច អ៊ីចឹង​ទឹក​ប្រៃ វា​ជ្រៀត​ចូល ហើយ​ណាមួយ​ភ្លឺ​យើង ស្រែ​យើង​ វា​អត់​សូវ​មាន​ភ្លឺ​ខ្ពស់​អ៊ីចឹង។ ដល់​ពេល​អ៊ីចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់ស្រូវ អ៊ីចឹង​យើង​ធ្វើ​អត់​សូវបាន​ផល​ទេ»។

ដោយសារ​អ្នកស្រី​មាន​ទម្ងន់​កូន​ក្នុង​ផ្ទៃ​ ៨ខែ អ្នកស្រី​មិន​បាន​ធ្វើ​ស្រែ​ទេ​ក្នុងឆ្នាំ ២០២១ នេះ ​ដែល​តម្រូវ​ឲ្យ​អ្នកស្រី​ត្រូវទិញ​អង្ករទុក​ជា​ស្បៀង​ជា​រៀងរាល់ខែ។ ប៉ុន្តែ​អ្នកស្រី​អះអាងថា ​ឆ្នាំក្រោយ អ្នកស្រី​នឹង​បន្ត​ធ្វើ​ស្រែ ព្រោះ​វា​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ជីវភាព​របស់​អ្នកស្រី បើទោះ​អ្នកស្រី​ត្រូវ​បារម្ភអំពី​បញ្ហាទឹក​ប្រៃ​ជ្រៀត​ចូលស្រែ​ក៏ដោយ។

អ្នកស្រី​បញ្ជាក់​ថា​ ការធ្វើ​ស្រែ​នៅ​ពេល​ខាង​មុខ​ទៀត គឺ​ដើម្បី​អាច​រក្សា​លុយ​សន្សំខ្លះ​ទុក​ឲ្យកូន​ពីរ​នាក់​របស់​អ្នកស្រី​ដែល​កូនស្រីកំពុង​រៀន​ថ្នាក់​ទី ១០ និង​កូនប្រុសរៀនថ្នាក់ទី ៧។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ត្រូវ​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា ត្រូវមាន​ចំណូល​ខ្លះ បើ​យើង​ចំណាយ​រហូត​អត់​កើត​ទេ។ អត់​មាន​អី​សល់ទេ យើង​អត់​មាន​អី​ផ្គត់​ផ្គង់​ទៅ​ថ្ងៃ​មុខ​ទៀត​អ៊ីចឹង។ គឺ​បាន​មក​តែ​មួយហូបៗ​អីអ៊ីចឹង។ ព្រោះ​អី​យើង​មាន​ដី​ស្រែ​យើង​ស្រាប់​យើង​ត្រូវ​តែ​ធ្វើ​។ កន្លះហិកតា ឬមួយ​ហិកតា​អី យើង​ត្រូវ​តែ​ធ្វើ»។

ចំណែក​អ្នកជិត​ខាង​របស់​អ្នកស្រី ហង្ស សុភា គឺ​លោក ហូ សុផល ដែល​ជាកសិករ​ម្នាក់ និង​ជា​គ្រូ​បង្រៀន​ថ្នាក់ទី ១ និង​ទី ២ រៀបរាប់​ថា ទឹក​ប្រៃ​មាន​កម្រិត​ខ្ពស់​ជារៀងរាល់​ឆ្នាំ ដែល​វា​អាច​លិច​ទំនប់​ដែល​ប្រជាពលរដ្ឋ​រៀបចំ​សម្រាប់​ស្រែ​របស់​ពួកគេ។

កសិករ​អាយុ​ ៥៨ ឆ្នាំ​រូបនោះ បន្ថែមថា​ ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព ពួកគេ​អាច​ទិញដី​មក​ចាក់​ឲ្យខ្ពស់​ដើម្បី​ទប់​ទឹកប្រៃ​ឡើង​ ប៉ុន្តែ​នៅ​ពេល​អនាគត លោក​បារម្ភ​ថា ​អ្នករស់នៅ​ក្បែរ​ព្រែក​សមុទ្រ​អាច​នឹង​លិច​លង់ ដោយសារ​កម្ពស់​ទឹក​សមុទ្រ​ឡើង​ខ្លាំង ដូចការ​ព្យាករ​របស់​ពិភព​លោក។

លោក ហូ សុផល ប្រាប់​វីអូអេ​ថា​៖ «តាំងពីយូរ​លង់​មក​ហើយ បួនដប់​ម្ភៃឆ្នាំ​មុន គឺ​អត់​មាន​ដូច​សព្វថ្ងៃ​នេះ​ទេ។ សព្វថ្ងៃ​នេះ វា[កម្រិត​ទឹក​ប្រៃ]​អាច​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ។​ អ៊ីចឹង​អ្នក​ដែល​រស់​នៅ​ក្បែរ​តំបន់​ទឹក​ព្រែក​ទឹក​ហ្នឹង ប្រឈម​នឹង​អាច​លិច​លង់​ នៅ​ថ្ងៃអនាគត​ នៅ​ពេល​ណាមួយ»៕


កំណត់​និពន្ធ៖ ភាគទី ២ ​នៃ​សេចក្តី​រាយការណ៍​លម្អិត «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» រៀបរាប់អំពីទុក្ខលំបាករបស់ប្រជានេសាទសមុទ្រ ខណៈអាកាសធាតុប្រែប្រួលខ្លាំង ស្របពេលការអភិវឌ្ឍសំណង់អគារធំៗបានកើតមានឡើងខ្លាំង។

អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»​ | ភាគទី ២

អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ៣